ចិនគាំទ្រការអភិវឌ្ឍប្រព័ន្ធគយទំនើប និងជំរុញកម្ពុជាបង្កើនការនាំចេញទុរេន និងចេកចូលទីផ្សារខ្លួន
អុន សម្ផស្ស
14 ម៉ោងមុន

រាជធានីភ្នំពេញ៖ ចិនសន្យាពង្រឹងកិច្ចសហប្រតិបត្តិការ បង្កើនការនាំចូលផលិតផលកសិកម្មកម្ពុជា ដើម្បីជំរុញកំណើនពាណិជ្ជកម្មទ្វេភាគី និងអភិវឌ្ឍរដ្ឋបាលគយឆ្លាតវៃ។ ការគូសបញ្ជាក់នេះ ធ្វើឡើងក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារទ្វេភាគី រវាងលោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា និងលោកស្រី ស៊ុន ម៉ីជុន (Sun Meijun) រដ្ឋមន្ត្រីនៃអគ្គរដ្ឋបាលគយចិន ក្នុងឱកាសលោកស្រីអញ្ជើញមកចូលរួម«កិច្ចសន្ទនារវាងអគ្គរដ្ឋបាលគយចិន និងអគ្គនាយកនៃរដ្ឋបាលគយអាស៊ានលើកទី២៤» កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦..។

ក្នុងជំនួប លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងរដ្ឋបាលគយនៃប្រទេសទាំងពីរ ជាពិសេស ការផ្ដល់ជំនួយបច្ចេកទេសរបស់ភាគីចិន លើការងារបច្ចេកទេសគយ កិច្ចសម្រួលពាណិជ្ជកម្ម ការកសាងសមត្ថភាពធនធានមនុស្ស និងការអភិវឌ្ឍស្ថាប័ន។ រដ្ឋមន្ត្រីសេដ្ឋកិច្ចកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះសារសំខាន់នៃគំនិតផ្តួចផ្តើម «រដ្ឋបាលគយឆ្លាតវៃ» និងការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដើម្បីជំរុញការតភ្ជាប់ក្នុងតំបន់ និងបង្កើនប្រសិទ្ធភាពពាណិជ្ជកម្មរវាងកម្ពុជា-ចិន និងបណ្តាប្រទេសអាស៊ាន។ ជាមួយគ្នា លោករដ្ឋមន្ត្រី ក៏ជម្រាបជូនភាគីចិន អំពីស្ថានភាពសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា បច្ចុប្បន្ន និងវិធានការអាទិភាពនានារបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រឹងប្រសិទ្ធភាពនៃការប្រមូលចំណូល និងរក្សាស្ថិរភាពជីវភាពប្រជាពលរដ្ឋ។ លោកឧបនាយករដ្ឋមន្ត្រី ថ្លែងគូសរំលេចថា៖«ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងចិនក្រោមក្របខណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន បានបន្តកើនឡើងគួរឱ្យកត់សម្គាល់»

ជាការឆ្លើយតប លោកស្រី ស៊ុន ម៉ីជុន បង្ហាញការគាំទ្រចំពោះការនាំចេញផលិតផលកសិកម្មកម្ពុជា ទៅកាន់ទីផ្សារចិន ដោយជំរុញការនាំចេញផលិតផលសំខាន់ៗដូចជា៖ ចេក និងទុរេន ឱ្យកាន់តែច្រើន។ បន្ថែមលើនេះ លោកស្រីក៏បានស្នើឱ្យកម្ពុជាពន្លឿនការតភ្ជាប់ប្រព័ន្ធបញ្ជរតែមួយ និងប្រព័ន្ធផ្លាស់ប្ដូរទិន្នន័យអេឡិចត្រូនិក ព្រមទាំងបន្តកិច្ចសហប្រតិបត្តិការលើគម្រោងរដ្ឋបាលគយឆ្លាតវៃ ដើម្បីទទួលបានផលប្រយោជន៍រួម ក្នុងការសម្រួលពាណិជ្ជកម្ម។ ទន្ទឹមគ្នា រដ្ឋមន្ត្រីគយចិន បានលើកឡើងពីលទ្ធផលនៃកិច្ចសន្ទនារវាងអគ្គរដ្ឋបាលគយចិន និងអគ្គនាយកនៃរដ្ឋបាលគយអាស៊ានលើកទី២៤ ដែលភាគីអាស៊ាន និងចិន បានសម្រេចចេញនូវសេចក្តីថ្លែងការណ៍រួម។

ក្នុនន័យនេះ លោកស្រីបញ្ជាក់ថា នៅថ្ងៃទី៤មិថុនានេះ អគ្គរដ្ឋបាលគយចិន និងរដ្ឋបាលគយកម្ពុជា នឹងរៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ការទទួលស្គាល់គ្នាទៅវិញទៅ-មក នៃកម្មវិធីប្រតិបត្តិករសេដ្ឋកិច្ច បានទទួលការអនុញ្ញាត(AEO) ដែលនឹងរួមចំណែកដល់ការសម្រួលពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ក្រៅពីនេះ ភាគីទាំងពីរ ក៏បានពិភាក្សាអំពីវិធានការបន្ថែម ដើម្បីជំរុញកំណើនពាណិជ្ជកម្មកម្ពុជា-ចិន ខណៈដែលសេដ្ឋកិច្ចពិភពលោក កំពុងប្រឈមនឹងភាពមិនប្រាកដប្រជា បណ្ដាលមកពីភាពតានតឹងភូមិសាស្ត្រនយោបាយ ជម្លោះប្រដាប់អាវុធ និងនិន្នាការការពារនិយម ដែលកំពុងជះឥទ្ធិពលអវិជ្ជមានដល់ពាណិជ្ជកម្ម និងសេដ្ឋកិច្ចសកល៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត