យោធាភូមាប្រើដ្រូនបំផ្ទុះគ្រា.ប់បែ.កប៉ុន្មានដងលើក្រុមការ៉ែនជាប់ព្រំដែនថៃ ធ្វើឱ្យមនុស្សជាង៥០០នាក់បាត់បង់ទីជម្រក
ហៀប ស៊ីថេត
2 ថ្ងៃមុន

រដ្ឋធានីណៃពិដោ៖ ភាពតានតឹងកើនឡើងកាន់តែខ្លាំងនៅតាមបណ្តោយព្រំដែនភូមា-ថៃ ខណៈកងទ័ពយោធាភូមា ឬមីយ៉ាន់ម៉ា បានបើកការវាយប្រហារដោយទម្លាក់គ្រាប់បែកចេញពីដ្រូនដូចទឹកភ្លៀង នៅក្បែរព្រំដែនថៃ បណ្តាលឱ្យឆេះផ្ទះសម្បែងអស់ជាង៨០ខ្នង នៅក្នុងរដ្ឋការ៉ែន(Karenni State) ដែលទើបបំបែកខ្លួនចេញពីរដ្ឋាភិបាលភូមា។ ការវាយប្រហារនេះ ធ្វើឱ្យប្រជាពលរដ្ឋជាង៥០០នាក់ បាត់បង់ទីជម្រក។ 

នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ ទីភ្នាក់ងារសារព័ត៌មានកាន់តារាវ៉ាឌី (Kantaravadi) នៅក្នុងរដ្ឋកាការ៉ែន បានរាយការណ៍ថា យោធាភូមាបានរំលោភសិទ្ធិមនុស្សលើប្រជាជនការ៉ែន នៅក្នុងទីរួមក្រុងព្រូសូ (Hpruso) ចន្លោះពីខែមីនា ដល់ខែឧសភា ឆ្នាំ២០២៦។ របាយការណ៍ បានបញ្ជាក់ថា ការប្រើប្រាស់ដ្រូនទម្លាក់គ្រាប់បែក បានបង្កជាអគ្គិភ័យបំផ្លាញផ្ទះសម្បែងយ៉ាងតិច៨០ខ្នង និងប៉ះពាល់ដល់ប្រជាពលរដ្ឋជាង ៥០០នាក់នៅក្នុងតំបន់នោះ។ 

ការវាយប្រហាររបស់កងទ័ពភូមា បានកើតឡើងបន្ទាប់ពីមានការចល័តទ័ពទៅកាន់ទីក្រុងឡយកាវ (Loikaw) ព្រូសូ (Hpruso) និងដេម៉ូសូ (Demoso) រួចក៏បើកឆាកប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លារវាងកងទ័ពការ៉ែន និងកងទ័ពភូមា។ បច្ចុប្បន្ន ការប៉ះទង្គិចគ្នានៅតែបន្តកើតមានរវាងយោធាភូមា និងកងកម្លាំងការ៉ែននៅក្នុងតំបន់ព្រូសូ។ កងទ័ពភូមានៅតែបន្តប្រើប្រាស់ដ្រូនវាយប្រហារលើផ្ទះសម្បែងរបស់ប្រជាពលរដ្ឋស៊ីវិល និងមូលដ្ឋានទ័ព ដែលគេជឿថា ជាការប៉ុនប៉ងកាត់ផ្តាច់ការគាំទ្រដល់ក្រុមផ្តាច់ខ្លួនជនជាតិភាគតិចការ៉ែន ដែលគេសង្ស័យថា មានថៃជាបងធំនៅពីក្រោយ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត