ថៃទាញទ្វារព្រំដែនជាមួយភូមាបិទជាឯកតោភាគី ធ្វើឱ្យប្រជាជនខឹងឡាំប៉ា ព្រោះដាច់បាយ
ហៀប ស៊ីថេត
12 ម៉ោងមុន

រាជធានីបាងកក៖ កងកម្លាំងសន្តិសុខថៃ បានរឹតបន្តឹងលើការគ្រប់គ្រងនៅច្រកព្រំដែនហួយភឿង (ห้วยผึ้ง) ដោយអនុញ្ញាតឱ្យតែអ្នកថ្មើរជើងឆ្លងកាត់ប៉ុណ្ណោះ ខណៈការនាំចេញទំនិញ និងការធ្វើចរាចរណ៍យានយន្តឆ្លងដែនជាមួយភូមា ឬមីយ៉ាន់ម៉ា ត្រូវបានផ្អាកជាបណ្តោះអាសន្ន ក្រោមហេតុផលប់ស្កាត់ការជួញដូរគ្រឿងញៀន និងការចរាចរណ៍សារធាតុគីមី។ នេះបើតាមការចុះផ្សាយដោយការសែតថៃ នៅថ្ងៃទី២២ឧសភានេះ។ យ៉ាងណា ជុំវិញរឿងរ៉ាវខាងលើ ត្រូវបានគេមើលឃើញថាជាវិធានការឯកតោភាគីភ្លាមៗ និងតក់ក្រហល់របស់កងកម្លាំងសន្តិសុខថៃ និងអាជ្ញាធរខេត្តម៉ែហុងសុនតែម្ដង។ ការណ៍នេះធ្វើឱ្យប្រជាជនថៃរស់នៅព្រំដែនខឹងសម្បារជាខ្លាំង...។ 

នៅថ្ងៃសុក្រទី២២ ខែឧសភានេះ ក្រុមអាជីវករលក់ដូរតាមព្រំដែនជាង២០នាក់ នៅភូមិហួយភឿង ឃុំហួយផា(ห้วยผา) នៃទីប្រជំុជនខេត្តម៉ែហុងសន បានប្រមូលផ្តុំគ្នានៅការិយាល័យរដ្ឋបាលឃុំ ដើម្បីតវ៉ាប្រឆាំងនឹងការរឹតបន្តឹងនេះ។ ក្រុមអាជីវករបានដាក់ញត្តិផ្លូវការមួយ ដើម្បីស្នើសុំការសម្របសម្រួលជាមួយអភិបាលខេត្តម៉ែហុងសុន និងភ្នាក់ងារសន្តិសុខ ដោយលើកឡើងថា ការផ្អាកដឹកជញ្ជូនទំនិញទៅកាន់ប្រទេសភូមា បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អាជីវកម្មក្នុងស្រុក និងធ្វើឱ្យការដឹកជញ្ជូនប្រចាំថ្ងៃ ត្រូវគាំងស្ទះទាំងស្រុង។ ក្រុមប្រតិបត្តិករបានអំពាវនាវដល់អាជ្ញាធរឱ្យបើកច្រករបៀងនេះឡើងវិញ សម្រាប់ការដឹកជញ្ជូនទំនិញធម្មតា ដោយលើកហេតុផលថា ការរឹតបន្តឹងនេះ កំពុងបង្កឱ្យមានបញ្ហាផ្នែកសេដ្ឋកិច្ចយ៉ាងខ្លាំងដល់សហគមន៍ព្រំដែន ដែលពឹងផ្អែកលើការជួញដូរឆ្លងដែន។

ជាការឆ្លើយតប មន្ត្រីសន្តិសុខថៃ បានថ្លែងបំភ្លៃពលរដ្ឋខ្លួនឯងថា ច្រកព្រំដែនហួយភឿងនៅតែបើកសម្រាប់អ្នកថ្មើរជើង ច្រកនេះមិនត្រូវបានបិទទាំងស្រុងទេ។ ទោះជាយ៉ាងណាក៏ដោយ ការដឹកជញ្ជូនទំនិញចេញ-ចូល និងការចរាចរណ៍យានយន្តទាំងអស់ទៅកាន់ប្រទេសភូមា ត្រូវបានផ្អាកជាបណ្តោះអាសន្ន ដោយសារតែក្ដីបារម្ភផ្នែកសន្តិសុខ និងការកែសម្រួលវិធានការត្រួតពិនិត្យ ក្នុងគោលបំណងស្ទាក់ចាប់ទំនិញគេចពន្ធ និងសារធាតុគីមីផ្សំ ដែលគេសង្ស័យថា ជាប់ពាក់ព័ន្ធនឹងការផលិតគ្រឿងញៀនខុសច្បាប់។ មន្ត្រីបានបញ្ជាក់ថា ការរឹតបន្តឹងការត្រួតពិនិត្យនេះ បានធ្វើឡើងបន្ទាប់ពីមានការបង្ក្រាប និងរឹបអូសបាននូវការដឹកជញ្ជូនសារធាតុគីមីគួរឱ្យសង្ស័យកាលពីពេលថ្មីៗនេះ ដែលមានគោលដៅយកទៅផលិតគ្រឿងញៀនខុសច្បាប់នៅត្រើយម្ខាងនៃព្រំដែន។ អាជ្ញាធរក៏បានចោទប្រកាន់ផងដែរថា ប្រតិបត្តិករមួយចំនួនបានដាក់លិខិតប្រកាសពន្ធគយមិនត្រឹមត្រូវ ទើបបណ្ដាលឱ្យមានការផ្អាកចលនាទំនិញជាបណ្តោះអាសន្ន។

ទន្ទឹមនឹងនេះ អភិបាលខេត្តម៉ែហុងសុន រួមជាមួយមន្ត្រីមកពីកងកម្លាំងពិសេសថៃ ការិយាល័យពាណិជ្ជកម្ម និងគយខេត្ត ព្រមទាំងភ្នាក់ងារពាក់ព័ន្ធផ្សេងទៀត ត្រូវបានកំណត់កាលវិភាគដើម្បីចុះទៅពិនិត្យច្រករបៀងនៅថ្ងៃទី២៥ ខែឧសភាខាងមុខនេះ ដើម្បីវាយតម្លៃស្ថានភាព និងជួបពិភាក្សាជាមួយភាគីពាក់ព័ន្ធក្នុងស្រុក។ អាជ្ញាធរខេត្ត ក៏បានកំណត់កាលវិភាគប្រជុំគណៈកម្មាធិការរួមគ្នាមួយ នៅថ្ងៃទី២៧ ខែឧសភាផងដែរ ដើម្បីពិភាក្សាអំពីការគ្រប់គ្រងច្រកព្រំដែននេះ ក្នុងរយៈពេលវែង និងលទ្ធភាពនៃការកែសម្រួលនីតិវិធីត្រួតពិនិត្យ ដែលមានបំណងអនុញ្ញាតឱ្យការជួញដូរស្របច្បាប់អាចដំណើរការឡើងវិញ ក្រោមការគ្រប់គ្រងដ៏តឹងរ៉ឹងជាងមុន។ ជារួមមក ការផ្អាកដឹកជញ្ជូនទំនិញភ្លាមៗនៅច្រកព្រំដែនហួយភឿង ក្នុងខេត្តម៉ែហុងសុន ជាមួយភូមានេះ បានស្តែងឱ្យឃើញយ៉ាងច្បាស់ពីចរិតនយោបាយឯកតោភាគី និងតាមទំនើងចិត្តរបស់ភាគីថៃ ដែលតែងតែប្រើប្រាស់អំណាចក្នុងការគ្រប់គ្រងព្រំដែន ដោយមិនខ្វល់ដល់ប្រទេសជិតខាងឡើយ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត