
ខេត្តតាក៖ ស្ថានភាពនៅតាមបណ្តោយព្រំដែនថៃ-ភូមា ឬមីយ៉ាន់ម៉ា កំពុងឡើងកម្តៅយ៉ាងខ្លាំង ដោយកាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ ការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លារវាងកងទ័ពរដ្ឋាភិបាលមីយ៉ាន់ម៉ា និងកងកម្លាំងប្រដាប់អាវុធជនជាតិភាគតិចការ៉ែន បានបង្ខំឱ្យមនុស្សជាង៣០០០នាក់ រត់សំដៅទៅរកព្រំដែនថៃ ក្នុងនោះមានប្រហែល២០០នាក់បានឆ្លងចូលក្នុងខេត្តតាកនៃប្រទេសថៃ ខណៈដ្រូនអត្តឃាតហោះឆ្លងដែនធ្លាក់ផ្ទុះសម្លាប់មនុស្ស៣នាក់ និង២នាក់ផ្សេងទៀតរងរបួសធ្ងន់ក្នុងខេត្តតាក។ ការណ៍នេះ ធ្វើឱ្យព្រំដែនថៃ-ភូមា ចលាចលកាន់តែខ្លាំង ហើយកងការពារព្រំដែនថៃកំពុងជ្រួលច្របល់...។

កាលពីថ្ងៃទី២ ខែមិថុនា កងកម្លាំងប្រដាប់អាវុធជនជាតិភាគតិចការ៉ែន បានបើកការវាយលុកលើទីតាំងទាហានភូមា ដែលឈរជើងនៅជំរំធីឆាឡេ(Thicha Lae) ដែលស្ថិតនៅទល់មុខខេត្តតាក ពេញមួយថ្ងៃ។ ការបាញ់ស្រោចដាក់គ្នានេះ រួមមាន៖អាវុធធុនស្រាល និងអាវុធធុនធ្ងន់ ដែលគេអាចឮសូរសន្ធឹកលាន់ខ្ទរខ្ទារពាសពេញតំបន់ព្រំដែន។ ស្របពេលដែលការប៉ះទង្គិចគ្នាកាន់តែខ្លាំងឡើង ជនជាតិភូមាមកពីតំបន់ស៊ូឈូកាលី (Shuchukali) និងតំបន់បានវ៉ាលេ (Ban Wale) បានរត់ភៀសខ្លួនព្រោងព្រាត ក្នុងនោះមានមនុស្សជាង៣០០០នាក់ បានស្វែងរកកន្លែងជ្រកកោននៅតំបន់ព្រំដែន ហើយប្រហែល២០០នាក់ បានរត់ចូលទៅក្នុងខេត្តតាកនៃទឹកដីថៃ។

ស្របពេលកំពុងមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លានោះ គ្រោះថ្នាក់ដ៏រន្ធត់មួយបានកើតឡើងនៅក្នុងទឹកដីថៃ សំឡេងផ្ទុះយ៉ាងខ្លាំងមួយបានលាន់ឡើង បន្ទាប់ពីដ្រូនអត្តឃាតហោះឆ្លងដែនមួយគ្រឿង បានធ្លាក់ក្នុងចម្ការម្ទេសមួយកន្លែងក្នុងខេត្តតាក។ កម្មករ៣នាក់ក្នុងគ្រួសារមួយបានស្លាប់ ហើយ២នាក់ទៀតបានរងរបួសធ្ងន់។ អាជ្ញាធរបានបិទខ្ទប់តំបន់នោះ ដើម្បីរង់ចាំការស៊ើបអង្កេត។ ភ្លាមៗមន្រ្តីថៃបានចុះទៅដល់កន្លែងកើតហេតុ ហើយបានរកឃើញដ្រូនអត្តឃាតធុនមធ្យមមួយគ្រឿង បានធ្លាក់នៅក្បែរគល់ឈើ។ ជុំវិញរឿងរ៉ាវនេះ កងកម្លាំងពិសេសថៃរាជមនូ រដ្ឋបាលស្រុក និងកងនគរបាលល្បាតព្រំដែន ត្រូវបានដាក់ពង្រាយដើម្បីផ្តល់ជំនួយមនុស្សធម៌ និងធានាសន្តិសុខសម្រាប់សហគមន៍ថៃ នៅតាមបណ្តោយព្រំដែន៕







