
រាជធានីបាងកក៖ ច្រកទ្វារព្រំដែនអន្តរជាតិថៃ-ភូមា ស្ថិតក្នុងស្រុកម៉ែសត ខេត្តតាក ដែលជាដង្ហើមសេដ្ឋកិច្ច និងជាផ្លូវពាណិជ្ជដ៏មមាញឹកបំផុតមួយនៅអាស៊ីអាគ្នេយ៍ ត្រូវបានយោធាថៃបង្ខំចិត្តបើកឱ្យដំណើរការឡើងវិញ កាលពីថ្ងៃព្រហស្បតិ៍ទី២៨ឧសភាម្សិលមិញ ក្រោយបិទទ្វារជាឯកតោភាគីអស់រយៈពេលជាង១០ខែ។ យ៉ាងណា ការទាញទ្វារព្រំដែនបើកឡើងវិញដោយខ្លួនឯងនេះ ត្រូវបានគេមើលឃើញថា ជារឿងបាក់មុខមួយសម្រាប់ភាពគឃ្លើនរបស់យោធាថៃ ដែលតែងរមែងមើលងាយប្រទេសជិតខាងខ្លួន...។

ការសម្រេចចិត្តបើកច្រកព្រំដែនឡើងវិញនេះ មិនមែនកើតចេញពីចិត្តសប្បុរសរបស់ភាគីថៃនោះទេ ប៉ុន្តែវាជាការឆ្លុះបញ្ចាំងពីវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ ពិសេស គឺខេត្តតាករបស់ថៃដែលបាននិងកំពុងជួបប្រទះនូវបញ្ហាប្រឈមជាខ្លាំង ចាប់តាំងពីយោធាថៃទាញទ្វារបិទជាឯកតោភាគីមកនោះ។ ការបិទច្រកព្រំដែនកំលុងពាក់កណ្តាលឆ្នាំ២០២៥ កន្លងទៅ បានធ្វើឱ្យអាជីវកម្ម ពាណិជ្ជកម្មព្រំដែនជាមួយភូមាមានការធ្លាក់ចុះយ៉ាងគំហុក ធ្វើឱ្យការវិនិយោគរបស់ថៃនៅក្នុងតំបន់ ដួលរលំ និងទទួលរងការខាតបង់យ៉ាងធ្ងន់ធ្ងរ។ ដើម្បីស្រោចស្រង់សេដ្ឋកិច្ចព្រំដែន និងស្តារប្រភពចំណូលដ៏ធំរបស់ខ្លួនឡើងវិញ ភាគីថៃ មានតែត្រូវសម្របសម្រួលសុំបើកច្រកនេះឡើងវិញប៉ុណ្ណោះ ព្រោះព្រំដែនជាមួយប្រទេសកម្ពុជាទាំងអស់ ត្រូវជាប់គាំង។

ការបើកទ្វារព្រំដែនជាមួយភូមាឡើងវិញនេះ បានលាតត្រដាងយ៉ាងច្បាស់នូវចរិតពិតនៃនយោបាយការបរទេសរបស់ថៃ ដែលជានិច្ចកាលតែងប្រើប្រាស់ល្បិចកលបិទច្រកព្រំដែន ដោយឯកតោភាគី ដើម្បីធ្វើជាចំណាប់ខ្មាំងនយោបាយ ឬជាឧបករណ៍ច្របាច់កសេដ្ឋកិច្ចប្រទេសជិតខាង ប៉ុន្តែដល់គេមិនស្លាប់បែរជាស្លាប់សេដ្ឋកិច្ចខ្លួនឯងវិញ។ ជាក់ស្តែង កាលពីពាក់កណ្តាលឆ្នាំ២០២៥ ថៃក៏បានទាញទ្វារព្រំដែនជាមួយកម្ពុជា បិទជាឯកតោភាគីភ្លាមៗ ដោយមិនសួរកម្ពុជាមួយម៉ាត់ដូចគ្នា។ ប៉ុន្តែមកដល់ពេលនេះ កម្ពុជាហាក់មិនខ្វាយខ្វល់ចំពោះការបើកព្រំដែនជាមួយថៃវិញ ធ្វើឱ្យភាគីថៃឆ្លេឆ្លា បង្កើតព័ត៌មានក្លែងក្លាយតែម្នាក់ឯងថា កម្ពុជាចង់បើកព្រំដែនជាមួយខ្លួន ទាំងដែលមេដឹកនាំកម្ពុជា ជំរុញឱ្យថៃបិទព្រំដែនរយៈពេល១០០ឆ្នាំ ឬយូរជាងនេះទៀត ក៏កម្ពុជាមិនខ្វល់ដែរ៕



