កូរ៉េខាងជើង បាញ់មីស៊ីលបាលីស្ទីកចម្ងាយខ្លី ផ្អើលឧបទ្វីបកូរ៉េ
N
Nary Vann
10 ម៉ោងមុន

រដ្ឋធានីព្យុងយ៉ាង៖ អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង បានប្រកាសថា កូរ៉េខាងជើង បើកការបាញ់បង្ហោះមីស៊ីលជាច្រើនគ្រាប់ ដែលរួមមាន៖ មីស៊ីលបាលីស្ទីកចម្ងាយខ្លី យ៉ាងហោចណាស់មួយគ្រាប់ ឆ្ពោះទៅកាន់ដែនទឹកនៃឆ្នេរសមុទ្ទភាគខាងលិចរបស់ខ្លួន កាលពីវេលាម៉ោងប្រហែល១រសៀល (ម៉ោងនៅឧបទ្វីបកូរ៉េ) នាថ្ងៃទី២៦ ខែឧសភានេះ។ មីស៊ីលនោះ ត្រូវបានបាញ់ចេញពីតំបន់ក្បែរក្រុងឆឹងឈូ (청주) នៃខេត្តព្យុងអានខាងជើង (평안북도) ហើយវាបានហោះហើរក្នុងចម្ងាយប្រហែល៨០គីឡូម៉ែត្រ មុនពេលធ្លាក់ចូលក្នុងសមុទ្ទ។

នេះ..ជាការបាញ់សាកល្បងមីស៊ីលលើកដំបូងបង្អស់របស់រដ្ឋធានីព្យុងយ៉ាង គិតចាប់តាំងពីថ្ងៃទី១៩ ខែមេសាកន្លងទៅ ដែលកាលនោះពួកគេបានបាញ់សាកល្បងមីស៊ីលចម្ងាយខ្លីជាច្រើនគ្រាប់ ដោយអះអាងថា មានបំពាក់នូវគ្រាប់បែកចង្កោម។ ជាងនេះទៅទៀត កាលពីដើមខែមេសា កូរ៉េខាងជើង ក៏បានប្រកាសពីភាពជោគជ័យក្នុងការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមជំនាន់ថ្មី លើមីស៊ីលបាលីស្ទីក រួមទាំងអាវុធរលកធាតុអាកាសអេឡិចត្រូម៉ាញ៉េទិចផងដែរ ដែលក្រុមអ្នកវិភាគមើលឃើញថា ជាការបង្កើនសមត្ថភាព ដើម្បីត្រៀមខ្លួនសម្រាប់សង្គ្រាមសម័យទំនើប។ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ធ្លាប់បានបញ្ជាក់យ៉ាងច្បាស់កាលពីខែមីនាថា ឋានៈរបស់ប្រទេសលោកជា «រដ្ឋអាវុធនុយក្លេអ៊ែរ» គឺមិនអាចកែប្រែបានឡើយ ហើយការបន្តពង្រីកសមត្ថភាពនេះ គឺដើម្បីការពារសន្តិសុខជាតិ។

ភ្លាមៗបន្ទាប់ពីហេតុការណ៍នេះ អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងត្បូង បានចេញមុខធ្វើសន្និសីទសារព័ត៌មានមួយ ដោយបានទទូចសុំឱ្យកូរ៉េខាងជើង ងាកមកឆ្លើយតបនឹងការផ្ដល់ឱកាសសន្តិភាពរបស់រដ្ឋធានីសេអ៊ូល ដើម្បីកាត់បន្ថយភាពតានតឹងនៅលើឧបទ្វីបកូរ៉េ។ ខាងភាគីកូរ៉េខាងត្បូង បានសង្កត់ធ្ងន់ថា ពួកគេនឹងនៅតែបន្តប្រកាន់ខ្ជាប់នូវគោលដៅលុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុងពីឧបទ្វីបកូរ៉េ ដោយអនុវត្តតាមដំណាក់កាល និងផ្អែកលើការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយសហគមន៍អន្តរជាតិ (ជាពិសេសសហរដ្ឋអាម៉េរិក និងជប៉ុន) ទោះបីជាកូរ៉េខាងជើងបានព្យាយាមបង្កើនអាវុធរបស់ខ្លួន និងមិនខ្វល់ពីទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ តាំងពីឆ្នាំ២០០៦មកក៏ដោយ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត