ចិនសរសើរពលរដ្ឋកម្ពុជាមានសាមគ្គីភាពរឹងមាំ និងអះអាងបន្តផ្ដល់ជំនួយសម្រាប់អភិវឌ្ឍ
S
Soriya Sou
មួយម៉ោងមុន

រាជធានីភ្នំពេញ៖ ក្នុង​​​ជំនួបជាមួយសម្ដេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នៅព្រឹកថ្ងៃទី៣១មីនា ឆ្នាំ២០២៦ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានលើកសរសើរប្រជាពលរដ្ឋកម្ពុជាថា «មានសាមគ្គីភាពយ៉ាងរឹងមាំ» ​ហើយលោកជឿជាក់ថាកម្ពុជានឹងបន្តអភិវឌ្ឍ ខណៈចិននឹងបន្តផ្ដល់ជំនួយ។

លោក វ៉ាង វិនពីន មានជំនឿមុតមាំថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល កម្ពុជានឹងសម្រេចបានគោលដៅអភិវឌ្ឍន៍របស់ខ្លួន ព្រោះកម្ពុជាមានសក្តានុពល និងប្រជាពលរដ្ឋមានសាមគ្គីភាពយ៉ាងរឹងមាំ។ លោកឯកអគ្គរដ្ឋទូត អះអាងថា ចំណងមិត្តភាពកម្ពុជា-ចិន មិនប្រែប្រួលឡើយ និងមិនត្រឹមតែជាពាក្យនិយាយប៉ុណ្ណោះទេ ប៉ុន្តែបានបង្ហាញជាលទ្ធផលជាក់ស្តែង ដោយមិត្តចិននឹងបន្តគាំទ្រដល់បុព្វហេតុអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជា ជាពិសេស លើវិស័យសេដ្ឋកិច្ច និងវិស័យការពារជាតិ រួមទាំងការគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ ផងដែរ។

សម្ដេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាមានចក្ខុវិស័យច្បាស់លាស់ ក្នុងការរក្សាសុខសន្តិភាព និងជំរុញការអភិវឌ្ឍដើម្បីសម្រេចគោលដៅឱ្យកម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ប្រធានរដ្ឋសភា បន្តថា ចំណងមិត្តភាពរវាងប្រទេសទាំងពីរកម្ពុជា-ចិន មានតាំងពីយូរលង់ណាស់មកហើយ និងត្រូវបានពង្រឹង និងពង្រីកដោយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរនៅគ្រប់ជំនាន់។ សម្ដេច បន្ថែមថា ចំណងមិត្តភាពដែកថែបកម្ពុជា-ចិន ជាចំណងមិត្តភាពដែលធន់ និងអាចជឿទុកចិត្តបាននៅគ្រប់កាលៈទេសៈ ហើយការអភិវឌ្ឍ និងរីកចម្រើនរបស់កម្ពុជារហូតដល់បច្ចុប្បន្ន មិនអាចកាត់ផ្តាច់ពីជំនួយគាំទ្រដ៏មានតម្លៃរបស់ប្រទេសចិនឡើយ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត