
រាជធានីភ្នំពេញ៖ រយៈពេល៥ខែ ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៦ មន្រ្តីក្រសួងបរិស្ថាន ចុះបង្រ្កាបបទល្មើសធនធានធម្មជាតិបានចំនួន៨៩៦ករណី និងឃាត់ខ្លួនជនល្មើសបញ្ជូនទៅតុលាការចំនួន៤៣នាក់នៅទូទាំងប្រទេស…។

ក្រសួងបរិស្ថាន ផ្សព្វផ្សាយលើទំព័រហ្វេសប៊ុក នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦នេះថា រយៈពេល៥ខែនេះ មន្រ្តីឧទ្យានុរក្សចុះល្បាតជាង៥៣០០លើក ដោយបង្ក្រាបបទល្មើសបានជិត៩០០ករណី ក្នុងនោះ បទល្មើសព្រៃឈើចំនួន២៩៣ករណី, បទល្មើសសត្វព្រៃ ចំនួន២២៦ករណី, បទល្មើសកាប់រុករានទន្ទ្រានដីរដ្ឋ ចំនួន២៤២ករណី, បទល្មើសនេសាទ ចំនួន១២៦ករណី និងបទល្មើសធនធានរ៉ែ ចំនួន៩ករណី។ មន្រ្តីជំនាញ បានកសាងសំណុំរឿងចំនួន៦៨ និងជនសង្ស័យ៤៣នាក់ទៅតុលាការ។ ចំពោះវត្ថុតាងដកហូតបាន ដូចជា៖ រណារយន្តចំនួន២២៨គ្រឿង គោយន្តចំនួន១៨គ្រឿង ម៉ូតូចំនួន៣៣គ្រឿង និងគ្រឿងយន្តមួយចំនួនទៀត។

នៅមានវត្ថុតាងផ្សេងៗទៀត រួមមាន កាំភ្លើងកែច្នៃចំនួន៨៦ដើម មានគ្រប់១៥គ្រាប់ អាវុធ៤ដើម គ្រាប់៥១គ្រប់ អន្ទាក់ឆក់ជាង១២០០ម៉ែត្រ និងអន្ទាក់ខ្សែមានជាង១១០០០ខ្សែ។ ក្រសួងបន្ថែមថា មន្រ្តីឧទ្យានុរក្ស នឹងបន្តពង្រឹងកិច្ចសហការ ធ្វើការយ៉ាងជិតស្និទ្ធជាមួយគណៈបញ្ជាការកងឯកភាពខេត្ត អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ អង្គភាពប្រឆាំងអំពើពុករលួយ និងសហគមន៍តំបន់ការពារធម្មជាតិ ដើម្បីធានាការការពារ និងអភិរក្សធនធានធម្មជាតិ។ មួយវិញទៀត មន្រ្តីជំនាញ នឹងបន្តពង្រឹងការល្បាត ការពារព្រៃឈើ និងសត្វព្រៃ នៅតាមតំបន់ការពារធម្មជាតិ៕



