៤ខែ មន្រ្តីបរិស្ថានបង្រ្កាបបទល្មើសក្នុងតំបន់ដែនជម្រកសត្វព្រៃ[ព្រៃឡង់] ជិត២០០ករណី
S
Soriya Sou
3 ម៉ោងមុន

រាជធានីភ្នំពេញ៖ រយៈពេល៤ខែ នៃឆ្នាំ២០២៦ មន្រ្តីបរិស្ថានបានចុះបង្រ្កាបបទល្មើសធនធនធានធម្មជាតិ នៅក្នុងតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់ បានចំនួនជិត២០០ករណី។ នេះបើតាមការបញ្ជាក់របស់មន្រ្តីក្រសួងបរិស្ថាន នៅថ្ងៃទី៣០មេសា…។

មន្រ្តីក្រសួងបរិស្ថាន បានឱ្យដឹងថា គិតចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ២០២៦ មន្ត្រីជំនាញរបស់ក្រសួង មន្ត្រីឧទ្យានុរក្ស និងមន្ទីរបរិស្ថានខេត្ត រួមជាមួយសមត្ថកិច្ច អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ និងសមាជិកនៃសហគមន៍តំបន់ការពារធម្មជាតិ នៅក្នុងភូមិសាស្ត្រខេត្តទាំង៤ រួមមាន៖ កំពង់ធំ, ព្រះវិហារ, ស្ទឹងត្រែង, ក្រចេះ បានចុះល្បាត និងអនុវត្តច្បាប់បានចំនួន៨៥៣លើក ក្នុងនោះបង្រ្កាបបានបទល្មើសធនធានធម្មជាតិ សរុបចំនួន១៧៨ករណី។ បទល្មើសដែលបង្រ្កាបបានជិត២០០ករណីនេះ មានបទល្មើសកាប់គាស់ រុករានដីព្រៃធ្វើជាកម្មសិទ្ធិ១៣២ករណី, បទល្មើសកាប់ឈើ២៥ករណី, បទល្មើសចាប់សត្វព្រៃ១៨ករណី, បទល្មើសរ៉ែខុសច្បាប់២ករណី, និងបទល្មើសនេសាទ១ករណី។

ក្នុងរយៈពេលដូចគ្នា សមត្ថកិច្ចបានចាត់ការកសាង និងបញ្ជូនសំណុំរឿងចំនួន៨៣ករណី មានជនសង្ស័យចំនួន១៣នាក់ទៅតុលាការ។ លើសពីនេះ មន្រ្តីឧទ្យានុរក្ស បានដកហូតវត្ថុតាងចាប់យកមួយចំនួន យកមករក្សាទុកនៅតាមស្នាក់ការល្បាត ដើម្បីបន្តនីតិវិធីច្បាប់។ លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន គូសបញ្ជាក់ថា នេះគឺជាកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីឧទ្យានុរក្ស និងការចូលរួមសហការពីអ្នកពាក់ព័ន្ធ ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិនៅតាមតំបន់ការពារធម្មជាតិ ឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត។

លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន  
លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន  

អ្នកនាំពាក្យដដែលរូបនេះ បន្ថែមថា មន្រ្តីឧទ្យានុរក្សបន្តមានការតាំងចិត្តខ្ពស់ក្នុងការទប់ស្កាត់ និងបង្ក្រាបយ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងបទល្មើសធនធានធម្មជាតិ ស្របតាមក្រមបរិស្ថាន និងធនធានធម្មជាតិ ជាមួយការគាំទ្រលើកទឹកចិត្ត និងពង្រឹងសមត្ថភាពក្នុងការប្រើប្រាស់ជំនាញបច្ចេកវិទ្យា បំពាក់សម្ភាររបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងបរិស្ថាន និងដៃគូអភិវឌ្ឍនានា៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត