
រាជធានីភ្នំពេញ៖ ក្នុងកិច្ចខិតខំប្រឹងប្រែងការពារ និងអភិរក្សធនធានធម្មជាតិ រយៈពេល៦ខែ គិតចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៥ អាជ្ញាធរបង្រ្កាបបទល្មើសធនធានធម្មជាតិបានជិត១ពាន់ករណី...។

ក្រសួងបរិស្ថាន កាលពីល្ងាចថ្ងៃទី២៣កក្កដា បានបង្ហាញរបាយការណ៍បញ្ជាក់ថា ក្នុងឆមាសទី១ ឆ្នាំ២០២៥ អាជ្ញាធរពាក់ព័ន្ធបានបង្រ្កាបបទល្មើសធនធានធម្មជាតិតាមតំបន់ការពារធម្មជាតិចំនួន៩៨៦ករណី។ បទល្មើសដែលបង្រ្កាបបាននាពេលនេះ បានថយចុះចំនួន៣៦៨ករណី បើប្រៀបធៀបនឹងឆ្នាំ២០២៤ ដែលមានរហូតដល់១៣៥៤ករណី។ ក្នុងនោះ អាជ្ញាធរបានរឹបអូសវត្ថុតាងមួយចំនួនរួមមាន៖ រណាយន្ត៤៥០គ្រឿង, គោយន្តចំនួន៥៩គ្រឿង, រថយន្ត១៥គ្រឿង, ម៉ូតូ៤៥គ្រឿង, អេស្ការ៣គ្រឿង មធ្យោបាយធ្វើដំណើរ និងដឹកជញ្ជូនបទល្មើសមួយចំនួនទៀត។ មន្រ្តីឧទ្យានុរក្ស ក៏បានដកហូត អន្ទាក់ឆក់៤៣២ និងអន្ទាក់ខ្សែ១១៣៣៦ខ្សែ អាវុធ៨ដើម គ្រាប់ជាង១០០គ្រាប់ កាំភ្លើងកែច្នៃ១២៩ដើម រួមជាមួយវត្ថុចាប់យកមួយចំនួនទៀត។

ក្នុងរយៈពេលដូចគ្នា សមត្ថកិច្ចក្រសួងបរិស្ថានបានចាត់ការបញ្ជូនសំណុំរឿងបទល្មើសទៅតុលាការបាន៩១ករណី និងជនសង្ស័យចំនួន៧២នាក់។ អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានគូសបញ្ជាក់ថា ចំនួនបទល្មើស និងការបង្ក្រាបបទល្មើសនៅក្នុងឆមាសទី១ ឆ្នាំ២០២៥នេះ មានការថយចុះច្រើន បើប្រៀបធៀបនឹងឆ្នាំ២០២៤។ ថយចុះក៏ដោយសារកិច្ចខិតខំប្រឹងប្រែងពីថ្នាក់ដឹកនាំ និងមន្រ្តីឧទ្យានុរក្សរបស់ក្រសួងបរិស្ថាន ស្ថាប័នពាក់ព័ន្ធ រួមទាំងប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋាន ដែលបានចូលរួមអនុវត្តក្រមបរិស្ថាន និងធនធានធម្មជាតិ និងបទដ្ឋានគតិយុត្តមានជាធរមាន ដើម្បីធានាការការពារ និងអភិរក្សធនធានធម្មជាតិ សម្រាប់ការរស់នៅដោយចីរភាព។

សូមជម្រាបថា ដើម្បីថែរក្សាការការពារនិងអភិរក្សធនធានធម្មជាតិ លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់ ក្នុងការទប់ស្កាត់បទល្មើសធនធានធម្មជាតិ ដោយអនុវត្តច្បាប់១០០ភាគរយចំពោះអ្នកប្រព្រឹត្តបទល្មើសធនធានធម្មជាតិ។ លោកបានណែនាំឱ្យពង្រឹងកិច្ចសហការជាមួយគណៈបញ្ជាការ កងឯកភាពនៃរដ្ឋបាលខេត្ត នោះគឺអាជ្ញាធរមូលដ្ឋាន ដែលមានតួនាទី ភារកិច្ចគ្រប់គ្រងធនធានធម្មជាតិ ឱ្យបានស្អិតរមួត ដើម្បីធ្វើការទប់ស្កាត់ការពារនិងអភិរក្សធនធានធម្មជាតិ នៅតាមតំបន់ការពារធម្មជាតិក្នុងប្រទេសកម្ពុជា៕




