មន្រ្តីបរិស្ថានបង្រ្កាបបទល្មើស២៧ករណី រឹបអូសកាំភ្លើ.ងច្នៃ៧ដើម និងអន្ទាក់ជិត២០០ខ្សែនៅតំបន់ជួរភ្នំក្រវាញ
S
Soriya Sou
7 ម៉ោងមុន

រាជធានីភ្នំពេញ៖ ពេញមួយខែមីនា ឆ្នាំ២០២៦ បទល្មើសចំនួន២៧ករណី រួមទាំងវត្ថុតាងជាច្រើន ត្រូវបានមន្រ្តីនៃក្រសួងបរិស្ថានបង្រ្កាប និងរឹបអូសបាននៅឧទ្យានជាតិជូរភ្នំក្រវាញ…។

ក្រសួងបរិស្ថាន ផ្សព្វផ្សាយលើទំព័រហ្វេសប៊ុក កាលពីរសៀលថ្ងៃទី២៩មេសាថា ក្នុងខែមីនាកន្លងទៅ ក្រុមការងារគម្រោងកម្មវិធីការពារព្រៃឈើតំបន់ជួរភ្នំក្រវាញ រួមមាន មន្រ្តីជំនាញនៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ, ក្រសួងបរិស្ថាន, មន្ទីរបរិស្ថានខេត្តមួយចំនួន កងរាជអាវុធហត្ថលើផ្ទៃប្រទេស អាជ្ញាធរមូលដ្ឋាន និងបុគ្គលិកអង្គការដៃគូ បានចុះល្បាតចំនួន៨៤លើក និងបង្រ្កាបបទល្មើសធនធានធម្មជាតិចំនួន២៧ករណី។ ក្នុងនោះ មានបទល្មើសព្រៃឈើចំនួន១៧ករណី, បទល្មើសសត្វព្រៃចំនួន៨ករណី, និងបទល្មើសទន្រ្ទានដីព្រៃធ្វើជាកម្មសិទ្ធិចំនួន២ករណី។

ក្នុងកិច្ចការបង្រ្កាបបទល្មើសនេះ មន្រ្តីពាក់ព័ន្ធរឹបអូសវត្ថុតាងចាប់យកមករក្សាទុកជាបណ្តោះអាសន្ន នៅតាមស្នាក់ការល្បាតរបស់ខេត្តនីមួយៗ រួមមាន៖ កាំភ្លើងកែច្នៃ៧ដើម, អន្ទាក់១៧៨ខ្សែ, រុះរើជំរំតង់របស់ជនល្មើសបាន១១តង់, និងពន្លត់ភ្លើងឆេះព្រៃបានចំនួន០,៣៨ហិកតា។ បើតាមមន្រ្តីបរិស្ថាន ក្រុមការងារគម្រោងកម្មវិធីការពារព្រៃឈើតំបន់ជួរភ្នំក្រវាញ បានបន្តខិតខំពង្រឹងការអនុវត្តច្បាប់ និងបង្កើនសកម្មភាពល្បាត ទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិនៅតាមតំបន់ការពារធម្មជាតិ ទោះបីជាមានការជួបបញ្ហាប្រឈមមួយចំនួន ដូចជា៖ ការលួចចូលកាត់ និងដឹកជញ្ជូនឈើទ្រង់ទ្រាយតូច, ការលួចឆ្ការ, ដុត, រុករាន, ទន្រ្ទានដីព្រៃធ្វើជាកម្មសិទ្ធិពីជនខិលខូច និងការប្រើប្រាស់អាវុធកែច្នៃ ជាដើម៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត