៦ខែឆ្នាំ២០២២នេះ ខេត្តមណ្ឌលគិរី ​បញ្ជួនសំណុំរឿងបទល្មើសធនធានធម្មជាតិជាង៦០ករណីទៅតុលាការ
R
Rorn Phork
02 សីហា 2022 03:00 AM

(ខេត្តមណ្ឌលគិរី)៖ ក្នុងឆមាសទីមួយឆ្នាំ២០២២ ចាប់ពីខែមករា ដល់ខែមិថុនា មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានរៀបចំកសាងសំណុំរឿងបទល្មើសធនធានធម្មជាតិសរុបចំនួន៧០ករណី​ និងពិន័យអន្តរការណ៍ចំនួន៧ករណី រួមទាំងបញ្ជួនសំណុំរឿងទៅសាលាដំបូងខេត្តមណ្ឌលគិរីចំនួន៦៣ករណី...។

លោក កែវ សុភ័ណ្ឌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានថ្លែងនៅក្នុងយុទ្ធនាការអន្ទាក់សូន្យថា នៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានធ្វើការទប់ស្កាត់ និងចូលរួមបង្ក្រាបយ៉ាងសកម្ម ចំពោះបទល្មើសចល័ត ក៏ដូចជា មានការបង្រ្កាបនូវការដឹកជញ្ជូនសត្វព្រៃ ការសម្លាប់ និងការដាក់អន្ទាក់សត្វព្រៃផងដែរ។ ក្នុងនោះ មន្រ្តីឧទ្យានុរក្សខេត្តមណ្ឌលគិរី ប្រមូលបានភស្តុតាងក្នុងការដាក់អន្ទាក់សត្វព្រៃដូចជា ដកហូតរណាយន្តសរុប ២៤៥គ្រឿង ដកហូត និងប្រមូលបានអន្ទាក់ខ្សែកាបចំនួន៨៦១ខ្សែ ដកយកអន្ទាក់ខ្សែពួរចំនួន១,៩១០ខ្សែ, អន្ទាក់ឆក់ប្រវែង៧៥០ម៉ែត្រ ,កាំភ្លើងកែច្នៃ១៩ដើម, កាំភ្លើងធ្នុងដូងចំនួន០៣ដើម, កាំភ្លើងអាកា០២ដើម, និងអាវុធCKC ចំនួន០១ដើម។ 

ជាមួយគ្នានោះ លោក កែវ សុភ័ណ្ឌ ក៏បានចាត់វិធានការយ៉ាងតឹងរឹងចំពោះឈ្មួញជួញដូរសត្វព្រៃ អ្នកដាក់អន្ទាក់ និងអ្នកបរបាញ់សត្វព្រៃក្នុងតំបន់ការពារធម្មជាតិ ឬអ្នកនៅតែបន្តល្មើសច្បាប់ក្នុងខេត្តមណ្ឌលគិរី នឹងប្រឈមមុខជាមួយច្បាប់ដែលបានកំណត់។ លោកប្រធានមន្ទីរថ្លែងយ៉ាងដូច្នេះថា៖ « ខ្ញុំសូមដាក់ចេញបន្ថែមនូវចំណាត់ការដ៏ម៉ឺងម៉ាត់ ចំពោះជនទាំងឡាយណា ដែលនៅតែធ្វើសកម្មភាពដាក់អន្ទាក់ បរបាញ់ និងជួញដូរសត្វព្រៃគ្រប់ប្រភេទ ក្នុងតំបន់ការពារធម្មជាតិ និងក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី ការអនុវត្តច្បាប់របស់មន្រ្តីឧទ្យានុរក្ស នឹងនៅតែមានស្មារតីពង្រឹងការអនុវត្តច្បាប់ និងការចុះដើរល្បាត ក្នុងបុព្វហេតុការពារអភិរក្សសត្វព្រៃ និងជីវៈចម្រុះ ស្របតាមគោលបំណង និងគោលដៅនៃច្បាប់ស្តីពីតំបន់ការពារធម្មជាតិ» ។

 
 

ដោយឡែក ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងថា អន្ទាក់ជាឃាតកលាក់មុខ និងជាកត្តាគំរាមកំហែងដ៏ចម្បងមួយចំពោះសត្វព្រៃ ដែលត្រូវចាំបាច់រួមគ្នាលុបបំបាត់ ដើម្បីបញ្ឈប់ការដាក់អន្ទាក់ និងការបរបាញ់សត្វព្រៃដោយខុសច្បាប់ និងធ្វើឱ្យតំបន់ការពារធម្មជាតិ កាន់តែមានសុវត្ថិភាពសម្រាប់ជីវៈចម្រុះគ្រប់ប្រភេទ និងសម្រាប់មនុស្ស។

ឯកឧត្តមរដ្ឋលេខាធិការ ឱ្យដឹងទៀតថា ដោយសារតែការអភិរក្សមានភាពប្រសើរឡើង ជម្រក ប្រភពទឹក និងកន្លែងរកចំណី ត្រូវបានការពារ ដោយសង្កេត ឃើញសត្វព្រៃប្រភេទខ្លះមានការកើនឡើង ខ្លះនៅថេរ និងប្រភេទសត្វខ្លះបន្តធ្លាក់ចុះ ជាពិសេសប្រភេទសត្វក្រចក ជើងចំពាមដែលរកស៊ីលើដី។ វិធានការដែលនឹងត្រូវអនុវត្តដើម្បីលុបបំបាត់អន្ទាក់គឺវិធានការច្បាប់ និងវិធានការសេដ្ឋកិច្ចនឹងត្រូវដើរទន្ទឹមគ្នា៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត