កម្ពុជាសង្ឃឹមមហាមិត្តចិន និងប្រទេសជាមិត្តដទៃទៀត បន្តជួយដោះស្រាយជម្លោះថៃឈ្លានពាន
អុន សម្ផស្ស
03 មិថុនា 2026 05:00 PM

ប្រទេសចិន៖ នៅឯប្រទេសចិន ក្នុងវេទិកាចិនសាស្ត្រពិភពលោក លើកទី៣ អនុប្រធានទី២នៃព្រឹទ្ធសភាកម្ពុជា លោក ធន់ វឌ្ឍនា បន្តលើកឡើងពីសារសំខាន់នៃតួនាទីរបស់ប្រទេសចិន ក្នុងការជំរុញសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសកល ព្រមទាំងអំពាវនាវឱ្យប្រទេសនានា ដោះស្រាយជម្លោះដោយសន្តិវិធី និងគោរពច្បាប់អន្តរជាតិ។ ភ្ជាប់ជាមួយក្តីសង្ឃឹមថា ប្រទេសចិន និងបណ្តាប្រទេសជាមិត្តនានា ចូលខ្លួនសម្របសម្រួល ដោះស្រាយជម្លោះរវាងកម្ពុជា-ថៃ ឱ្យស្របតាមច្បាប់អន្តរជាតិ..។

លោក ធន់ វឌ្ឍនា តាមរយៈសុន្ទរកថា នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ បានកោតសរសើរចំពោះភាពជោគជ័យនៃការអភិវឌ្ឍរបស់ចិន ដែលផ្តោតលើប្រជាជន និងបានជួយលើកកម្ពស់ជីវភាពប្រជាជនរាប់លាននាក់ឱ្យរួចផុតពីភាពក្រីក្រ។ ក្នុងន័យនេះលោកបានបង្ហាញការគាំទ្រចំពោះគំនិតផ្តួចផ្តើមសកលនានា របស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង។ ក្នុងនោះរួមមាន៖ គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល (GDI) គំនិតផ្តួចផ្តើមសន្តិសុខសកល (GSI) គំនិតផ្តួចផ្តើមអរិយធម៌សកល (GCI) និងគំនិតផ្តួចផ្តើមអភិបាលកិច្ចសកល (GGI)។ ដោយឡែកពាក់ព័ន្ធនឹងទំនាក់ទំនង រវាងប្រជាជនក្នុងតំបន់មន្ត្រីកម្ពុជា បានរំលឹកពីទំនាក់ទំនងប្រវត្តិសាស្ត្រយូរអង្វែងរវាងកម្ពុជា-ចិន និងប្រទេសអាស៊ីផ្សេងៗ ដែលបានរួមចំណែកដល់ការកកើតនៃអរិយធម៌អង្គរ ដោយបញ្ជាក់ថា មិត្តភាព និងការយោគយល់គ្នាទៅវិញទៅមក គឺជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍ និងវិបុលភាពរួម។

ជាមួយគ្នា អនុប្រធានទី២នៃព្រឹទ្ធសភាកម្ពុជា មានប្រសាសន៍ថា ក្នុងបរិបទពិភពលោកកំពុងប្រឈមមុខនឹងការបែកបាក់ និងជម្លោះកាន់តែច្រើន តួនាទីរបស់ចិនក្នុងការលើកកម្ពស់ពហុភាគីនិយម ការគោរពអធិបតេយ្យភាព និងការថែរក្សាសណ្តាប់ធ្នាប់ពិភពលោក មានសារសំខាន់ខ្លាំងណាស់។ លោកថ្លែងថា នៅពេលមានការខ្វែងគំនិតគ្នា និងជម្លោះ លោកគាំទ្រយ៉ាងខ្លាំងចំពោះការដោះស្រាយបញ្ហាដោយសន្តិវិធី តាមរយៈច្បាប់អន្តរជាតិ និងការសន្ទនាជាជាងការប្រើកម្លាំង។ លោក ធន់ វឌ្ឍនា គូសរំលេចថា៖«ខ្ញុំសង្ឃឹមថា ជម្លោះ[កម្ពុជា-ថៃ] នឹងត្រូវដោះស្រាយដោយសន្តិវិធី តាមរយៈការសម្របសម្រួលពីភាគីទីបី ដូចជាប្រទេសចិន និងបណ្តាប្រទេសជាមិត្តដទៃផ្សេងទៀត គោរពតាមច្បាប់ និងយន្តការអន្តរជាតិ»។ បន្ថែមពីនេះ លោកអំពាវនាវដល់ប្រជាជន និងថ្នាក់ដឹកនាំមកពីបណ្តាប្រទេសនានា ឱ្យដើរតួនាទីជាស្ពានមិត្តភាព និងជាអ្នកគាំទ្រសន្តិភាព យុត្តិធម៌ កិច្ចសហប្រតិបត្តិការរវាងប្រជាជាតិ ដើម្បីធានាបាននូវវិបុលភាព និងអនាគតល្អប្រសើរសម្រាប់មនុស្សជំនាន់ក្រោយ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត