ឥណ្ឌា៖ មនុស្ស២១នាក់ ឆេះខ្លោចយ៉ាងអាណោចអាធ័មក្នុងអគ្គិភ័យឆាបឆេះសណ្ឋាគារ
Mao Sopha
8 ម៉ោងមុន

ឥណ្ឌា៖ យ៉ាងហោចណាស់ មានមនុស្ស២១នាក់ បានបាត់បង់ជីវិតយ៉ាងអាណោចអាធ័មក្នុងភ្នក់ភ្លើងដែលឆាបឆេះនៅសណ្ឋាគារមួយក្នុងទីក្រុងដេលី (Delhi) ប្រទេសឥណ្ឌា នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦នេះ។ សណ្ឋាគារនេះ ស្ថិតនៅភាគខាងត្បូងទីក្រុងដេលី។ សមត្ថកិច្ចឥណ្ឌា និយាយទាំងក្រៀមក្រំថា អគ្គិភ័យដែលឆក់យកជីវិតមនុស្សជាច្រើននាក់នេះ គឺជាឧបទ្ទវហេតុដ៏អាក្រក់បំផុត ដែលខានកើតមានក្នុងទីក្រុងដេលី អស់រយៈពេលជាច្រើនឆ្នាំហើយ។

ប៉ូលិស អះអាងថា រហូត​មក​ដល់​ពេល​នេះ មានមនុស្ស​ប្រមាណ៤០នាក់ ​ត្រូវ​បាន​ជួយ​សង្គ្រោះ។ ប្រជាជននៅក្បែរនោះ និយាយថា ពួកគេ ឃើញមនុស្ស២នាក់ ដែលស្ថិតជាន់លើ ឬជាន់ខ្ពស់នៃអគារ បានប្រថុយជីវិតលោតចេញមក ដើម្បីគេចចេញពីអគ្គិភ័យដែលកំពុងឆាបឆេះយ៉ាងសន្ធោសន្ធៅ។ គេមិនទាន់ដឹងថា មនុស្សទាំង២នាក់នោះ អាចនៅរស់រានមានជីវិត ឬរងរបួសធ្ងន់ ឬក៏ស្ថិតក្នុងចំណោមជនរងគ្រោះទាំង២១នាក់ដែលបាត់បង់ជីវិតនោះទេ។ 

នាយករដ្ឋមន្រ្តីឥណ្ឌា លោក នរិន្ត្រា ម៉ូឌី (Narendra Modi) ចាត់ទុកការបាត់បង់ជីវិតមនុស្សក្នុងអគ្គិភ័យនេះ ថាជាសោកនាដកម្ម។ ជាមួយគ្នា លោកនាយករដ្ឋមន្រ្តី បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំទៅដល់ក្រុមគ្រួសារនៃជនរងគ្រោះ ដែលបាត់បង់ជីវិត និងជូនពរអ្នករងរបួសឱ្យឆាប់ជាសះស្បើយ៕  

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត