
រាជធានីភ្នំពេញ៖ ករណីឃាតកម្មដ៏សាហាវឃោរឃៅមួយ បាននិងកំពុងទាក់ទាញការចាប់អារម្មណ៍ និងតាមដានយ៉ាងខ្លាំងពីសំណាក់មហាជន ក៏ព្រោះតែជនជាប់ចោទដែលមានទាំងខ្មែរ និងចិន បានរួមដៃគ្នាកាប់សម្លាប់ជនរងគ្រោះ និងបានយកសាកសពទៅកប់ក្នុងរណ្តៅហើយចាក់បេតុងបំបិទភស្តុតាង។ ជនជាប់ចោទទាំង៤នាក់ ប្រឈមនឹងការកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិត ព្រោះប្រព្រឹត្តបទល្មើសពីររឿងធំៗ...។

យោងតាមការឱ្យដឹងពីអគ្គស្នងការដ្ឋាននគរបាលជាតិ នៅរសៀលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៦នេះ បានបង្ហាញលទ្ធផលនៃការបំបែករឿងក្ដី ចាប់ជំរិតទារប្រាក់ និងឃាតកម្មគិតទុកជាមុន ដែលប្រព្រឹត្តិនៅចំណុចភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បណ្ដាលឱ្យជនរងគ្រោះ២នាក់បាត់បង់ជីវិតរួមមាន៖ ទី១-ឈ្មោះ តាំង ស៊ីម៉េង ហៅ ឡីឡី ជាជនភេទទី៣ និងម្នាក់ទៀតឈ្មោះ អែម គីមស៊្រុន ជាអ្នកបើកបររថយន្តតាក់ស៊ី។ យ៉ាងណា ក្រោមកិច្ចសហការរវាងកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ និងខណ្ឌជ្រោយចង្វា សមត្ថកិច្ចជំនាញបានចាយពេលអស់៩ថ្ងៃ ដើម្បីបើកការស្រាវជ្រាវរហូតឈានដល់ការចាប់ខ្លួនអ្នកពាក់ព័ន្ធសរុបចំនួន៤នាក់៖ ទី១-ឈ្មោះ សុខា ដានី ជនជាតិខ្មែរ, ទី២-ឈ្មោះ យុន គឹមហ៊ន ជនជាតិខ្មែរ, ទី៣-ឈ្មោះ វង់ យ៉ិនឡុង (WONG YENLONG) ជនជាតិចិន, និង៤-ឈ្មោះ យូ វ៉ីមីង (YU WEIMING) ជនជាតិចិន។

ទោះយ៉ាងណា តាមរយៈចម្លើយសារភាពរបស់ជនសង្ស័យខាងលើ សមត្ថកិច្ចក៏បានស្រាវជ្រាវរកឃើញសាកសពជនរងគ្រោះទាំងពីរកប់ក្នុងរណ្តៅលូ ដោយបានចាក់បេតុងបិទជិតនៅដីឡូតិ៍មួយកន្លងក្នុងខណ្ឌជ្រោយចង្វា ព្រមទាំងធ្វើការដកហូតបាននូវវត្ថុតាងជាច្រើន ដែលបម្រើឱ្យការប្រព្រឹត្តិបទល្មើសផងដែរ។ បច្ចុប្បន្ន ជនសង្ស័យរួមជាមួយវត្ថុតាង ត្រូវបានកម្លាំងជំនាញព្រហ្មទណ្ឌ កសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់។ ចំណែកបក្ខពួកសេសសល់ សមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ខ្លួន។ សូមជម្រាបថា យោងតាមមាត្រា២០០នៃក្រមព្រហ្មទណ្ឌ បទឃាតកម្មគិតទុកជាមុន ការសម្លាប់មនុស្សដោយមានការរៀបចំផែនការគិតទុកជាមុន ឬការលបឆ្មក់ គឺជាបទឧក្រិដ្ឋ ដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត៕




