អភិបាលខេត្តតាកែវ ហាមពលរដ្ឋជាប់ព្រំដែនវៀតណាម ដាច់ខាតកុំជួលដីឱ្យជនបរទេសបង្កបង្កើនផល
S
Soriya Sou
មួយម៉ោងមុន

ក្រុងដូនកែវ៖ លោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានចេញបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធពាក់ព័ន្ធ ត្រូវខិតខំបំពេញការងារឱ្យបានហ្មត់ចត់ ជាពិសេស កុំឱ្យកើតមានករណីពលរដ្ឋជួលដីស្រែឱ្យជនបរទេសបង្កបង្កើតផលឱ្យសោះ…។

លោក វ៉ី សំណាង បានប្រកាសហាមដាច់ខាតមិនឱ្យប្រជាពលរដ្ឋខ្មែរ ដែលមានដីស្រីជាប់ព្រំដែនជាមួយប្រទេសវៀតណាម ជួលដីស្រែឱ្យជនជាតិវៀតណាមចូលមកធ្វើនោះទេ។ តាមរយៈសារសំឡេងកាលពីរសៀលថ្ងៃទី២មិថុនា ហើយត្រូវបានមន្រ្តីក្រសួងមហាផ្ទៃស្រង់យកមកផ្សព្វផ្សាយនៅព្រឹកថ្ងៃទី៣មិថុនានេះ អភិបាលខេត្តតាកែវ មានប្រសាសន៍ថា កន្លងមកក្រសួងមហាផ្ទៃ ក៏ដូចជារាជរដ្ឋាភិបាល បានចេញលិខិតណែនាំដល់ខេត្តជាប់ព្រំដែនរួចរាល់ហើយ អំពីការហាមឃាត់ ការជួលដីស្រែតាមបណ្ដោយព្រំដែនឱ្យជនបរទេស។ «ដូច្នេះអាជ្ញាធរពាក់ព័ន្ធ អាជ្ញាធរស្រុក រួមទាំងសមត្ថកិច្ចឈរជើងតាមបណ្ដោយព្រំដែនត្រូវទប់ស្កាត់ និងពិនិត្យមើលករណីនេះឱ្យបានច្បាស់លាស់ និងត្រូវណែនាំប្រជាពលរដ្ឋ ដែលមានដីស្រែច្រើនកុំឱ្យជួលឱ្យជនជាតិវៀតណាមចូលមកធ្វើ ព្រោះវាបង្កផលលំបាក និងបង្កភាពស្មុគស្មាញពាក់ព័ន្ធទៅនឹងការជួលដីស្រែនេះ»។

អភិបាលខេត្តតាកែវ សង្កត់ធ្ងន់ទៀតថា៖«ពាក់ព័ន្ធរឿងជួលដីស្រែឱ្យជនបរទេសនេះ បើមានមន្រ្តីណាគប់គិតឱ្យមានការជួលដីស្រែឱ្យជនបរទេសចូលមកធ្វើ គឺត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ដោយគ្មានការអនុគ្រោះនោះទេ»។ ឆ្លៀតក្នុងឱកាសនេះ លោក វ៉ី សំណាង បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន ដើម្បីធ្វើយ៉ាងណាជំរុញឱ្យមានការអភិវឌ្ឍ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចគ្រូសាររបស់ប្រជាពលរដ្ឋរស់នៅតាមបណ្ដោយព្រំដែន ជាពិសេស ការកសាងផ្លូវក្រវាត់ព្រំដែន ដើម្បីការពារបូរណភាពទឹកដីកម្ពុជា៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត