
រាជធានីភ្នំពេញ៖ គណៈគ្រូពេទ្យកម្ពុជា កាលពីយប់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ បានចេញមកបំភ្លឺ និងបានជំរុញឱ្យក្រុមគ្រូពេទ្យសិក្សាឱ្យបានច្បាស់លាស់ពីក្រមសីលធម៌វិជ្ជាជីវៈវេជ្ជសាស្ត្រ ច្បាប់ និងប្រកាស ស្តីពីការផ្សព្វផ្សាយក្នុងក្របខណ្ឌវិជ្ជាជីវៈសុខាភិបាល…។

ការបំភ្លឹរបស់គណៈគ្រូពេទ្យកម្ពុជា ក្រោយផ្ទុះការវែកញែក និងរិះគន់នៅលើបណ្ដាញសង្គម ពាក់ព័ន្ធនឹងការណែនាំរបស់គណៈគ្រូពេទ្យឱ្យលោកវេជ្ជបណ្ឌិត តុង (Dr Tong) លុបមាតិកាអប់រំសុខភាពចេញពីបណ្ដាញសង្គម ដែលលោកបានបង្ហោះ និងណែនាំឱ្យសុំច្បាប់អនុញ្ញាត មុនចេញមាតិកាអប់រំពីសុខភាពបន្តទៀត។ កាលពីរសៀលថ្ងៃទី២មិថុនា លោកវេជ្ជបណ្ឌិត តុង បានចេញវីដអូជូនដំណឹងដល់សាធារណជន ថាលោកនឹងលុបមាតិកាទាំងអស់ចេញពីបណ្ដាញសង្គមផ្លូវការ ដែលធ្វើឱ្យមានការចូលរួមបញ្ចេញមតិសោកស្ដាយ និងរិះគន់យ៉ាងខ្លាំងលើគណៈគ្រូពេទ្យ។

នៅថ្ងៃដដែល គណៈគ្រូពេទ្យកម្ពុជា បានចេញមកបញ្ជាក់ថា ដើម្បីរក្សាបាននូវកិត្តិយស សេចក្ដីថ្លៃថ្នូរ សុចរិតភាព និងទំនួលខុសត្រូវក្នុងវិជ្ជាជីវ:វេជ្ជសាស្ត្រ គ្រូពេទ្យត្រូវតែសិក្សាស្វែងយល់អំពីក្រមសីលធម៌វិជ្ជាជីវៈវេជ្ជសាស្ត្រ ច្បាប់ លិខិតបទដ្ឋាន គតិយុត្ត និងប្រកាស ស្តីពីការផ្សព្វផ្សាយក្នុងក្របខណ្ឌវិជ្ជាជីវៈសុខាភិបាល។ គណៈគ្រូពេទ្យកម្ពុជា អះអាងថា ក្រមសីលធម៌វិជ្ជាជីវៈ អាចអនុញ្ញាតឱ្យអ្នកវិជ្ជាជីវៈវេជ្ជសាស្ត្រចូលរួមផ្សព្វផ្សាយក្នុងគោលបំណងអប់រំសុខភាព ការបង្ការជំងឺនានា តែមិនអនុញ្ញាតឱ្យផ្សព្វផ្សាយលើកតម្កើងខ្លួនឯង ឬក្រុមរបស់ខ្លួន ក្នុងគោលបំណងផលប្រយោជន៍ពាណិជ្ជកម្មផ្ទាល់ខ្លួនឡើយ។

ជាការកត់សម្គាល់ ទោះបីជាមានការបំភ្លឺពីគណៈគ្រួពេទ្យរួចហើយក៏ដោយ ប៉ុន្តែពលរដ្ឋជាច្រើន នៅតែនាំគ្នាលើកជាចម្ងល់ថា ហេតុអ្វីគ្រូពេទ្យធ្វើមាតិកាចែករំលែកចំណេះដឹងសុខភាព ក្លាយជាការលើកតម្កើង និងផ្សាយពាណិជ្ជកម្ម? ហេតុអ្វីអ្នកលក់អនឡាញ អ្នកលក់អាហារបំប៉ន អ្នកចេះភាសាបរទេសបកប្រែធ្វើមាតិកាសុខភាព ហើយមិនមែនអ្នកវិជ្ជាជីវៈសុខាភិបាលអាចធ្វើបាន? ។ល។ យ៉ាងណាក៏ដោយ បន្ទាប់ពីករណីលោកវេជ្ជបណ្ឌិត តុង គេឃើញមានគ្រូពេទ្យជាច្រើន ដែលតែងតែផលិតមាតិកាអប់រំសុខភាពនៅលើបណ្ដាញសង្គម បានចេញមកប្រកាសលុបវីដអូដែលខ្លួនផលិតចេញពីបណ្ដាញសង្គមវិញផងដែរ៕



