អភិបាលខេត្តតាកែវ បញ្ជាឱ្យម្ចាស់ទីតាំងសង់របងរំលោភចំណីដីស្ទឹងស្លាគូរ រុះរើចេញវិញបន្ទាន់
S
Soriya Sou
13 តុលា 2025 03:30 PM

ក្រុងដូនកែវ៖ លោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានប្រកាសទុកពេល១៤ថ្ងៃឱ្យម្ចាស់ទីតាំងមួយកន្លែង ដែលបានសង់របងថ្មរប្រវែងជាង១០០ម៉ែត្រ រំលោភលើចំណីស្ទឹងស្លាគូរ ក្នុងស្រុកត្រាំកក់ ខេត្តតាកែវ ត្រូវរុះរើរបងនោះចេញវិញជាបន្ទាន់…។

លោក ថោ ជេថា រដ្ឋមន្រ្តីធនធានទឹក និង លោក វ៉ី សំណាង អភិបាលខេត្តតាកែវ និងមន្រ្តីជំនាញពាក់ព័ន្ធចុះពិនិត្យស្ថានភាពជាក់ស្ដែងទីតាំងមួយកន្លែង ដែលបានសាងសង់របងថ្មរំលោភយកដីចំណីស្ទឹងស្លាគូរ។
លោក ថោ ជេថា រដ្ឋមន្រ្តីធនធានទឹក និង លោក វ៉ី សំណាង អភិបាលខេត្តតាកែវ និងមន្រ្តីជំនាញពាក់ព័ន្ធចុះពិនិត្យស្ថានភាពជាក់ស្ដែងទីតាំងមួយកន្លែង ដែលបានសាងសង់របងថ្មរំលោភយកដីចំណីស្ទឹងស្លាគូរ។

បទបញ្ជារបស់លោកអភិបាលខេត្តតាកែវ ធ្វើឡើងក្រោយលោក ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយមន្រ្តីជំនាញពាក់ព័ន្ធ នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ បាននាំគ្នាចុះពិនិត្យមើលស្ថានភាពជាក់ស្ដែង របងនៅទីតាំងមួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រ ភូមិត្រពាំងពោធិ៍ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ ដែលត្រូវបានគេសង្ស័យថា បានសាងសង់រំលោភយកចំណីដងស្ទឹងស្លាគូរ។ ក្រោយការចុះពិនិត្យ លោក វ៉ី សំណាង បញ្ជាក់ថា ការសាងសង់របងនេះធ្វើឡើងដោយមិនបានសុំការអនុញ្ញតពីអាជ្ញាធរទេ គឺយោងតាមបណ្ណកម្មសិទ្ធិ ដែលខ្លួន[ម្ចាស់ទីតាំង]មាន។ លោកអភិបាលខេត្ត សង្កត់ធ្ងន់ថា៖«ការសាងសង់របងនេះ បានប៉ះពាល់ដល់ចំណីស្ទឹង ដោយកន្លែងខ្លះទុកចំណីត្រឹម៤ម៉ែត្រ កន្លែងខ្លះ១៨ម៉ែត្រ ខណៈច្បាប់បានកំណត់ឱ្យរក្សាទុកចំណីស្ទឹងរហូតដល់៣០ម៉ែត្រ»។ លោក វ៉ី សំណាង បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ឱ្យម្ចាស់ទីតាំង ត្រូវរុះរើរបងថ្មដែលមានប្រវែង១១៩ម៉ែត្រនោះចេញវិញជាបន្ទាន់ ដោយទុកពេលឱ្យត្រឹម១៤ថ្ងៃប៉ុណ្ណោះ។

លោក វ៉ី សំណាង បានចាត់ទុកការចេញបណ្ណកម្មសិទ្ធិដែលមានការប៉ះពាល់នេះថា ជាកំហុសរបស់ក្រុមមន្ត្រីបច្ចេកទេសពាក់ព័ន្ធក្នុងការកសាងបណ្ណរួមមាន៖ មេភូមិ មេឃុំ តំណាងចាស់ព្រឹទ្ធាចារ្យក្នុងភូមិ ភូមិបាលស្រុក គណៈកម្មាធិការររដ្ឋបាលថ្នាក់ស្រុក និងគណៈកម្មាធិការររដ្ឋបាលថ្នាក់ខេត្ត។ លោក ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក បានបញ្ជាក់ពីគោលការណ៍សំខាន់ថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តែងតែសហការជាមួយក្រសួងធនធានទឹក រាល់ការចេញបណ្ណកម្មសិទ្ធិដែលពាក់ព័ន្ធនឹងចំណីព្រែក ស្ទឹង បឹងបួរទាំងអស់។ ជុំវិញករណីសាងសង់របងប៉ះពាល់ដីចំណីស្ទឹងស្លាគូរនេះ លោករដ្ឋមន្ត្រីសន្យាថា ក្រសួងនឹងចាត់បញ្ជូនមន្រ្តីមកសហការជាមួយអាជ្ញាធរខេត្ត និងម្ចាស់ទីតាំង ដើម្បីរុះរើរបងដែលសាងសង់រំលោភចំណីស្ទឹងនេះចេញ ហើយនឹងបន្តសុំគោលការណ៍ទៅក្រសួងរៀបចំដែនដី ចេញបណ្ណកម្មសិទ្ធិថ្មីឱ្យបានត្រឹមត្រូវតាមច្បាប់។

សូមជម្រាបថា មុនមានបទបញ្ជាពីលោក វ៉ី សំណាង កាលពីថ្ងៃទី១០តុលាថ្មីៗនេះ រដ្ឋបាលស្រុកត្រាំកក់ និងមន្ទីររៀបចំដែនដីខេត្ត ធ្លាប់បានចុះវាស់វែងទីតាំងនេះម្ដងរួចមកហើយ ក្រោយទទួលបានព័ត៌មានថា ការសាងសង់របងថ្មរបស់ឈ្មោះ លី សម្បត្តិ ចូលដីចំណីស្ទឹង ប៉ុន្តែមិនមានចំណាត់ការអ្វីនោះទេ។ យោងតាមកំណត់ហេតុរបស់រដ្ឋបាលស្រុកត្រាំកក់ បានឱ្យដឹងថា ក្រុមការងាររដ្ឋបាលស្រុក បានចុះពិនិត្យវាស់វែងរកចំណុចនិយាមកាលើសំណង់របងថ្ម ដែលបានសាងសង់ជាក់ស្ដែងរបស់ឈ្មោះ លី សម្បត្តិ ស្របតាមបណ្ដោយដងស្ទឹងស្លាគូរ ដើម្បីធៀបជាមួយប្លង់សុរិយោដី ឃើញថា មានភាពត្រួតស៊ីគ្នាទៅតាមព្រំដី ដែលមានម្ចាស់កម្មសិទ្ធិករឈ្មោះ លី សម្បត្តិ ពិតប្រាកដមែន៕

កំណត់ហេតុរបស់រដ្ឋបាលស្រុកត្រាំកក់ កាលពីថ្ងៃទី១០តុលា ឆ្នាំ២០២៥
កំណត់ហេតុរបស់រដ្ឋបាលស្រុកត្រាំកក់ កាលពីថ្ងៃទី១០តុលា ឆ្នាំ២០២៥
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត