
រាជធានីបាងកក៖ កងទ័ពអាកាសភូមិន្ទថៃ បានបោះជំហានយ៉ាងលឿនមួយកម្រិតទៀត ដោយបានធ្វើតេស្តបាញ់គ្រាប់រ៉ុក្កែតទំហំ២,៧៥អ៊ីញ ចេញពីដ្រូនបានដោយជោគជ័យជាលើកដំបូង កាលពីថ្ងៃទី២មិថុនាម្សិលមិញ។ ព្រឹត្តិការណ៍នេះ មិនមែនគ្រាន់តែជាការបង្ហាញសាច់ដុំបច្ចេកវិទ្យាយោធាធម្មតាៗនោះទេ ប៉ុន្តែវាជាសញ្ញាអាសន្នមួយសម្រាប់កងទ័ពកម្ពុជា ថាតើខ្សែការពារព្រំដែន និងប្រព័ន្ធប្រឆាំងដ្រូនរបស់យើង មានសមត្ថភាពទប់ទល់នឹងអាវុធយុទ្ធសាស្ត្រទំនើបចុងក្រោយរបស់អ្នកជិតខាងនេះ ហើយឬនៅ..?

ការសាកល្បងនេះ ធ្វើឡើងដោយមានកិច្ចសហការរវាងនាយកដ្ឋានសព្វាវុធថៃ និងក្រុមហ៊ុនផលិតដ្រូនក្នុងស្រុក NAC Drone ដែលបង្ហាញថា ថៃកំពុងកាត់បន្ថយការពឹងផ្អែកលើបច្ចេកវិទ្យាបរទេស និងពង្រឹងឧស្សាហកម្មការពារជាតិខ្លួនឯង។ លទ្ធផលនៃការធ្វើតេស្តបង្ហាញថា គ្រាប់រ៉ុក្កែតត្រូវបានបាញ់ចេញទៅតាមគោលដៅយ៉ាងរលូន ខណៈដែលដ្រូននៅតែអាចរក្សាលំនឹងហោះហើរបានយ៉ាងល្អឥតខ្ចោះ ដោយមិនបាត់បង់ការគ្រប់គ្រង ឬរងផលប៉ះពាល់ពីកម្លាំងចលនានៃការបាញ់នោះឡើយ។

អ្វីដែលគួរឱ្យបារម្ភជាងនេះផងដែរនោះ គឺគម្រោងបន្ទាប់របស់កងទ័ពថៃ មិនមែនឈប់ត្រឹមដ្រូនបាញ់រ៉ុក្កែតធម្មតានេះទេ ប៉ុន្តែពួកគេកំពុងអភិវឌ្ឍប្រព័ន្ធណែនាំផ្លូវ អាវុធឡាស៊ែរ និងការប្រើប្រាស់ប្រព័ន្ធបញ្ជាបាញ់ដោយបញ្ញាសិប្បនិម្មិត (AI Fire-control) ធ្វើឱ្យការវាយប្រហារកាន់តែមានប្រសិទ្ធភាព និងចំគោលដៅលឿនរហ័សជាងមុន។ នេះមានន័យថា ថៃកំពុងបំប្លែងសមរភូមិលើអាកាសឱ្យទៅជាយុទ្ធសាស្ត្រវាយប្រហារស្ងាត់ៗ និងចំគោលដៅ ដោយមិនបាច់ប្រើប្រាស់យន្តហោះចម្បាំងតម្លៃរាប់លានដុល្លារឡើយ។

ក្រុមអ្នកជំនាញផ្នែកសន្តិសុខអន្តរជាតិ បានវាយតម្លៃថា ការបំប្លែងដ្រូនឱ្យទៅជាអាវុធប្រយុទ្ធបែបនេះ គឺជានិន្នាការសកលដ៏មានឥទ្ធិពល ព្រោះវាជួយកាត់បន្ថយហានិភ័យសាច់ស្រស់ឈាមស្រស់របស់កងទ័ពនៅលើដី និងបង្កើនប្រៀបឈ្នះលើអាកាស។ ដូច្នេះ តើកងទ័ពកម្ពុជាបានត្រៀមខ្លួន និងត្រៀមលក្ខណៈទប់ទល់យ៉ាងដូចម្តេច ដើម្បីតតាំងទៅនឹងការគំរាមកំហែងបូរណភាពទឹកដីពីសំណាក់អ្នកជិតខាងមួយនេះ?...៕



