កសិករថៃចិញ្ចឹមបង្កងនៅភាគខាងត្បូង ត្រៀមលើកក្បួនតវ៉ាទៅរាជធានីបាងកក ក្រោយម៉ាឡេស៊ីបិទការនាំចូល
N
Nary Vann
មួយថ្ងៃមុន

រាជធានីបាងកក៖ ក្រុមអ្នកចិញ្ចឹមបង្កងនៅភាគខាងត្បូងប្រទេសថៃ ដឹកនាំដោយលោក ម៉ានិត អ៊ីនថងផាន់ (มานิต อินทองพันธ์) តំណាងកសិករខេត្តត្រាង (ตรัง) បានប្រកាសត្រៀមធ្វើការហែក្បួនបាតុកម្មទ្រង់ទ្រាយធំ ឆ្ពោះទៅកាន់រាជធានីបាងកក នៅថ្ងៃទី៤មិថុនាខាងមុខ ដើម្បីដាក់ញត្តិទាមទារឱ្យរាជរដ្ឋាភិបាលថៃ ជួយសង្គ្រោះបន្ទាន់ ក្រោយពីប្រឈមមុខនឹងវិបត្តិគ្មានអ្នកទិញជិត២ខែ និងរងការខាតបង់ទឹកប្រាក់សរុបប្រមាណ២ពាន់លានបាត

វិបត្តិនេះ បានធ្លាក់ដុនដាបខ្លាំងបំផុតបន្ទាប់ពីប្រទេសម៉ាឡេស៊ី ដែលជាទីផ្សារចម្បងទទួលទិញបង្កងប្រមាណ៨ពាន់តោនក្នុងមួយឆ្នាំ ប្រកាសបិទការនាំចូលបង្កង ៥ប្រភេទពីប្រទេសថៃ ចាប់ពីថ្ងៃទី១ ខែមិថុនានេះតទៅ ធ្វើឱ្យការលក់របស់កសិករធ្លាក់ចុះមកសូន្យភ្លាមៗ ខណៈតម្លៃបង្កងបច្ចុប្បន្នបានធ្លាក់ចុះថោកជាងថ្លៃដើមផលិតកម្មទៅទៀត។ ក្រុមបាតុករ បានសំណូមពរឱ្យក្រសួងកសិកម្មថៃ ចាត់វិធានការរយៈពេលខ្លី ដូចជាការផ្ដល់ប្រាក់ឧបត្ថម្ភ២០បាតក្នុងមួយគីឡូក្រាម ដើម្បីជំរុញការបរិភោគក្នុងស្រុក និងសុំឱ្យមានការកែទម្រង់រចនាសម្ព័ន្ធថ្លៃដើម ដូចជា តម្លៃកូនបង្កង តម្លៃអគ្គិសនី និងហ្គាសចម្អិនអាហារជាដើម។

ក្រុមអ្នកចិញ្ចឹមបង្កងនៅភាគខាងត្បូង បានសម្ដែងការហួសចិត្ត និងរិះគន់រាជរដ្ឋាភិបាលយ៉ាងចាស់ដៃ ដោយចោទប្រកាន់ថា ក្រសួងកសិកម្ម និងសហករណ៍ដឹកនាំដោយគណបក្សភឿថៃ បានព្រងើយកន្តើយ និងបោះបង់ចោលកសិករភាគខាងត្បូង ព្រោះតែគណបក្សនេះគ្មានអាសនៈតំណាងរាស្ត្រសូម្បីមួយកៅអី នៅក្នុងសភាតំបន់ភាគខាងត្បូង ធ្វើឱ្យពួកគេពិបាកចូលជួបពិភាក្សាស្វែងរកដំណោះស្រាយ បើធៀបនឹងអតីតរដ្ឋមន្ត្រីមុន គឺលោកអនុសេនីយ៍ឯក ធម្មនាថ ព្រហ្មពៅ (ธรรมนัส พรหมเผ่า)។ ក្រុមអ្នកតវ៉ា បានអំពាវនាវឱ្យគណបក្សភឿថៃ ត្រូវចេះបែងចែកឱ្យច្បាស់លាស់រវាង «ល្បែងនយោបាយ» និង «ឆ្នាំងបាយរបស់ពលរដ្ឋ» ព្រោះវិបត្តិបង្កងនេះ គឺជាបញ្ហាថ្នាក់ជាតិ ដែលបាននិងកំពុងរុញច្រានឱ្យប្រទេសថៃ ធ្លាក់ចំណាត់ថ្នាក់ពីប្រទេសនាំចេញបង្កងលំដាប់លេខ១ មកសល់ត្រឹមលេខ៦ក្នុងពិភពលោក និងកំពុងបំផ្លាញសេដ្ឋកិច្ចជាតិយ៉ាងធ្ងន់ធ្ងរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត