ថាក់ស៊ីន ទទួលបានការដោះលែងពេញលេញ នាឱកាសបុណ្យចម្រើនព្រះជន្មមហាក្សត្រីថៃ
N
Nary Vann
5 ម៉ោងមុន

រាជធានីបាងកក៖ អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ឈិនៈវ័ត (ทักษิณ ชินวัตร) ត្រូវបានទទួលការដោះលែងឱ្យមានសេរីភាពពេញលេញ រួចផុតពីការឃ្លាំមើលតាមផ្លូវច្បាប់ ក្រោមព្រះរាជក្រឹត្យលើកលែងទោស ក្នុងឱកាសទិវាបុណ្យចម្រើនព្រះជន្មរបស់ព្រះមហាក្សត្រីថៃ នាថ្ងៃទី៣ ខែមិថុនានេះ...។

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថៃ លោក រុទ្ធពល នោវរ័ត្ន (รุทธพล เนาวรัตน์) បញ្ជាក់ថា ឈ្មោះរបស់លោក ថាក់ស៊ីន ពិតជាស្ថិតក្នុងចំណោមទណ្ឌិត ដែលមានលក្ខខណ្ឌគ្រប់គ្រាន់ ទទួលបានព្រះរាជទានទោសនេះមែន។ យោងតាមព្រះរាជក្រឹត្យ លោក ថាក់ស៊ីន មិនចាំបាច់បន្តអនុវត្តកាតព្វកិច្ចនៅក្នុងកំលុងពេលព្យួរទោស ដែលនៅសេសសល់រហូតដល់ខែកញ្ញានោះឡើយ ហើយខ្សែដៃត្រួតពិនិត្យតាមអេឡិចត្រូនិក (EM bracelet) ដែលលោកកំពុងពាក់ ក៏នឹងត្រូវដកចេញភ្លាមៗផងដែរ ដោយសារតែរូបលោកមានទោសសល់តិចជាង១ឆ្នាំ។ គួរបញ្ជាក់ឡើងវិញថា លោក ថាក់ស៊ីន ត្រូវបានដោះលែងឱ្យនៅក្រៅឃុំពីពន្ធនាគារ កាលពីថ្ងៃទី១១ ខែឧសភាកន្លងទៅ បន្ទាប់ពីបានអនុវត្តទោសអស់រយៈពេល២ភាគ៣ នៃទោសជាប់ពន្ធនាគាររយៈពេល១ឆ្នាំរបស់លោក។ 

ទាក់ទងនឹងអនាគតនយោបាយ លោក ប្រះស៊ើដ ចន្ទរួងថង (ประเสริฐ จันทรรวงทอง) អគ្គលេខាធិការបក្សភឿថៃ និងជារដ្ឋមន្ត្រីក្រសួងអប់រំ បានប្រកាសស្វាគមន៍ចំពោះការដោះលែងនេះ ដោយលោកបានលើកឡើងថា សមាជិកបក្សទាំងអស់គោរពលោក ថាក់ស៊ីន ក្នុងនាមជា «មេដឹកនាំស្មារតី» ហើយថា លោក ថាក់ស៊ីន នឹងមិនចូលមកជ្រៀតជ្រែកក្នុងដំណើរការសម្រេចចិត្តរបស់គណបក្សឡើយ ព្រោះបក្សភឿថៃមានរចនាសម្ព័ន្ធដឹកនាំ និងគណៈកម្មាធិការប្រតិបត្តិផ្ទាល់ខ្លួនរួចរាល់ហើយ។ គិតមកទល់ពេលនេះ លោក ថាក់ស៊ីន មិនទាន់បានចេញមុខធ្វើអត្ថាធិប្បាយជាសាធារណៈ ជុំវិញការទទួលបានព្រះរាជទានទោស ឬជំហានបន្ទាប់របស់លោកក្នុងឆាកនយោបាយថៃឡើយ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត