
រាជធានីបាងកក៖ សភាពការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ បានឡើងកម្តៅ និងមានភាពតានតឹងខ្លាំងសាជាថ្មីម្ដងទៀត បន្ទាប់ពីភាគីថៃធ្វើសកម្មភាពរំលោភបំពានជាឯកតោភាគី តាមរយៈការបញ្ជូនកម្លាំងយោធាប្រដាប់ដោយអាវុធប្រមាណ៥០នាក់ មកបោះបង្គោល និងរាយលួសបន្លាយ៉ាងគឃ្លើននៅជិតតំបន់មុំ៣ (ភាគីថៃហៅ៖ ឆងបក)។ យ៉ាងណា អាជ្ញាធរថៃព្យាយាមដោះសារថា ទង្វើនេះធ្វើឡើងដើម្បីការពារអធិបតេយ្យភាពរបស់ខ្លួន ប៉ុន្តែវាបានស្តែងឱ្យឃើញយ៉ាងច្បាស់ពីចេតនាបង្កហេតុ និងរំលោភបំពានលើទឹកដីកម្ពុជាដោយខុសច្បាប់។ នេះបើយោងតាមខ្លឹមសារ ចេញផ្សាយដោយកាសែតថៃ កាលពីដើមខែមិថុនា។

យោងតាមរបាយការណ៍ កងកម្លាំងសុរៈនារីថៃ (กองเฉพาะกิจสุรนารี) កាលពីវេលាម៉ោង៧ៈ០៥នាទីយប់ ពួកគេបានចាប់ផ្តើមលួចរាយលួសបន្លាប្រវែងប្រហែល ១៥០ម៉ែត្រនៅភាគនិរតីនៃភ្នំ៧៤៥ ក្បែរតំបន់មុំ៣។ ភ្លាមៗ កងកម្លាំងការពារព្រំដែនកម្ពុជា បានចល័តចូលទៅអន្តរាគមន៍នៅតំបន់នោះភ្លាមៗ និងបានធ្វើការតវ៉ាយ៉ាងខ្លាំងក្លា ក៏ដូចជាទប់ស្កាត់មិនឱ្យភាគីថៃធ្វើអ្វីៗតាមអំពើចិត្តឡើយ។ យ៉ាងណា កងកម្លាំងសុរៈនារីថៃ បានអះអាងដោយបំភ្លៃថា សកម្មភាពនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងការពារខ្លួន និងដើម្បីពង្រឹងសន្តិសុខនៅក្នុងទឹកដីដែលគ្រប់គ្រងដោយប្រទេសថៃ វាជាប្រតិបត្តិការមួយនៃវិធានការសន្តិសុខជាប្រចាំនៅក្នុងតំបន់ ដែលស្ថិតក្រោមការទទួលខុសត្រូវរបស់កងកម្លាំងសុរៈនារីថៃ។(Sic)

យ៉ាងណា សកម្មភាពដោយឯកតោភាគីរបស់ភាគីថៃ ក្នុងការលួចរាយរបងលួសបន្លានៅតំបន់ព្រំដែនយ៉ាងអាថ៌កម្បាំងបែបនេះ គឺជាការរំលោភលើកិច្ចព្រមព្រៀង និងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិភាព ក៏ដូចជាសណ្តាប់ធ្នាប់នៅតាមបណ្តោយព្រំដែននៃប្រទេសទាំងក្បែរខាងទាំង២។ សូមបញ្ជាក់ថា គិតត្រឹមម៉ោងចេញផ្សាយនេះ ក្រសួងការពារជាតិកម្ពុជា មិនទាន់ចេញលិខិតព្រមាន ឬប្រតិកម្មផ្លូវការណាមួយនៅឡើយទេ ជុំវិញការវិវត្តចុងក្រោយនៃស្ថានការណ៍ព្រំដែន ដែលកំពុងមានភាពផុយស្រួយឆ្ពោះទៅរកការផ្ទុះសង្គ្រាមជាថ្មី ដ្បិតយោធាថៃឈ្លានពានព្យាយាមរុលចូលមកក្នុងដែនអធិបតេយ្យកម្ពុជាម្ដងហើយម្ដងទៀត និងបង្ករឿងមិនចេះចប់៕



