
រាជធានីតូក្យូ៖ កម្ពុជា តាមរយៈឯកអគ្គរាជទូតប្រចាំនៅប្រទេសជប៉ុន នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦នេះ បានដាក់លិខិតតវ៉ា និងបំភ្លឺជុំវិញអត្ថបទមួយរបស់សារព័ត៌មាន Nikkei Asia ក្រោមចំណងជើងថា៖«ការប៉ះទង្គិចគ្នានៅព្រំដែនថៃ-កម្ពុជា ប៉ះពាល់ដល់ឧស្សាហកម្មរថយន្តជប៉ុន» ចុះផ្សាយកាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦។ ស្ថានទូតកម្ពុជា ចាត់ទុកអត្ថបទនោះ មិនបានឆ្លុះបញ្ចាំងពីទស្សនៈរបស់កម្ពុជាយ៉ាងពេញលេញលើបញ្ហាទឹកដី និងស្ថានភាពនៅតំបន់ព្រំដែន ដែលកំពុងមានវិវាទ…។

ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន លោក ជុំ សុន្ទរី បញ្ជាក់ក្នុងលិខិតដាក់ទៅនិពន្ធនាយកសារព័ត៌មាន Nikkei Asia ដោយលើកឡើងថា តំបន់ដែលអត្ថបទសារព័ត៌មានបានហៅថា «ណងចាន់» ក្នុងខេត្តស្រះកែវ ប្រទេសថៃ គឺជាតំបន់ដែលកម្ពុជាចាត់ទុកជា «ភូមិជោគជ័យ» ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ក្នុងប្រទេសកម្ពុជា ពោលគឺជាទីកន្លែងដែលពលរដ្ឋខ្មែររស់នៅជាច្រើនទសវត្សរ៍មកហើយ។ ក្នុងន័យនេះកម្ពុជាបញ្ជាក់ថា៖«ការកំណត់ទីតាំងដោយផ្អែកតែទៅលើការអះអាងរបស់ភាគីថៃ អាចនាំឱ្យមានការយល់ច្រឡំ អំពីស្ថានភាពជាក់ស្តែង និងជំហររបស់កម្ពុជា»។

ដោយឡែក ចំពោះកន្លែងដែលអត្ថបទរៀបរាប់ថា ប្រទេសថៃ«បច្ចុប្បន្នគ្រប់គ្រងដោយជាក់ស្តែងលើទីតាំងនោះ» លោក ជុំ សុន្ទរី បំភ្លឺថា វត្តមានយោធា ឬការគ្រប់គ្រងរូបវន្តដោយជាក់ស្តែង មិនកំណត់អធិបតេយ្យភាពនោះទេ។ ពោលគឺកម្ពុជា មិនទទួលស្គាល់ខ្សែព្រំដែនណាមួយដែលបានបង្កើតឡើង តាមរយៈការប្រើប្រាស់កម្លាំង ការកាន់កាប់ ឬការទាមទារទឹកដីឯកតោភាគីនោះទេ។ កម្ពុជា ក៏មិនទទួលយកការប៉ុនប៉ងណាមួយ ដើម្បីផ្លាស់ប្ដូរស្ថានភាពនៃទឹកដីកម្ពុជា តាមរយៈការបង្កើតនូវអ្វីដែលបានកើតឡើងរួចហើយ នៅលើទីកន្លែងនោះដែរ។ ជាក់ស្តែង កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ រាជរដ្ឋាភិបាលកម្ពុជា បានតវ៉ាជាផ្លូវការចំពោះការបន្តរំលោភបំពានរបស់ភាគីថៃ មកលើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា ដែលកើតចេញពីការកាន់កាប់ដោយខុសច្បាប់ ដោយកងកម្លាំងប្រដាប់អាវុធថៃ ចាប់តាំងពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥មក។

រីឯចំណុចដែលអត្ថបទសារព័ត៌មានដដែលនេះ លើកឡើងពីការចោទប្រកាន់ និងការវាយតម្លៃរបស់យោធាថៃ រួមទាំងការអះអាងថា«កងកម្លាំងកម្ពុជាអាចបានដាក់មីន ទោះបីជាមានបទឈប់បាញ់ ដែលបានព្រមព្រៀងគ្នា កាលពីខែធ្នូក៏ដោយ» និងការព្រមានអំពីលទ្ធភាពនៃ«ការប្រយុទ្ធគ្នាជុំបន្ទាប់» ដោយមិនបានលើកពីការឆ្លើយតបរបស់កម្ពុជា ឬការផ្ទៀងផ្ទាត់ដោយឯករាជ្យនោះទេ។ លោក ជុំ សុន្ទរី ថ្លែងថា ទាំងនេះគឺជាការអះអាងដ៏ធ្ងន់ធ្ងរ ដែលមានផលប៉ះពាល់ខ្លាំងដល់ការយល់ឃើញរបស់សាធារណជនអំពីជម្លោះ។ លោកបន្តលើកឡើងថា ភាពរសើបនៃបញ្ហាបែបនេះ ការចោទប្រកាន់ដែលលើកឡើងដោយភាគីម្ខាង គួរតែត្រូវបានបែងចែកដាច់ចេញយ៉ាងច្បាស់ ពីអង្គហេតុដែលត្រូវបានផ្ទៀងផ្ទាត់ និងត្រូវបានលើកឡើងព្រមជាមួយនឹងទស្សនៈរបស់ភាគីពាក់ព័ន្ធម្ខាងទៀត។

ជាថ្មីម្ដងទៀត លោកឯកអគ្គរាជទូតអះអាងថា កម្ពុជាប្រកាន់ខ្ជាប់នូវគោលការណ៍ដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ កិច្ចព្រមព្រៀងទ្វេភាគី ធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន សន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍។ ក្នុងន័យនេះ កម្ពុជា អំពាវនាវឱ្យប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិរាយការណ៍ដោយមានតុល្យភាព និងគ្របដណ្ដប់ទស្សនៈរបស់គ្រប់ភាគីពាក់ព័ន្ធ ដើម្បីលើកកម្ពស់ការយល់ដឹងត្រឹមត្រូវ និងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី និងយូរអង្វែង៕







