រដ្ឋមន្ត្រីការពារជាតិជប៉ុនវាយបកទៅចិន មាននុយក្លេអ៊ែរពេញដៃ បែរមកចោទជប៉ុនដើរតាមផ្លូវ«យោធានិយមថ្មី»
N
Nary Vann
12 ម៉ោងមុន

សិង្ហបុរី៖ រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក ហ្ស៊ីនជីរ៉ូ កូអ៊ីហ្ស៊ូមិ (Shinjiro Koizumi) បានចេញមុខទាត់ចោលយ៉ាងដាច់អហង្កា ចំពោះការចោទប្រកាន់របស់រដ្ឋធានីប៉េកាំងដែលថា ជប៉ុនកំពុងដើរតាមផ្លូវ «យោធានិយមថ្មី» ព្រមទាំងបានវាយបក និងរិះគន់ប្រទេសចិនវិញចំៗ ជុំវិញការបង្កើនសមត្ថភាពយោធាយ៉ាងគំហុកដោយគ្មានតម្លាភាព។

លោក ហ្ស៊ីនជីរ៉ូ កូអ៊ីហ្ស៊ូមិ
លោក ហ្ស៊ីនជីរ៉ូ កូអ៊ីហ្ស៊ូមិ

ការថ្លែងការណ៍ដ៏ក្ដៅគគុកនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលសន្តិសុខអាស៊ី Shangri-La Dialogue ក្នុងប្រទេសសិង្ហបុរី នៅថ្ងៃទី៣១ឧសភានេះ ឆ្លុះបញ្ចាំងពីភាពតានតឹងកាន់តែជ្រៅរវាងមហាអំណាចសេដ្ឋកិច្ចទាំងពីរ។ លោក កូអ៊ីហ្ស៊ូមិ បានលើកឡើងជាសំណួរដេញដោលទៅកាន់អង្គប្រជុំថា៖«សូមគិតមើលចុះ! មានប្រទេសមួយ ដែលមានឃ្លាំងអាវុធនុយក្លេអ៊ែរដ៏មហិមា និងមានយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ (សំដៅលើចិន)។ ជប៉ុនគ្មានអាវុធទាំងនោះសោះ ប៉ុន្តែបែរជាត្រូវគេលាបពណ៌ថា ជាយោធានិយមថ្មីទៅវិញ..?»។ លោកបានសង្កត់ធ្ងន់ថា ចាប់តាំងពីសង្គ្រាមលោកលើកទី២ បញ្ចប់ទៅ ជប៉ុនបានគោរពច្បាប់អន្តរជាតិ និងធម្មនុញ្ញសហប្រជាជាតិយ៉ាងខ្ជាប់ខ្ជួន។ ការដែលចិនបន្តបង្កើនកញ្ចប់ថវិកាការពារជាតិកប់ពពក និងសកម្មភាពយោធាពាសវាលពាសកាលទៅវិញទេ ដែលជាក្ដីបារម្ភដ៏ធ្ងន់ធ្ងរសម្រាប់ជប៉ុន និងសហគមន៍អន្តរជាតិ។

កងទ័ពចិន
កងទ័ពចិន

គួររំឭកថា ទំនាក់ទំនងរវាងជប៉ុន និងចិន បានធ្លាក់ចុះដល់កម្រិតអាក្រក់បំផុតក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ បន្ទាប់ពីលោកស្រីនាយករដ្ឋមន្ត្រី សាណាអេ តាកៃឈី (Sanae Takaichi) ប្រកាសកាលពីខែវិច្ឆិកាឆ្នាំមុនថា ប្រសិនបើចិនហ៊ានវាយប្រហារលើកោះតៃវ៉ាន់ វានឹងរុញច្រានឱ្យមានការឆ្លើយតបខាងយោធាពីសំណាក់កងទ័ពជប៉ុនភ្លាមៗ។ ទោះជាយ៉ាងណា រដ្ឋមន្ត្រីការពារជាតិជប៉ុន បានសម្ដែងការសោកស្ដាយ ដែលមិនបានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការពារជាតិចិន លោក ដុង ជុន (Dong Jun) នៅក្នុងវេទិកានេះ ដោយសារភាគីចិន ខកខានមិនបានមកចូលរួមប្រជុំ២ឆ្នាំជាប់ៗគ្នារួចមកហើយ ប៉ុន្តែជប៉ុននៅតែបើកទ្វារស្វាគមន៍ជានិច្ច សម្រាប់ការចរចា ដើម្បីសន្តិភាពសកលលោក។

ជាមួយគ្នា លោក កូអ៊ីហ្ស៊ូមិ ក៏បានបញ្ជាក់ផងដែរថា ជប៉ុនប្ដេជ្ញានឹងដើរតួនាទីថ្មីក្នុងការសហការផ្ដល់ឧបករណ៍ការពារជាតិនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ក្រោយពីរាជធានីតូក្យូបានកែប្រែច្បាប់នាំចេញអាវុធដ៏ធំ កាលពីខែមេសាកន្លងទៅ អនុញ្ញាតឱ្យជប៉ុនអាចនាំចេញនាវាចម្បាំង និងមីស៊ីលទៅក្រៅប្រទេសបានជាលើកដំបូង ក្នុងរយៈពេលរាប់សិបឆ្នាំ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត