
សុខភាព៖ មុនក្បាលខ្មៅ គឺជាមុនបើកមុខមានក្បាលពណ៌ខ្មៅ កើតឡើងដោយសារការស្ទះធូលី ខ្លាញ់ កោសិកាស្បែកងាប់ៗ ។ល។ ចំពោះដំណោះស្រាយ សូមលោកអ្នកកុំបារម្ភ SBM News នឹងលើកយកវិធីសាស្ដ្រមួយចំនួន មកជម្រាបឱ្យបានជ្រាប…។

វិធីកម្ចាត់មុនក្បាលខ្មៅ មានដូចជា៖ ១.ប៉េងប៉ោះ៖ យកប៉េងប៉ោះ មួយចំណិតមកត្រដុសច្រមុះប្រហែល១នាទី សម្អាតជាតិខ្លាញ់ និងបង្រួមរន្ធញើស ដើម្បីកម្ចាត់មុនក្បាលខ្មៅ ព្រោះផ្លែប៉េងប៉ោះសម្បូរទៅដោយវីតាមីន C - A និងជួយឱ្យស្បែកនៅតំបន់ច្រមុះភ្លឺថ្លាថែមទៀតផង។ ២.ការឆ្ពុងមុខ៖ ការឆ្ពុងមុខជាមួយចំហាយទឹកក្ដៅឧណ្ហៗ បីដងក្នុងមួយសប្តាហ៍អាចជួយបើករន្ធញើស ធ្វើឱ្យស្បែកច្រមុះបែកញើស និងជួយសម្អាតជាតិពុលចេញពីរន្ធញើស ជួយឱ្យមុនក្បាលខ្មៅចេញមកក្រៅ។

៣.ស្រ្កាប់ម្សៅបេកឃីងសូដា៖ លាយម្សៅបេកឃីងសូដា មួយស្លាបព្រាបាយ ជាមួយទឹកក្រូចឆ្មាកន្លះស្លាបព្រាបាយ និងទឹកពីរស្លាបព្រាបាយ រួចកូរឱ្យសព្វ។ បន្ទាប់មកយកល្បាយនេះត្រដុសថ្នមៗលើច្រមុះ ទុកចោល១៥ ទៅ២០នាទី រួចលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗជាការស្រេច។ ការខាត់ស្បែកច្រមុះជាមួយល្បាយម្សៅបេកឃីងសូដា មិនត្រឹមតែអាចកម្ចាត់រន្ធញើស ដែលស្ទះទេ ថែមទាំងអាចធ្វើឱ្យកម្រិត pH នៅស្បែកច្រមុះមានតុល្យភាព និងអាចជួយការពារស្បែកច្រមុះពីការឆ្លងមេរោគទៀតផង។ លោកអ្នកអាចធ្វើបែបនេះ២ដងក្នុងមួយសប្តាហ៍។

៤.ម៉ាសស៊ុត-ស និងទឹកឃ្មុំ៖ លាយស៊ុត-សមួយគ្រាប់ជាមួយទឹកឃ្មុំមួយស្លាបព្រាបាយ បន្ទាប់មកលាបល្បាយនេះលើច្រមុះ និងគែមច្រមុះ ទុកចោលប្រហែល ១៥ទៅ២០នាទី រួចលាងសម្អាតជាមួយទឹកក្ដៅឧណ្ហៗ។ ភាពស្អិតរបស់ស្ក្រាប់នេះ នឹងជួយកម្ចាត់មុនក្បាលខ្មៅ និងភាពកខ្វក់ចេញពីរន្ធញើស ព្រោះស៊ុត-សអាចជួយបង្រួមរន្ធញើស ធ្វើឱ្យមុនក្បាលខ្មៅចេញមកក្រៅ និងអាចកាត់បន្ថយជាតិខ្លាញ់នៅតំបន់ស្បែកច្រមុះ។ លើសពីនេះទៅទៀត ទឹកឃ្មុំ ក៏អាចជួយកម្ចាត់បាក់តេរីក្នុងរន្ធញើស និងផ្តល់សំណើមដល់ស្បែកច្រមុះបានដែរ។ លោកអ្នកនាងអាចធ្វើបែបនេះ ពីរដងក្នុងមួយសប្តាហ៍ នោះនឹងឃើញលទ្ធផលផ្តល់ឱ្យ៕ អត្ថបទដកស្រង់៖ Hello គ្រូពេទ្យ



