
សុខភាព៖ ផ្លែបំពេញរាជ្យ (Santol, Wild mangosteen) គឺជាប្រភេទផ្លែឈើមួយដែលស្គាល់មនុស្សជាច្រើនបានច្រើន និងនិយមទទួលទានស្ទើរគ្រប់ៗគ្នា ដោយអ្នកខ្លះចូលចិត្តគ្រាប់វាណាស់លេបចូលក្នុងពោះតែម្ដង ដោយគិតថាមិនអីការទទួលទានបែបនេះ អាចបង្កជាគ្រោះថ្នាក់ណាស់។ ថ្ងៃនេះ SBM News នឹងលើកយកមកជម្រាបជូនអំពីផលប៉ះពាល់ធ្ងន់ធ្ងរ២យ៉ាង នៅពេលលោកអ្នកបានលេបវាចូលទៅក្នុងពោះ..។

នៅពេលលោកអ្នកទទួលទានគ្រាប់បំពេញរាជ្យចូលទៅក្នុងពោះ វានឹងធ្វើឱ្យ ទី១.គ្រាប់នោះនឹងកកស្ទះយូរនៅក្នុងពោះវៀនធំ លាយឡំជាមួយលាមកបង្កឱ្យលាមកក្តៀន ហើយពោះវៀនបាត់បង់សមត្ថភាពរុញកាកសំណល់ចេញមកក្រៅ ធ្វើឱ្យមិនអាចបត់ជើងច្រើនថ្ងៃរហូតដល់តឹងពោះខ្លាំង ហូបអីមិនបាន និងមានអាការក្អួតខ្លាំងក្រោយហូបអាហារ។ ទី២.គ្រាប់បំពេញរាជ្យដែលបានលេបចូលទៅក្នុង វានឹងកកិតភ្នាសពោះវៀន ដែលអាចបង្កឱ្យមានការចាក់មុតធ្លុះដាច់ធ្លាយពោះវៀន សាយភាយលាមក និងមេរោគ បណ្ដាលឱ្យរលាកស្រោមពោះធ្ងន់ធ្ងរ ដោយពេលខ្លះការមកដល់មន្ទីរពេទ្យយឺតរបស់អ្នកជំងឺ ក៏អាចធ្វើឱ្យមានការលំបាកក្នុងការសង្រ្គោះអាយុជីវិត ទោះបីបានព្យាបាលដោយការវះកាត់ក៏ដោយ។

ចំណែក វិធីព្យាបាលផលវិបាក ក្នុងករណីហូបគ្រាប់ចំនួនតិចអាចបង្កផលវិបាកកម្រិតស្រាល នោះការព្យាបាលដោយប្រើថ្នាំបន្ទន់លាមកឱ្យបន្ទោរបង់គ្រាប់ទាំងនោះចេញមកវិញ។ តែបើករណីអ្នកជំងឺមានផលវិបាកធ្ងន់ធ្ងរទាំងពីរ ដូចបានរៀបរាប់ខាងលើ គឺចាំបាច់ព្យាបាលដោយការវះកាត់ ហើយលាងសម្អាតស្រោមពោះ និងវះកាត់ពោះវៀនទៅតាមក្បួនវេជ្ជសាស្ត្រ។ ហេតុដូច្នេះ សូមបងប្អូនមេត្តាហាមបរិភោគគ្រាប់ផ្លែឈើណាធំៗ តួយ៉ាងគ្រាប់ផ្លែបំពេញរាជ្យនេះ ជាដើម ដែលមិនអាចរំលាយក្នុងប្រព័ន្ធរំលាយអាហារបាន៕ ដកស្រង់ចេញពីផេកមន្ទីរពេទ្យកាល់ម៉ែត



