
សុខភាព៖ ស្ត្រីដែលកំពុងមានទម្ងន់ ត្រូវការសារជាតិចិញ្ចឹមសម្រាប់ការលូតលាស់ ក៏ដូចជាជួយទ្រទ្រង់ដល់ការឡើងទម្ងន់របស់ទារក ប្រកបដោយសុខភាពល្អ។ ដូច្នេះ ការទទួលទានផ្លែឈើ នឹងផ្ដល់វីតាមីន និងសារធាតុរ៉ែ ចាំបាច់ជាច្រើនដល់រាងកាយ។ ជាក់ស្តែង ផ្លែស្រកានាគ គឺជាជម្រើសដ៏ល្អបំផុត ដែលស្ត្រីមានគភ៌មិនគួរមើលរំលងព្រោះ មានគុណប្រយោជន៍៤យ៉ាង…។

១.សម្បូរជាតិខ្លាញ់ល្អ៖ ស្ត្រីដែលកំលុងពេលពពោះត្រូវការជាតិខ្លាញ់ល្អ ជាប្រភពថាមពលដល់ខ្លួន រួមទាំងកូនផងដែរ ព្រោះខួរក្បាលរបស់ទារកកំពុងលូតលាស់។ សារធាតុនេះ អាចរកបាននៅក្នុងផ្លែស្រកានាគ ដោយចំនួនមួយផ្លែ មានជាតិខ្លាញ់ប្រហែល០,១ ទៅ០,៦ក្រាម អាចជួយគាំទ្រដល់ការឡើងទម្ងន់ពេលពពោះ ប្រកបដោយសុខភាពល្អ។ ២.ជាតិសរសៃគ្រប់គ្រាន់៖ អាហារជាតិសរសៃ ជួយឱ្យមានអារម្មណ៍ថាឆ្អែត និងជួយគ្រប់គ្រងមុខងាររបស់ពោះវៀនបានល្អ។ កំលុងពេលពពោះ តែងជួបប្រទះនឹងការទល់លាមកជាញឹកញាប់ ដូច្នេះ ការទទួលទានអាហារមានជាតិសរសៃគ្រប់គ្រាន់ អាចជួយកាត់បន្ថយបញ្ហានេះ បានយ៉ាងមានប្រសិទ្ធភាព។ តួយ៉ាង ដូចជាផ្លែស្រកានាគ ដោយចំនួន១ផ្លែមានផ្ទុកជាតិសរសៃប្រហែលពី០,៣ ទៅ០,៩ក្រាម។ ចំពោះស្ត្រីពពោះ ត្រូវការអាហារជាតិសរសៃ យ៉ាងហោចណាស់២៨ក្រាមក្នុងមួយថ្ងៃ។

៣.វីតាមីនC៖ ស្ត្រីដែលកំលុងពេលពពោះ ទទួលបានវីតាមីន C គ្រប់គ្រាន់ពីអាហារមានសារសំខាន់ណាស់ ក្នុងការទ្រទ្រង់អញ្ចាញធ្មេញ ធ្មេញ និងការលូតលាស់ឆ្អឹងរបស់ទារក។ យោងតាម Dietary Reference Intake ស្ត្រីពពោះគួរបញ្ចូលរបបអាហារដែលមានផ្ទុកវីតាមីនC យ៉ាងហោចណាស់៧០មិល្លីក្រាមក្នុងមួយថ្ងៃ។ រីឯផ្លែស្រកានាគ ចំនួន១០០មិល្លីក្រាម មានផ្ទុកវីតាមីនC យ៉ាងហោចណាស់៤ ទៅ២៥មិល្លីក្រាម។ ដូច្នេះផ្លែស្រកានាគ ជាជម្រើសល្អមួយសម្រាប់ស្ត្រីៗកំពុងពពោះ។ ៤.ប្រភពកាបូអ៊ីដ្រាតល្អ៖ ផ្លែស្រកានាគ គឺជាប្រភពកាបូអ៊ីដ្រាតធម្មជាតិ ហើយផ្លែស្រកានាគចំនួន១០០ក្រាម មានផ្ទុកកាបូអ៊ីដ្រាតប្រហែល៩ទៅ១៤ក្រាម។ ចំណែកស្ត្រីពពោះ ត្រូវទទួលបានកាបូអ៊ីដ្រាតអប្បបរមា ចំនួន១៣៥ក្រាមក្នុងមួយថ្ងៃ ដើម្បីផ្ដល់ប្រភពថាមពលនៅពេលដែលទារកលូតលាស់៕ អត្ថបទដកស្រង់៖ Hello គ្រូពេទ្យ



