វិបត្តិប្រជាសាស្ត្រជប៉ុនកាន់តែធ្ងន់ធ្ងរ៖ ចំនួនប្រជាជនធ្លាក់ចុះខ្លាំងបំផុតក្នុងប្រវត្តិសាស្ត្រជាង១០០ឆ្នាំ
N
Nary Vann
6 ម៉ោងមុន

រាជធានីតូក្យូ៖ ទិន្នន័យជំរឿនប្រជាជនបឋមរបស់ប្រទេសជប៉ុន ចេញផ្សាយនៅថ្ងៃទី២៩ឧសភានេះ បង្ហាញថា ចំនួនប្រជាជនជប៉ុន បានធ្លាក់ចុះក្នុងអត្រាបំបែកកំណត់ត្រាដល់ទៅ២,៥ភាគរយ ក្នុងរយៈពេលត្រឹមតែ៥ឆ្នាំចុងក្រោយ(២០២០-២០២៥) ដោយបច្ចុប្បន្នចំនួនប្រជាជនសរុប បានថយចុះមកសល់ត្រឹម១២៣លាននាក់ ពោលគឺបាត់បង់ប្រជាជនអស់ជាង៣លាននាក់ បើធៀបនឹងការធ្វើជំរឿនកាលពីឆ្នាំ២០២០...។

នេះគឺជាការធ្លាក់ចុះដ៏គំហុក និងធំបំផុតមិនធ្លាប់មាន គិតចាប់តាំងពីប្រទេសជប៉ុនផ្តើមធ្វើជំរឿនរៀងរាល់៥ឆ្នាំម្ដង ក្នុងឆ្នាំ១៩២០មក ខណៈអត្រាថយចុះនេះ មានទំហំច្រើនជាង៣ដង បើធៀបនឹងទិន្នន័យចន្លោះឆ្នាំ២០១៥ ដល់២០២០។ អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន លោក មីណូរូ គីហារ៉ា​ (Minoru Kihara) បានទទួលស្គាល់ថា ទិន្នន័យនេះបានបញ្ជាក់យ៉ាងច្បាស់ ថាវិបត្តិឱនភាពប្រជាជននៅក្នុងប្រទេស កំពុងតែធ្លាក់ដុនដាបកាន់តែជ្រៅទៅៗ។ បញ្ហានេះ កើតឡើងដោយសារជប៉ុនជាប្រទេសមានអត្រាកើតទាបបំផុតមួយក្នុងពិភពលោក និងមានចំនួនមនុស្សចាស់កើនឡើងលឿនពេក ខណៈអត្រាកើតក្នុងឆ្នាំ២០២៥ បានបន្តធ្លាក់ចុះជាឆ្នាំទី១០ជាប់ៗគ្នា ដោយមានទារកកើតថ្មីសរុបត្រឹមតែ៧០៥ ៨០៩នាក់ប៉ុណ្ណោះ។

ទោះបីជាកន្លងមករដ្ឋាភិបាល បានខិតខំប្រឹងប្រែងបង្កើតកម្មវិធីជំនួយជាច្រើន ដូចជា បង្កើតកម្មវិធីស្វែងរកគូស្រករ ការបង្កើនប្រាក់ឧបត្ថម្ភចិញ្ចឹមកូន និងការជួយជ្រោមជ្រែងថវិកាក្នុងអំឡុងពេលឈប់សម្រាកសម្រាលកូនក៏ដោយ ក៏នៅតែមិនទាន់ទទួលបានជោគជ័យដុំកំភួនដែរ។ ស្របពេលក្រុមអ្នកជំនាញជាច្រើនមើលឃើញថា ការបើកចំហទទួលយកជនអន្តោប្រវេសន៍ គឺជាដំណោះស្រាយដ៏ល្អបំផុតមួយ ដើម្បីសង្គ្រោះវិបត្តិកង្វះកម្លាំងពលកម្ម ប៉ុន្តែនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី សាណាអេ តាកែឈី (高市早苗) បែរជាកំពុងរុញច្រាន និងរឹតបន្តឹងវិធានការឱ្យកាន់តែតឹងរ៉ឹងជាងមុន ដើម្បីទប់ស្កាត់រំហូរចូលនៃជនបរទេសទៅវិញ ដែលកត្តានេះ កំពុងធ្វើឱ្យជប៉ុនប្រឈមមុខនឹងការដោះស្រាយវិបត្តិដ៏ស្មុគស្មាញ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត