
រាជធានីតូក្យូ៖ កាលពីឆ្នាំ២០២០ មន្ត្រីឆ្មាំសមុទ្ទជប៉ុន បានបើកប្រតិបត្តិការបង្ក្រាបទៅលើជនជាតិថៃម្នាក់ដែលបានលួចស្ទូចបង្កងនាគ ខុសច្បាប់។ ពេលនេះ អាជ្ញាធរ បានចាប់ខ្លួនសិក្ខាកាមបច្ចេកទេសជនជាតិថៃចំនួន៤នាក់ នៅទីក្រុងចូស៊ី (Choshi) ខេត្តឈីបា Chiba ពីបទលួចស្ទូចបង្កងនាគ (Spiny lobsters) ដដែលនេះ។ សម្រាប់ប្រទេសជប៉ុន បង្កងនាគ ជាប្រភេទជលផលការពារ និងហាមឃាត់មិនឱ្យមានការនេសាទ ដោយគ្មានការអនុញ្ញាតឡើយ...។

ហេតុការណ៍នេះ កើតឡើងនៅឯផែមួយកន្លែងក្នុងទីក្រុងចូស៊ី បន្ទាប់ពីកងឆ្មាំសមុទ្ទបានសម្ងំឃ្លាំមើល ក្រោយទទួលសេចក្តីរាយការណ៍ពីប្រជាជនជប៉ុនថា មានក្រុមជនសង្ស័យ លួចនេសាទខុសច្បាប់នៅពេលយប់។ នៅពេលសមត្ថកិច្ចចូលទៅដល់ ជនសង្ស័យទាំង៤នាក់ កំពុងកាន់ឧបករណ៍ស្ទូចត្រី ហើយម្នាក់ក្នុងចំណោមនោះទើបនឹងទាញបង្កងនាគឡើងពីទឹក។ ភ្លាមៗ...ពួកគេបានព្យាយាមរត់គេចខ្លួន និងបោះកាបូបចូលទៅក្នុងទឹកដើម្បីបំបាត់ភស្តុតាង ប៉ុន្តែត្រូវបានកងឆ្មាំសមុទ្ទដេញចាប់ខ្លួនបានទាំងអស់។ អាជ្ញាធរបានដកហូតបង្កងនាគចំនួន៩ក្បាល ទម្ងន់សរុប១,៦គីឡូក្រាម ខណៈជនសង្ស័យដោះសារថា ពួកគេស្ទូចយកទៅធ្វើជាអាហារផ្ទាល់ខ្លួន មិនមែនសម្រាប់យកទៅលក់ដូរឡើយ។

បច្ចុប្បន្ន អ្នកទាំង៤នាក់កំពុងស្ថិតក្រោមការឃុំខ្លួន ដើម្បីបន្តនីតិវិធីផ្លូវច្បាប់ ដែលពួកគេអាចប្រឈមនឹងការផាកពិន័យជាប្រាក់រហូតដល់១លានយ៉េន (ឬត្រូវនឹងប្រហែល ២២០ ០០០បាតថៃ) មុនពេលបណ្ដេញចេញពីប្រទេសជប៉ុន។ ព័ត៌មាននៃការចាប់ខ្លួននេះ បានក្លាយជាប្រធានបទក្ដៅគគុកនៅលើបណ្តាញសង្គម ទាំងក្នុងសហគមន៍ថៃ និងជប៉ុន។ ពលរដ្ឋថៃ នៅក្នុងប្រទេសជប៉ុនជាច្រើន បានចេញមុខរិះគន់ក្រុមនេះយ៉ាងចាស់ដៃ ចំពោះការព្រងើយកន្តើយនឹងស្លាកសញ្ញាព្រមាននៅទីតាំងកើតហេតុ ដែលទង្វើនេះ កំពុងធ្វើឱ្យខូចកេរ្តិ៍ឈ្មោះពលរដ្ឋថៃទាំងមូល ដែលបាននិងកំពុងធ្វើការដោយសុចរិតនៅជប៉ុន។

ដោយឡែក អ្នកលេងបណ្តាញសង្គមជប៉ុន បានអំពាវនាវឱ្យមានការបណ្ដេញចេញ និងហាមឃាត់មិនឱ្យចូលប្រទេសជប៉ុនជារៀងរហូត ព្រមទាំងដេញដោលពីផលប៉ះពាល់នៃ«កម្មវិធីសិក្ខាកាមបរទេស»ទៅលើអត្រាបទល្មើសនៅក្នុងប្រទេសផងដែរ។ គួរបញ្ជាក់ថា បង្កងនាគមួយក្បាល អាចមានតម្លៃថ្លៃរហូតដល់១៥០០០យ៉េន (ឬជាង ៣០០០បាត) នៅលើទីផ្សារជប៉ុន ដែលកន្លងមកទីតាំងនេះតែងមានករណីលួចស្ទូចខុសច្បាប់ជាញឹកញាប់ ដើម្បីយកទៅលក់បន្ត ក្នុងនោះ ក៏ធ្លាប់មានពលរដ្ឋថៃម្នាក់ត្រូវបានចាប់ខ្លួនពីបទល្មើសដូចគ្នានេះដែរ កាលពីឆ្នាំ២០២០កន្លងទៅ៕


