អន្តរក្រសួង អំពាវនាវឱ្យបញ្ឈប់ការប្រើឯកសណ្ឋានមន្ត្រីនៅថ្ងៃមង្គលការ រួមទាំងកិច្ចសំពះផ្ទឹមក្នុងពិធីភ្ជាប់ពាក្យ
អុន សម្ផស្ស
7 ម៉ោងមុន

រាជធានីភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងធម្មការ និងសាសនា នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦នេះ បានចេញសេចក្តីជូនដំណឹងរួមមួយ ដោយអំពាវនាវដល់សាធារណជន ក៏ដូចជាអ្នកពាក់ព័ន្ធដែលរៀបចំពិធីអាពាហ៍ពិពាហ៍ទាំងអស់ ឱ្យគោរពតាមទម្រង់ដើមនៃប្រពៃណីខ្មែរ និងជៀសវាងការអនុវត្ត ដែលមិនស្របតាមទំនៀមទម្លាប់បុរាណ...។

រូបភាពតំណាង
រូបភាពតំណាង

តាមរយៈសេចក្តីអំពាវនាវ ក្រសួងទាំងពីរលើកឡើងថា ក្នុងរយៈពេលកន្លងមកមានប្រជាពលរដ្ឋមួយចំនួនបានរៀបចំពិធីភ្ជាប់ពាក្យ ដោយបញ្ចូលកិច្ចសំពះផ្ទឹម និងចងដៃដែលជាពិធីត្រូវអនុវត្តក្នុងថ្ងៃមង្គលការប៉ុណ្ណោះ។ ទន្ទឹមនឹងនេះ ក៏មានការប្រើប្រាស់ឯកសណ្ឋានមន្ត្រីរាជការ សញ្ញាស័ក្តិ និងរូបសញ្ញារដ្ឋបាលក្នុងពិធីមង្គលការមួយចំនួនផងដែរ។ ក្រសួងចាត់ទុកទង្វើទាំងនេះ៖«មិនស្របតាមប្រពៃណី និងបទប្បញ្ញត្តិជាធរមាន»។ ផ្ទុយមកវិញក្រសួងពន្យល់ថា ពិធីភ្ជាប់ពាក្យ ឬស្តីដណ្តឹង គឺជាដំណាក់កាលដំបូងនៃការព្រមព្រៀងរវាងគ្រួសារទាំងសងខាង ដើម្បីភ្ជាប់ទំនាក់ទំនងកូនចៅឱ្យក្លាយជាគូស្រករនាពេលអនាគត។ ក្នុងពិធីនេះ តាមប្រពៃណីខ្មែរ មានត្រឹមកិច្ចចែចូវ ស្តីដណ្តឹង បំពាក់ចិញ្ចៀន និងពិសាស្លាភ្ជាប់ពាក្យប៉ុណ្ណោះ ខណៈសាមីខ្លួនប្រុស-ស្រី នៅមិនទាន់ក្លាយជាប្ដីប្រពន្ធពេញលក្ខណៈតាមច្បាប់ និងប្រពៃណីនៅឡើយទេ។

រូបភាពតំណាង
រូបភាពតំណាង

ចំពោះកិច្ចសំពះផ្ទឹម និងចងដៃ គឺជាពិធីសំខាន់មួយក្នុងថ្ងៃមង្គលការ ដែលមានន័យជាការផ្សំផ្គុំសាមីខ្លួនប្រុស-ស្រី ឱ្យក្លាយជាប្ដីប្រពន្ធស្របតាមប្រពៃណី ដោយមានការទទួលស្គាល់ និងប្រសិទ្ធពរពីញាតិមិត្តទាំងសងខាង។ ក្រសួងទាំងពីរសង្កត់ធ្ងន់ថា៖«ប្រពៃណីខ្មែរបុរាណមិនមានការរៀបចំកិច្ចសំពះផ្ទឹមចងដៃក្នុងថ្ងៃភ្ជាប់ពាក្យនោះទេ ហើយការអនុវត្តបែបនេះ អាចប៉ះពាល់ដល់គុណតម្លៃ និងអត្ថន័យដើមនៃពិធីមង្គលការខ្មែរ»។ ជាមួយគ្នា នឹងការអំពាវនាវនេះ ក្រសួងក៏បានណែនាំ ឱ្យសាធារណជន ជៀសវាងការប្រើប្រាស់ឯកសណ្ឋានមន្ត្រីរាជការ សញ្ញាស័ក្តិ និងរូបសញ្ញារដ្ឋបាលក្នុងពិធីមង្គលការ ព្រោះឯកសណ្ឋានទាំងនេះ ត្រូវបានកំណត់សម្រាប់ការបំពេញភារកិច្ចផ្លូវការ និងការប្រើប្រាស់តាមបទប្បញ្ញត្តិរដ្ឋប៉ុណ្ណោះ។ ក្នុងន័យនេះ ក្រសួងវប្បធម៌ និងក្រសួងធម្មការ អំពាវនាវដល់អ្នកសម្អាងការ អាចារ្យ អ្នកភ្លេង អ្នកសិល្បៈ ក្រុមហ៊ុនផ្តល់សេវាកម្ម និងប្រជាពលរដ្ឋទូទៅ ឱ្យចូលរួមគោរព និងអនុវត្តពិធីអាពាហ៍ពិពាហ៍តាមលំអានប្រពៃណីខ្មែរឱ្យបានត្រឹមត្រូវ ដើម្បីរួមគ្នាអភិរក្ស និងលើកតម្កើងវប្បធម៌ដ៏ផូរផង់របស់ជាតិឱ្យគង់វង្សសម្រាប់មនុស្សជំនាន់ក្រោយ៕

រូបភាពតំណាង
រូបភាពតំណាង
រូបភាពតំណាង
រូបភាពតំណាង
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត