
ក្រុងសៀមរាប៖ វិស័យទេសចរណ៍នៅតំបន់អង្គរ នៅតែប្រឈមនឹងការថយចុះទាំងចំនួនភ្ញៀវ និងចំណូលក្នុងឆ្នាំ២០២៦ បើទោះបីជាតំបន់បេតិកភណ្ឌពិភពលោកមួយនេះ គឺជាគោលដៅទេសចរណ៍ដ៏សំខាន់របស់ប្រទេស។ ជាក់ស្តែង ទាំងចំនួនភ្ញៀវ និងចំណូលនៅរមណីយដ្ឋានអង្គរ បន្តធ្លាក់ចុះជាង២៧ទៅជិត៣២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥..។

គ្រឹះស្ថានអង្គរ បង្ហាញរបាយការណ៍នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦នេះ ដោយលើកឡើងថា ពេញ១ខែឧសភាមានភ្ញៀវទេសចរបរទេសទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ប្រមាណជាង៣ម៉ឺននាក់ គិតជាទឹកប្រាក់ពីការលក់សំបុត្រប្រមាណជា ១លានដុល្លារអាម៉េរិក ថយចុះ២៧,៦៨ភាគរយបើធៀបឆ្នាំ២០២៥។ តាមរយៈទិន្នន័យសរុប មានចំណូលប្រមាណជាង៨ពាន់ដុល្លារ បានពីភ្ញៀវទេសចរចូលទស្សនាប្រាសាទកោះកែរ, ជាង៧ពាន់ដុល្លារ បានពីភ្ញៀវទិញសំបុត្រចូលទស្សនាប្រាសាទបេងមាលា, ៤០០ដុល្លារបានពីភ្នំក្បាលស្ពាន និងលក់សំបុត្រទូកនៅកំពង់ផែចុងឃ្លៀសជាង៤ម៉ឺនដុល្លារបន្ថែម។

តាមសេចក្តីប្រកាសដដែល គ្រឹះស្ថានអង្គរសរុបជារួមថា សម្រាប់រយៈពេល៥ខែដំបូង ឆ្នាំ២០២៦ ចាប់ពីខែមករា ដល់ខែឧសភា ចំនួនភ្ញៀវទេសចរបរទេស ដែលបានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរសរុបជាង៣៥ម៉ឺននាក់ ថយចុះ៣១,៨៦ភាគរយ ខណៈចំណូលពីការលក់សំបុត្រសរុបចំនួនជាង១៧លានដុល្លារអាម៉េរិក ថយចុះ ២៩,៩៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។ ក្នុងរយៈពេលដូចគ្នានេះ ប្រាសាទកោះកែរ ទទួលបានចំណូលសរុបជាង១១ម៉ឺនដុល្លារ ខណៈប្រាសាទបេងមាលាទទួលបានជាង៧ម៉ឺនដុល្លារ និងភ្នំក្បាលស្ពានទទួលបានជាង៣ពាន់ដុល្លារ។ ចំណែកចំណូលពីការលក់សំបុត្រទូកនៅកំពង់ផែចុងឃ្លៀសសម្រេចបាន៣៩ម៉ឺនដុល្លារ ដោយមានទូកដំណើរការសរុប៩០៦៣គ្រឿង៕





