
រាជធានីភ្នំពេញ៖ នៅទីបំផុត សមត្ថកិច្ចខេត្តកំពត និងបក្ខពួកសរុបចំនួន៥៤នាក់ ដែលបានធ្វើសកម្មភាពលួចសម្ភារក្នុងកាស៊ីណូព្រែកចាក ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកានផ្លូវការក្នុងបទល្មើសចំនួន៣ផ្សេងគ្នា ដែលប្រព្រឹត្តិនៅកាស៊ីណូក្នុងតំបន់ព្រែកចាក ស្រុកកំពង់ត្រាច ខេត្តកំពត...។

លោក ប្លង់ សុផល ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៦នេះ បានបញ្ជាក់ថា ជនសង្ស័យទាំង៥៤នាក់ រួមមាន៖ មន្ត្រីនគរបាល មន្ត្រីកងរាជអាវុធហត្ថ និងបក្ខពួក ត្រូវតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ និងឃុំខ្លួនបណ្ដោះអាសន្ន ពីបទ ផ្ដើមគំនិត សមគំនិត ក្នុងអំពើលួចដោយមានស្ថានទម្ងន់ទោស និងបទលុបបំបាត់ភស្តុតាង និងបទទទួលផលចោរកម្ម តាមបញ្ញត្តិមាត្រា២៨ មាត្រា២៩ មាត្រា៣៥៣ មាត្រា៣៥៧ មាត្រា៣៩៩ មាត្រា៤០០ និងមាត្រា៥៣៣ នៃក្រមព្រហ្មទណ្ឌ។ សូមជម្រាបថា មុនឈានដល់ការចាប់ខ្លួនជនសង្ស័យជាមន្ត្រីរាជការក្នុងខេត្តកំពតនេះ កន្លងមក ទីតាំងខាងលើត្រូវបានគេស្គាល់ថា ជារបស់អតីតឧកញ៉ា លី គួង ដែលអាជ្ញាធរឆ្មក់បង្ក្រាប និងបិទជាបណ្ដោះអាសន្នក្រោយជាប់ពាក់ព័ន្ធបទល្មើស Online Scams។

ក្រោយជនល្មើសទាំងនោះ រួមគំនិតគ្នាចូលលួចយកវត្ថុតាងដែលបម្រើឱ្យសកម្មភាពប្រព្រឹត្តបទល្មើស Online Scams ជាប្រភេទគ្រឿងអេឡិចត្រូនិកមានតម្លៃរាប់ម៉ឺនដុល្លារ ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចចុះចាប់ខ្លួនភ្លាមៗ និងស្វែងរកអ្នកពាក់ព័ន្ធទាំងអស់ បន្ទាប់ពីដំណឹងខាងលើត្រូវបែកធ្លាយលើបណ្តាញសង្គម។ ដោយឡែក បើយោងតាមមាត្រា៣៥៧ ស្ថានទម្ងន់ទោសដោយការប្រព្រឹត្តអំពើហិង្សា អំពើលួច ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៣(បី) ឆ្នាំទៅ១០(ដប់)ឆ្នាំ ដូច្នេះ តាមច្បាប់កម្ពុជា ក្នុងសំណុំរឿង១ បើជនល្មើសត្រូវចោទប្រកាន់២បទល្មើស ឬច្រើនជាង២ គឺមិនកាត់ទោសទៅតាមបទល្មើសទាំងអស់នោះទេ ដោយក្នុងចំណោមបទល្មើសទាំងអស់ តុលាការនឹងជ្រើសរើសយកបទល្មើសណាមួយមានទោសច្រើនជាងគេ ដើម្បីកាត់ទោសលើជនជាប់ចោទដែលបានប្រព្រឹត្តបទល្មើស។ វិធានការនេះ ហៅថា ការស្រូបទោស! ការស្រូបទោសនេះ គឺជាវិធានមួយដែលគេប្រើក្នុងការប្រកាសទោសរួម នៃបទល្មើសត្រួតគ្នា៕






