ម៉ាឡេស៊ីចាត់វិធានក្ដៅ៖ ក្មេងអាយុក្រោម១៦ឆ្នាំ ហាមលេងបណ្ដាញសង្គមដាច់ខាត
N
Nary Vann
10 ម៉ោងមុន

រាជធានីគូឡាឡាំពួរ៖ ប្រទេសម៉ាឡេស៊ី បានចាប់ផ្ដើមអនុវត្តច្បាប់ហាមឃាត់កុមារអាយុក្រោម១៦ឆ្នាំ មិនឱ្យបង្កើត ឬកាន់កាប់គណនីបណ្ដាញសង្គមជាផ្លូវការហើយ នៅថ្ងៃទី១មិថុនានេះ ដើម្បីការពារពួកគេពីមាតិកាគ្រោះថ្នាក់ ការបៀតបៀនតាមអនឡាញ និងការពារផ្លូវចិត្ត កុំឱ្យជក់ងប់ងល់នឹងបណ្ដាញសង្គមខ្លាំងពេក...។

វិធានការនេះ តម្រូវឱ្យបណ្ដាញសង្គមធំៗដែលមានអ្នកប្រើប្រាស់លើសពី៨លាននាក់ ដូចជា៖ ហ្វេសប៊ុក (Facebook), អ៊ីនស្តាក្រាម (Instagram), ទិកតុក (TikTok) និងយូធូប (YouTube) ត្រូវបង្កើតប្រព័ន្ធផ្ទៀងផ្ទាត់អាយុឱ្យបានម៉ត់ចត់ ដើម្បីស្ទាក់ចាប់ និងរារាំងអ្នកប្រើប្រាស់វ័យក្មេងទាំងនោះ បើពុំនោះទេ នឹងត្រូវប្រឈមការផាកពិន័យរហូតដល់១០លានរីងហ្គីត (ឬត្រូវនឹងប្រហែល២,៥លានដុល្លារអាម៉េរិក) តែអាណាព្យាបាល ឬឪពុកម្តាយមិនរងពិន័យឡើយ។

យ៉ាងនេះក្ដី ក្រុមហ៊ុន Meta និងអ្នកជំនាញបានបង្ហាញក្ដីបារម្ភថា ច្បាប់នេះអាចហុចផលអវិជ្ជមាន ដោយរុញច្រានកុមារឱ្យទៅប្រើប្រាស់គេហទំព័រខុសច្បាប់ ដែលគ្មានការគ្រប់គ្រង ព្រមទាំងបង្កើតជាចន្លោះប្រហោង និងការព្រួយបារម្ភ ជុំវិញសុវត្ថិភាពទិន្នន័យឯកជន ក្នុងការទាមទារអត្តសញ្ញាណបណ្ណ ដើម្បីត្រួតពិនិត្យអាយុរបស់អ្នកប្រើប្រាស់ផងដែរ។ គួរបញ្ជាក់ថា ម៉ាឡេស៊ី បានដើរតាមគន្លងនៃបណ្ដាប្រទេសមួយចំនួនដូចជា៖ អូស្ត្រាលី ប្រេស៊ីល និងឥណ្ឌូណេស៊ី ដែលបានដាក់ចេញនូវការរឹតត្បិតអាយុនេះដល់ក្រុមបណ្ដាញសង្គមធំៗ ខណៈប្រទេសមួយចំនួនទៀតរួមមាន៖ អង់គ្លេស បារាំង អេស្ប៉ាញ ដាណឺម៉ាក កូរ៉េខាងត្បូង និងថៃ កំពុងស្ថិតក្នុងដំណាក់កាលសិក្សា ដើម្បីរៀបចំច្បាប់ស្រដៀងគ្នានេះផងដែរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត