
រាជធានីគូឡាឡាំពួ៖ គ្រោះអគ្គិភ័យដ៏សន្ធោសន្ធៅមួយ បានបំផ្លិចបំផ្លាញផ្ទះសម្បែងប្រហែល១ពាន់ខ្នង ភាគច្រើនជាផ្ទះឈើសង់លើសសរខ្ពស់ៗកណ្ដាលទឹក នៅភូមិជាប់ឆ្នេរសមុទ្ទនៃរដ្ឋសាបា (Sabah) ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី១៩ ខែមេសា ម្សិលមិញ។ សោកនាដកម្មមួយនេះ បានធ្វើឱ្យមនុស្សរាប់ពាន់នាក់ត្រូវបាត់បង់ទីជម្រកទាំងកណ្ដាលយប់។

អាជ្ញាធរបានឱ្យដឹងថា អគ្គិភ័យនេះ បានផ្ទុះឡើងនៅព្រឹកព្រលឹមថ្ងៃអាទិត្យ ក្នុងភូមិលើទឹកមួយកន្លែងក្នុងស្រុកសានដាកាន (Sandakan) ជាតំបន់ប្រមូលផ្ដុំដោយពលរដ្ឋក្រីក្របំផុត រួមទាំងជនជាតិដើមភាគតិច និងជនគ្មានសញ្ជាតិច្បាស់លាស់។ លោក ចច អេប រ៉ាម៉ាន់ (George Abd Rakman) ស្នងការនគរបាលស្រុកសានដាកាន បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ហេតុការណ៍ដ៏រន្ធត់ និងខ្លោចផ្សានេះ បានជះឥទ្ធិពលដល់ពលរដ្ឋសរុបដល់ទៅ៩០០៧នាក់។

ហេតុដែលធ្វើឱ្យភ្លើងរីករាលដាលយ៉ាងឆាប់រហ័ស គឺដោយសារតែខ្យល់បក់ខ្លាំង ជំរុញឱ្យអណ្ដាតភ្លើងរីករាលដាលយ៉ាងលឿន និងបានលេបត្របាក់លំនៅឋានពលរដ្ឋលើផ្ទៃទឹកប្រហែល៤ហិកតា បណ្ដាលឱ្យផ្ទះទាំងនោះឆេះខ្ទេច១០០ភាគរយ។ បញ្ហាកាន់តែធ្ងន់ធ្ងរ គឺចំពេលទឹកសមុទ្ទនាច ធ្វើឱ្យក្រុមអ្នកពន្លត់អគ្គិភ័យជួបការលំបាកក្នុងការស្វែងរកប្រភពទឹកដើម្បីបាញ់ពន្លត់។ ទោះជាការខូចខាតទ្រព្យសម្បត្តិមានទំហំធំធេងក៏ដោយ ប៉ុន្តែជាសំណាងល្អ មិនមានរបាយការណ៍អំពីអ្នករងរបួស ឬបាត់បង់ជីវិតឡើយ។ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) បានប្រកាសភ្លាមៗតាមរយៈហ្វេសប៊ុកថា រាជរដ្ឋាភិបាលសហព័ន្ធ កំពុងសម្របសម្រួលជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីផ្ដល់ជំនួយសង្គ្រោះបន្ទាន់ និងរៀបចំទីជម្រកបណ្ដោះអាសន្នជូនជនរងគ្រោះឱ្យបានឆាប់បំផុត៕




