ម៉ាឡេស៊ីសម្រេចងាកទៅទិញប្រេងពីរុស្ស៊ី ខណៈបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ស្វែងរកប្រភពថាមពលបម្រុង
N
Nary Vann
16 ម៉ោងមុន

រាជធានីគូឡាឡាំពួ៖ ម៉ាឡេស៊ី ស្ថិតក្នុងបញ្ជីប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលប្រកាសស្វែងរកការបញ្ជាទិញប្រេងពីរុស្ស៊ី ដើម្បីធានាសន្តិសុខថាមពលក្នុងស្រុក ខណៈសង្រ្គាមរវាងសហរដ្ឋអាម៉េរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់ កំពុងឈានចូលដល់សប្តាហ៍ទី៨ និងធ្វើឱ្យតម្លៃប្រេងពិភពលោកហក់ឡើងខ្ពស់កប់ពពក។

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) បានបញ្ជាក់កាលពីថ្ងៃសៅរ៍ទី១៨ ខែមេសា ឆ្នាំ២០២៦ ថា ក្រុមហ៊ុនប្រេងជាតិ Petronas នឹងចាប់ផ្ដើមការចរចាជាមួយរុស្ស៊ី។ លោកសង្កត់ធ្ងន់ថា៖«សំណាងល្អដែលទំនាក់ទំនងរបស់យើងជាមួយរុស្ស៊ីនៅតែល្អប្រសើរ ដូច្នេះក្រុមការងារ Petronas អាចចរចាជាមួយពួកគេបាន»។ លោក អាន់វ៉ា ក៏បានកត់សម្គាល់ផងដែរថា សូម្បីតែប្រទេសមួយចំនួននៅទ្វីបអឺរ៉ុប និងអាម៉េរិក ដែលធ្លាប់ដាក់ទណ្ឌកម្មរុស្ស៊ី ក៏កំពុងតែប្រកួតប្រជែងគ្នាទិញប្រេងពីរុស្ស៊ីវិញដែរ នៅពេលនេះ។ 

លោកអាន់វ៉ា អ៊ីប្រាហ៊ីម
លោកអាន់វ៉ា អ៊ីប្រាហ៊ីម

ការសម្រេចចិត្តរបស់ប្រទេសម៉ាឡេស៊ីនេះ ធ្វើឡើងស្របពេលបណ្ដាប្រទេសជិតខាងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ បាននិងកំពុងតម្រង់ជួរគ្នាឆ្ពោះទៅរករុស្ស៊ីដូចគ្នា ដើម្បីដោះស្រាយបញ្ហាអសន្តិសុខថាមពលរៀងៗខ្លួន។ កាលពីដើមសប្តាហ៍ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ានតូ (Prabowo Subianto) បានចំណាយពេលពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) យ៉ាងស៊ីជម្រៅក្នុងរដ្ឋធានីមូស្គូ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រលើវិស័យប្រេង និងឧស្ម័ន ខណៈហ្វីលីពីនដែលជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាម៉េរិក ក៏បានស្នើសុំការលើកលែងដើម្បីទិញប្រេងពីរុស្ស៊ី បន្ទាប់ពីប្រទេសនេះប្រកាសអាសន្នផ្នែកថាមពលជាតិ។ 

លើសពីនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជិញ (Pham Minh Chinh) ក៏បានធ្វើទស្សនកិច្ចនៅរុស្ស៊ី ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការប្រេង និងឧស្ម័នផងដែរ។ ចរន្តនៃការពឹងផ្អែកលើថាមពលរុស្ស៊ីនេះ កាន់តែមានភាពចាំបាច់ខ្លាំងឡើង បន្ទាប់ពីអ៊ីរ៉ង់ប្តូរចិត្តបិទច្រកសមុទ្ទហ័រមូស្សជាថ្មី ដែលជាសរសៃឈាមដឹកជញ្ជូនប្រេងដ៏សំខាន់បំផុតរបស់ពិភពលោក បង្កឱ្យមានភាពមិនច្បាស់លាស់កាន់តែខ្លាំងចំពោះខ្សែសង្វាក់ផ្គត់ផ្គង់ថាមពលសកលនាពេលខាងមុខ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត