ម៉ាឡេស៊ីទាត់ចោលគំនិតយកកម្រៃជើងសារ លើនាវាឆ្លងកាត់ច្រកសមុទ្ទម៉ាឡាកា
ហៀប ស៊ីថេត
2 ម៉ោងមុន

រាជធានីគូឡាឡាំពួរ៖ រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក មហាម៉ាដ ហាសាន (Mohamad Hasan) បញ្ជាក់ថា រាល់ការសម្រេចចិត្តណាមួយដែលពាក់ព័ន្ធនឹងច្រកសមុទ្ទម៉ាឡាកា មិនអាចធ្វើឡើងដោយឯកតោភាគី ឬភាគីតែម្ខាងបានឡើយ បណ្ដាប្រទេសក្នុងតំបន់ ត្រូវតែអនុវត្តតាមវិធីសាស្ដ្រផ្អែកលើកុងសង់ស៊ីស ឬការយល់ព្រមជាឯកច្ឆន្ទ ចំពោះសន្តិសុខដែនសមុទ្ទ...។

លោក មហាម៉ាដ ហាសាន
លោក មហាម៉ាដ ហាសាន

លោកកត់សម្គាល់ថា ប្រទេសម៉ាឡេស៊ី សិង្ហបុរី ឥណ្ឌូណេស៊ី និងថៃ យល់ច្បាស់លើបញ្ហានេះ ហើយកំពុងធ្វើការល្បាតរួមគ្នានៅតាមបណ្តោយច្រកសមុទ្ទ ដើម្បីធានាបាននូវសុវត្ថិភាពសម្រាប់ការធ្វើដំណើរនៃនាវាទាំងហ្លាយ។ «អ្វីក៏ដោយដែលត្រូវធ្វើនៅក្នុងច្រកសមុទ្ទម៉ាឡាកា ត្រូវតែមានការចូលរួមសហការពីប្រទេសទាំង៤។ នោះគឺជាការយល់ព្រមរបស់យើង គឺមិនអាចធ្វើឡើងដោយឯកតោភាគីបានទេ» នេះជាសម្តីរបស់លោក មហាម៉ាដ ហាសាន ដែលត្រូវបានដកស្រង់ដោយកាសែត BERNAMA។

រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីរូបនេះ បានសង្កត់ធ្ងន់ថា៖«នេះក៏ព្រោះតែនៅពេលដែលយើងបានឈានដល់កិច្ចព្រមព្រៀងរួមគ្នា លើការល្បាត និងសន្តិសុខនៃច្រកសមុទ្ទម៉ាឡាកា វាគឺជាមូលដ្ឋានគ្រឹះ ពោលគឺគ្មានការសម្រេចចិត្តឯកតោភាគីណាមួយកើតឡើងឡើយ។ អាស៊ានទាំងមូល គឺផ្អែកលើកុងសង់ស៊ីស។ សូម្បីតែនៅកម្រិតអនុគណៈកម្មាធិការ ក៏គ្រប់យ៉ាងត្រូវផ្អែកលើកុងសង់ស៊ីសដែរ»។

សូមជម្រាបថា ការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី ធ្វើឡើងចំពេលដែលមានភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយនៅមជ្ឈិមបូព៌ា ជាពិសេស នៅច្រកសមុទ្ទហ័រមូស្សត្រូវបានបិទខ្ទប់ និងបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី លោក ពូរបាយ៉ា យុទ្ធី សាដេវ៉ា (Purbaya Yudhi Sadewa) បានលើកឡើងនូវគំនិតនៃការយកកម្រៃ ឬពន្ធ លើនាវាដែលឆ្លងកាត់ច្រកសមុទ្ទម៉ាឡាកា៕

លោក ពូរបាយ៉ា យុទ្ធី សាដេវ៉ា 
លោក ពូរបាយ៉ា យុទ្ធី សាដេវ៉ា 
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត