
រាជធានីភ្នំពេញ៖ ក្នុងរយៈពេល១០ខែមកនេះ គ្រឹះស្ថានអង្គររកចំណូលបានជាង ៣៥លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ឱ្យភ្ញៀវទេសចរអន្តរជាតិជាង៧៦ម៉ឺននាក់។ បើតាមសេចក្តីប្រកាសព័ត៌មានប្រចាំខែរបស់គ្រឹះស្ថានអង្ករ ចេញផ្សាយនៅថ្ងៃទី១វិច្ឆិកា ឆ្នាំ២០២៥ ចំណូលនេះមានការថយចុះ១,១៥ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤...។

យ៉ាងណា បើយោងតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរដដែល សម្រាប់ការលក់សំបុត្រចូលទស្សនា ប្រាសាទកោះកែ គិតចាប់ពីខែមករា រហូតដល់ខែតុលា ឆ្នាំ២០២៥ ទទួលបានចំណូលប្រមាណជាង២៣ម៉ឺនដុល្លារ។ ចំណែកចំណូលពីការលក់សំបុត្រទូកវិញ មានជាង១លានដុល្លារ។ ចំពោះស្ថិតិភ្ញៀវទេសចរបរទេសដែលបានទិញសំបុត្រចូលទស្សនា រមណីយដ្ឋានអង្គរ ក្នុងខែតុលា មានត្រឹមតែជាង៦ម៉ឺននាក់ប៉ុណ្ណោះ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ មានការថយចុះប្រមាណជាង ១៨ភាគរយ។ គួរជ្រាបថា ក្នុងរយៈពេល១០ខែដើមឆ្នាំនេះ រាជរដ្ឋាភិបាលបានឧបត្ថម្ភថវិកាដែលប្រមូលបានពីវិស័យទេសចរណ៍នេះចូលទៅក្នុងមូលនិធិនៃមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជាជាង១,៥លានដុល្លារ ដើម្បីជួយទ្រទ្រង់ក្នុងមូលនិធិសម្រាប់សង្គ្រោះជីវិតកុមារកម្ពុជា៕




