
ក្រុងសៀមរាប៖ ភ្ញៀវទេសចរបរទេស ជាពិសេស ទេសចរឥណ្ឌា បានទៅទស្សនាកម្សាន្តតំបន់រមណីយដ្ឋានអង្គរ កំពុងមានកំណើនគួរឱ្យកត់សម្គាល់។ នេះបើតាមការបញ្ជាក់របស់លោក លី សែ អគ្គនាយកគ្រឹះស្ថានអង្គរ ផ្សាយដោយមន្ទីរព័ត៌មានខេត្តសៀមរាប នៅថ្ងៃទី៣០ធ្នូ…។

អគ្គនាយកគ្រឹះស្ថានអង្គរ បានឱ្យដឹងថា រយៈពេលមួយសប្ដាហ៍ គិតចាប់តាំងពីថ្ងៃទី២០ធ្នូ ឆ្នាំ២០២៥មក ភ្ញៀវទេសចរបរទេសដែលបានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ មានការកើនឡើងច្រើន ក្នុងនោះ រួមមាន៖ ទេសចរជនជាតិជប៉ុន កូរ៉េ និងទេសចរប៉ែកអឺរ៉ុប ជាពិសេស ទេសចរជនជាតិឥណ្ឌា យ៉ាងច្រើនផងដែរ។ លោកអះអាងថា៖«តាំងពីថ្ងៃទី២០ធ្នូមក ភ្ញៀវទេសចរបរទេសចន្លោះ២៥០០នាក់ ទៅដល់៣៨០០នាក់ក្នុងមួយថ្ងៃ បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ»។

ក្នុងនាមគ្រឹះស្ថានអង្គរ លោក លី សែ រំពឹងថានៅដើមខែមករា ឆ្នាំ២០២៦ កម្ពុជានឹងទទួលបានភ្ញៀវទេសចរបរទេស ជាពិសេស ភ្ញៀវទេសចរឥណ្ឌាកាន់តែច្រើនឡើងថែមទៀត។ ទន្ទឹមនឹងភ្ញៀវមកកម្សាន្តច្រើន លោកបានជំរុញឱ្យអ្នកពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ ខិតខំបន្ថែមទៀតក្នុងការទទួលបដិសណ្ឋារកិច្ចភ្ញៀវឱ្យបានល្អ ខណៈឥណ្ឌា គឺជាទីផ្សារដ៏ធំមួយសម្រាប់ទេសចរណ៍កម្ពុជា។ សូមជម្រាបថា កំណើនទេសចរបរទេសមកកម្សាន្តនៅទឹកដីអង្គរ ខេត្តសៀមរាប ដោយសារកម្ពុជាជាទឹកដីដែលមានតំបន់ទេសចរណ៍សម្បូរបែប ជាពិសេស មានប្រាង្គប្រាសាទសិលាដ៏ល្អឯក ដែលដូនតាខ្មែរបានបន្សល់ទុក។

កំណើនទេសចរបរទេស ជាពិសេស ទេសចរឥណ្ឌា មកកម្សាន្តនៅខេត្តសៀមរាប ក៏កើតឡើងក្រោយយោធាថៃឈ្លានពាន បានបំផ្លាញរូបសំណាកព្រះវិស្ណុ នៅច្រកអានសេះ ក្នុងទឹកដីកម្ពុជា កាលពីពេលថ្មីៗ ជាហេតុធ្វើឱ្យអ្នកកាន់សាសនាហិណ្ឌូជាច្រើនលើពិភពលោក រួមទាំងជនជាតិឥណ្ឌាផង បាននាំគ្នារិះគន់ និងថ្កោលទោស ដោយបានចាត់ទុកសកម្មភាពរបស់ថៃ ជាទង្វើខ្វះការគោរព គ្មានអរិយធម៌ និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់មនោសញ្ចេតនារបស់អ្នកកាន់សាសនា នៅជុំវិញពិភពលោក។ ជនជាតិឥណ្ឌាជាច្រើន បាននាំគ្នាអំពាវនាវឱ្យមានការធ្វើពហិការកុំទៅលេងប្រទេសថៃទៀតផង៕






