
រាជធានីភ្នំពេញ៖ ក្រសួងទេសចរណ៍បង្ហាញរបាយការណ៍ថា ក្នុងរយៈពេល១១ខែ ឆ្នាំ២០២៥នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិសរុបជិត៥,២លាននាក់…។

ក្នុងចំណោមភ្ញៀវអន្តរជាតិជាង៥លាននាក់ ទេសចរចិនឈរនៅលេខរៀងទី១ ដែលបានមកលេងប្រទេសកម្ពុជាច្រើនជាងគេ រហូតដល់ជាង១លាននាក់ កើនឡើងជាង៤៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ ថ្លែងក្នុងពិធីបើក «វេទិកាជំនួបផ្គូផ្គងធុរកិច្ចទេសចរណ៍អន្តរជាតិ កម្ពុជា-ចិន» នាពេលថ្មីៗ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ គូសបញ្ជាក់ថា កម្ពុជាត្រូវតែត្រៀមលក្ខណៈសម្បត្តិឱ្យគ្រប់គ្រាន់ និងរួចរាល់ក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរបរទេស ជាពិសេសភ្ញៀវទេសចរ និងវិនិយោគិនចិន តាមរយៈការសម្រួលបរិយាកាសទទួលបដិសណ្ឋារកិច្ចដល់ភ្ញៀវ និងវិនិយោគិនបរទេសនៅកម្ពុជា។

លោករដ្ឋមន្រ្តីបានជំរុញគ្រប់ភាគីទាំងអស់ ត្រូវបន្តជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា កាលានុវត្តភាពវិនិយោគ ជាពិសេស ការលើកលែងទិដ្ឋាការដល់ប្រជាជនចិននាឆ្នាំ២០២៦ ឱ្យបានទូលំទូលាយ ដើម្បីបង្កើនចំនួនភ្ញៀវទេសចរបរទេស ជាពិសេស ភ្ញៀវទេសចរចិន មកទស្សនាកម្ពុជាឱ្យកាន់តែច្រើនបន្ថែមទៀត។ ការរីកចម្រើននៃវិស័យទេសចរណ៍ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ដែលបានរួមចំណែកក្នុងការជំរុញម៉ាក្រូសេដ្ឋកិច្ច និងការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេស វិស័យឯកជនឱ្យកាន់តែរស់រវើក តាមរយៈការលើកកម្ពស់បរិយាកាសធុរកិច្ច និងវិនិយោគ ជាប្រភពបង្កើតការងារ ចំណូល និងចលករជំរុញសកម្មភាពសេដ្ឋកិច្ចសម្រេច បានកំណើនជាបន្តបន្ទាប់៕




