
រាជធានីភ្នំពេញ៖ ក្នុងរយៈពេល២ខែដំបូងនៃឆ្នាំ២០២៦ មានភ្ញៀវទេសចរអន្តរជាតិប្រមាណជិត៦៩ម៉ឺននាក់ បានចូលមកលេងកម្សាន្តនៅក្នុងប្រទេសកម្ពុជា។ នេះបើតាមការបញ្ជាក់ពីលោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ក្នុងកម្មវិធី K-WAVE Peace Concert 2026 ដែលជាព្រឹត្តិការណ៍ផ្សព្វផ្សាយវប្បធម៌ដ៏សំខាន់ កាលពីល្ងាចថ្ងៃទី១៤មីនា នៅរាជធានីភ្នំពេញ...។

កម្មវិធីខាងលើ ក៏មានការចូលរួមជាសារវីដេអូរបស់លោកប្រធានាធិបតីកូរ៉េខាងត្បូង Lee Jae-myung ប្រធានក្រុមប្រឹក្សាអង្គការ Peaceful Unification Advisory Council (PUAC) និងវត្តមានផ្ទាល់ លោក គីម ចាងយ៉ុង (Kim Chang-yong) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា និងអ្នកពាក់ព័ន្ធជាច្រើនទៀត។ លោក ហួត ហាក់ ឱ្យដឹងថា ក្នុងចំណោមភ្ញៀវអន្តរជាតិជិត៦៩ម៉ឺននាក់ មានភ្ញៀវទេសចរកូរ៉េជាង១,៥ម៉ឺននាក់ ដែលចំនួននេះបង្ហាញពីសក្តានុពល និងភាពទាក់ទាញទេសចរណ៍របស់កម្ពុជា ក្នុងទីផ្សារកូរ៉េ។ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានវាយតម្លៃខ្ពស់លើគំនិតផ្តួចផ្តើមរៀបចំកម្មវិធី K-WAVE Peace Concert 2026 ដែលជាព្រឹត្តិការណ៍វប្បធម៌ដ៏មានអត្ថន័យ ដោយបានរួមចំណែកលើកពីគុណតម្លៃនៃសុខសន្តិភាព ការរួបរួមសាមគ្គីភាពគ្នា ការពង្រឹងចំណងមិត្តភាព និងការផ្លាស់ប្ដូរវប្បធម៌រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ ព្រមទាំងជំរុញការផ្លាស់ប្ដូរ និងការស្វែងយល់ពីគ្នារវាងប្រជាជននៃប្រទេសទាំងពីរតាមរយៈតន្ត្រី សិល្បៈ និងវប្បធម៌។

លោក ហួត ហាក់ គូសបញ្ជាក់ជូនភ្ញៀវជាតិ និងអន្តរជាតិ ដែលកំពុងបង្ហាញវត្តមានក្នុងព្រឹត្តិការណ៍ខាងលើ ថា កម្ពុជា ជាគោលដៅទេសចរណ៍សុវត្ថិភាព បដិសណ្ឋារកិច្ចដ៏កក់ក្ដៅ និងរាក់ទាក់សម្រាប់ភ្ញៀវទេសចរមកពីទូទាំងពិភពលោក។ លើសពីនេះ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការបង្ក្រាប និងលុបបំបាត់ដល់ឫសគល់នៃឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីធានានូវបរិយាកាសសុវត្ថិភាព និងទំនុកចិត្តសម្រាប់ភ្ញៀវទេសចរ ប្រជាពលរដ្ឋ និងវិនិយោគិន មកពីទូទាំងពិភពលោក៕





