
រដ្ឋធានីសេអ៊ូល៖ ធ្លាប់តែឈ្លោះគ្នាបែកផ្សែង ហើយស្អប់គ្នាដល់ឆ្អឹង ពេលនេះ ប្រទេសកូរ៉េខាងត្បូង និងជប៉ុន បានព្រមព្រៀងគ្នានៅថ្ងៃអង្គារទី១៩ ខែឧសភានេះ ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើការផ្គត់ផ្គង់ឧស្ម័នធម្មជាតិរាវ និងប្រេងឆៅ រួមទាំងការរៀបចំស្តុកទុក និងដោះដូរផលិតផលប្រេងកាតថែមទៀតផង។ នេះបើតាមការបញ្ជាក់ពីមេដឹកនាំនៃប្រទេសទាំង២...។

ប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ជេម្យុង (Lee Jae Myung) និងនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី សាណាអេ តាកៃឈី (Sanae Takaichi) បានថ្លែងថា ពួកគេនឹងពង្រឹងការសម្របសម្រួល ដើម្បីធ្វើឱ្យខ្សែច្រវាក់ផ្គត់ផ្គង់ថាមពលមានស្ថិរភាព និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូអាស៊ីផ្សេងទៀត ចំពេលមានការរំខានដល់ការផ្គត់ផ្គង់ ដែលបង្កឡើងដោយសង្គ្រាមនៅតំបន់ឈូងសមុទ្ទ បាននិងកំពុងដាក់សម្ពាធលើសេដ្ឋកិច្ចខ្លាកំណាចអាស៊ីទាំង២។ លោក លី ជេម្យុង បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍រួមថា៖«អស្ថិរភាពនាពេលថ្មីៗនេះនៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ និងទីផ្សារថាមពល ដែលបណ្ដាលមកពីស្ថានភាពនៅមជ្ឈិមបូព៌ា បានជំរុញឱ្យឃើញកាន់តែច្បាស់ពីតម្រូវការនៃកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប្រទេសទាំង២របស់យើង»។

ចំណែក លោកស្រី សាណាអេ តាកៃឈី បានលើកឡើងថា ភាគីទាំង២ក៏បានបង្កើតគំនិតផ្តួចផ្តើមទ្វេភាគី ដែលផ្តោតលើការពង្រឹងភាពធន់នៃការផ្គត់ផ្គង់ថាមពល រួមទាំងការបង្កើនទុនបម្រុងនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងការវាយតម្លៃសន្តិសុខថាមពលតាមរយៈវិធានការនានា ដូចជាប្រតិបត្តិការដោះដូរទៅវិញទៅមកសម្រាប់ប្រេងឆៅ ផលិតផលប្រេងកាត និងឧស្ម័នធម្មជាតិរាវ។ មេដឹកនាំទាំង២ ក៏បានបញ្ជាក់ជាថ្មីពីការសម្របសម្រួលសន្តិសុខតំបន់ឱ្យកាន់តែរឹងមាំ រួមទាំងកិច្ចសហប្រតិបត្តិការត្រីភាគីជាមួយសហរដ្ឋអាម៉េរិក។ មេដឹកនាំទាំង២ បានថ្លែងថា ដំណើរទស្សនកិច្ចនេះបានបង្ហាញពីកម្រិតនៃទំនុកចិត្តដ៏ជ្រាលជ្រៅរវាងប្រទេសទាំង២ និងការពង្រឹងកិច្ចសហប្រតិបត្តិការនៃទំនាក់ទំនងក្នុងតំបន់ និងសេដ្ឋកិច្ច៕



