៥ខែទឹកកខ្វក់ជាង១០លានម៉ែត្រគូប ត្រូវរាំងខ្ទប់មិនឱ្យហូរចូលទៅបំផ្លាញប្រព័ន្ធទឹកសាធារណៈ
អុន សម្ផស្ស
13 ម៉ោងមុន

រាជធានីភ្នំពេញ៖ គិតចាប់ពីខែមករា ដល់ដំណាច់ខែឧសភា ឆ្នាំ២០២៦ ក្រសួងបរិស្ថាន បន្តទប់ស្កាត់រារាំងទឹកកខ្វក់ជាង១០លាន៧សែនម៉ែត្រគូប មិនឱ្យហូរចូលក្នុងប្រភពទឹកធម្មជាតិ ខណៈបើគិតពីឆ្នាំ២០២៥រហូតមកដល់បច្ចុប្បន្ន ទឹកកខ្វក់សរុបជាង ៣០លានម៉ែត្រគូបត្រូវទប់ស្កាត់មិនឱ្យហូរចូលទៅបំពុលប្រភពទឹកសាធារណៈ..។

ក្រសួងបរិស្ថានបង្ហាញរបាយការណ៍ នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦នេះ ដោយលើកឡើងថា ដើម្បីការពារសុខភាពសាធារណៈ និងនិរន្តរភាពបរិស្ថាន ក្រសួងបានពង្រឹងការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹង ស្របតាមក្រមបរិស្ថាន, ធនធានធម្មជាតិ, បទដ្ឋានគតិយុត្តមួយចំនួនជាធរមាននៅកម្ពុជា។ តម្រូវឱ្យរោងចក្រ សហគ្រាសទាំងអស់ដែលមានសក្តានុពលប្រភពបំពុល និងបញ្ចេញសំណល់រាវ ដំឡើងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ និងបំពាក់ឧបករណ៍ស្វ័យប្រវត្តិតាមដានគុណភាពទឹក ព្រមទាំងចុះត្រួតពិនិត្យ និងវាយតម្លៃគុណភាពទឹកជាប្រចាំនៅទូទាំងប្រទេស។ ក្នុងនោះ ក្រសួងអះអាងថា មានរោងចក្រ ក្រុមហ៊ុន និងសហគ្រាស ដែលមានហានិភ័យខ្ពស់បានបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យគុណភាពទឹក និងបញ្ជូនទិន្នន័យផ្ទាល់មកក្រសួងចំនួន៥៩ទីតាំង និងមានរោងចក្រ សហគ្រាស ជាង១០ទីតាំងផ្សេងទៀតបានចុះកិច្ចសន្យា បំពាក់ឧបរណ៍ស្វ័យត្រួតពិនិត្យទឹកកខ្វក់ ជាបន្តបន្ទាប់គិតមកដល់ពេលនេះ។

ជាការកត់សម្គាល់ កន្លងទៅក្រសួងបរិស្ថាន តែងរកឃើញរោងចក្រមួយចំនួនលួចបញ្ចេញសំណល់ទឹកកខ្វក់បង្កឱ្យមានការបំពុលទឹកសាធារណៈ។ ជាទូទៅ ក្រោយរកឃើញមានរោងចក្រ ឬក្រុមហ៊ុនណាមួយបញ្ចេញសំណល់រាវចូលក្នុងប្រភពទឹកសាធារណៈ ក្រសួងតែងតែដាក់វិធានការឱ្យក្រុមហ៊ុនទាំងនោះ ផ្តល់សំណងតាមច្បាប់ទៅឱ្យជនរងគ្រោះ ជាពិសេស ត្រូវសាងសង់អាងប្រព្រឹត្តិកម្មសំណល់រាវឱ្យរួចរាល់សិន ទើបអាចអនុញ្ញាតឱ្យដំណើរការវិញ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត