
រដ្ឋធានីប៉ារីស៖ ភ្លើង បានឆាបចេះឡើងជាច្រើនកន្លែងក្នុងរដ្ឋធានីប៉ារីស ប្រទេសបារាំង ហើយចលាចលក៏បានកើតឡើង។ អណ្តាតភ្លើង ការវាយកម្ទេចអ្វីៗជាច្រើន និងចលាចលដ៏ចម្លែកនេះ មិនមែនផ្ទុះឡើងពីមហាបាតុកម្មរបស់ប្រជាជនបារាំង ប្រឆាំងនឹងរដ្ឋាភិបាលខ្លួននោះទេ តែដោយសារគ្រាប់បាល់១គ្រាប់នៅវិនាទីចុងក្រោយទៅវិញ។

នៅយប់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ ក្រុមបាល់ទាត់ PSG (Paris Saint-Germain) របស់បារាំង និងក្រុមបាល់ទាត់ Arsenal របស់អង់គ្លេ បានប្រកួតគ្នាដណ្តើមពានរង្វាន់ UCL (UEFA Champions League) នៅវគ្គផ្តាច់ព្រ័ត្រ ក្នុងពហុកីឡដ្ឋាន ប្រទេសហុងគ្រី។ ចប់ម៉ោងប្រកួត ជើងខ្លាំងទាំង២ក្រុមនេះ គ្មានខាងណាឈ្នះឡើយ គឺទទួលបាន១គ្រាប់ស្មើគ្នា។

ចូលដល់ដំណាក់កាលរកគ្រាប់បាល់តាមរយៈការស៊ុតបាល់ប៉េណាល់ទី! ក្រុមបាល់ទាត់ទាំង២ ស៊ុតចូលគ្រាប់២ដូចគ្នា ធ្វើឱ្យគ្រាប់បាល់ទាំងសងខាងឡើងដល់៣ទល់នឹង៣ស្មើគ្នាដដែល តែគ្រាប់បាល់ចុងក្រោយ ក្រុម PSG ជាអ្នកស៊ុតចូល ដោយកីឡាករខ្សែការពារ លូកាស ប៊េរ៉ាល់ដូ (Lucas Beraldo)។ ពេលនោះ សំឡេងហ៊ោកញ្ជ្រៀងបានផ្ទុះឡើងក្នុងពហុកីឡដ្ឋាន ប្រទេសហុងគ្រី។

ចំណែកក្រុមអ្នកគាំទ្រ ដែលទស្សនាពីចម្ងាយក្នុងរដ្ឋធានីប៉ារីសឯណោះវិញ បាននាំគ្នាចេញមកខាងក្រៅអគារ និងប្រមូលផ្តុំគ្នានៅតាមទីតាំងសាធារណៈយ៉ាងច្រើនកុះករ ដើម្បីធ្វើសកម្មភាពផ្សេងៗ បង្ហាញការអបអរសាទរចំពោះជ័យជម្នះជាប្រវត្តិសាស្រ្តនេះ ដូចជា អុជកាំជ្រួច ជាដើម។

ប៉ុន្តែ ដោយសារការរំជួលចិត្តខ្លាំងពេក ពួកគេ ក៏ប្រែជាបាត់បង់ស្មារតីលែងដឹងខុសត្រូវទៅវិញ ដោយពួកគេ មិនត្រឹមតែអុជកាំជ្រួចនោះទេ ថែមទាំងដុតអ្វីៗផ្សេងទៀត ដែលជាទ្រព្យសម្បត្តិសាធារណៈ និងជារបស់ឯកជន ហើយអ្នកខ្លះ ដើរទៅវាយកម្ទេច និងគប់បំបែកកញ្ចក់ហាង ភោជនីយដ្ឋាន និងផ្ទះសម្បែងរបស់អ្នកដទៃយ៉ាងអនាធិបតេយ្យ។ លើសពីនេះ ពួកគេ បានប្រមូលកង់ជាច្រើនគ្រឿង និងធុងសំរាម យកទៅដាក់កណ្តាលផ្លូវ ហើយដុតកម្ទេចចោល។ មិនទាន់អស់ទេ! រថយន្តទំនើបៗជាច្រើនគ្រឿង ត្រូវពួកគេលើកឱ្យក្រឡាប់ផ្ងារឡើងលើ វាយកម្ទេច និងដុតចោល។

ត្រឹមមួយប៉ប្រិចភ្នែក រដ្ឋធានីប៉ារីស ជាបេះដូងប្រទេសបារាំង ក៏ជួបភាពចលាចល និងភាពរញ៉េរញៃពេញទឹកពេញដី ហើយចរាចរណ៍តាមមហាវិថីជាច្រើន ត្រូវកកស្ទះ។ សូម្បីទីក្រុង ឬទីតាំងផ្សេងទៀតនៅក្រៅរដ្ឋធានីប៉ារីស ក៏ផ្ទុះចលាចលដូចគ្នានេះដែរ។ កងកម្លាំងរាប់ពាន់នាក់ ប្រញប់ចេញពីបន្ទាយទៅទប់ស្កាត់ ប្រៀបដូចជាបង្ក្រាបមហាបាតុកម្មដ៏ធំសម្បើមដូច្នេះដែរ។ កងកម្លាំង បានបាញ់ឧស្មាន់បង្ហូរទឹកភ្នែក ដើម្បីបំបែកក្រុមអ្នកគាំទ្របាល់ទាត់ដែលបាត់វិចារណញ្ញាណទាំងនោះ។ អ្នកខ្លះ ហ៊ានតដៃវិញ បង្កឱ្យកងកម្លាំងមួយចំនួនធំត្រូវរបួស។

ទោះយ៉ាងណា ក្រោមការបង្ក្រាបដោយកងកម្លាំងសមត្ថកិច្ច ភាពចលាចលនេះ បានស្ងប់រម្ងាត់ទៅវិញហើយ។ សារព័ត៌មានអន្តរជាតិនានា ផ្សាយនៅថ្ងៃទី១ ខែមិថុនានេះថា មកដល់ពេលនេះ មានមនុស្សដល់ទៅជិត៨០០នាក់ត្រូវចាប់ខ្លួនយកទៅឃុំ និងមានកងកម្លាំងសមត្ថកិច្ចជិត៦០នាក់បានត្រូវរបួស។

ប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុង (Emmanuel Macron) ប្រកាសថ្កោកទោសយ៉ាងខ្លាំងក្លា ចំពោះការប្រើហិង្សា និងការបំផ្លិចបំផ្លាញទាំងកម្រោលនេះ។ លោក ផ្ញើសារទៅប្រជាជនបារាំងដែលបង្កបញ្ហាទាំងនោះថា ទង្វើរបស់ពួកគេ មិនមែនជាស្មារតីបាល់ទាត់ ឬជាស្មារតីកីឡាឡើយ ហើយក៏មិនមែនជាអ្វីដែលជាតិសាសន៍បារាំងចង់ឃើញលើកក្រោយទៀតដែរ។ ជ័យជម្នះ ដែលបង្កើតទៅជាចលាចលស្ទើរតែមិនអាចគ្រប់គ្រងបានបែបនេះ គឺជារឿងចម្លែកបំផុតក្នុងប្រវត្តិសាស្រ្តបាល់ទាត់៕



