
សិង្ហបុរី៖ ក្នុងវេទិកាការពារជាតិឈានមុខគេប្រចាំតំបន់អាស៊ី ឬសាំងហ្គ្រី-ឡា (Shangri-La Dialogue) កាលពីថ្ងៃសុក្រ ទី២៩ ខែឧសភា មេដឹកនាំកំពូលរបស់វៀតណាម លោក តូ ឡឹម (To Lam) បានអះអាងថា ពិភពលោកកំពុងញាំញីដោយហានិភ័យ និងភាពមិនប្រាកដប្រជាជាច្រើន ដែលបណ្តាប្រទេសនានាត្រូវតែប្រឈមមុខដោះស្រាយដោយផ្ទាល់ ជាពិសេសការគោរពបទដ្ឋានអន្តរជាតិ។

តាមរយៈសុន្ទរកថារបស់ខ្លួន លោកបានបញ្ជាក់ថា បញ្ហាប្រឈមដែលពិភពលោកកំពុងជួបប្រទះ រួមមាន៖ ការចុះខ្សោយនៃច្បាប់ និងបទដ្ឋានអន្តរជាតិ, វិបត្តិនៃគំរូអភិវឌ្ឍន៍ ដូចជាកំណើនសេដ្ឋកិច្ចយឺតយ៉ាវ និងការប្រែប្រួលអាកាសធាតុ, និងវិបត្តិទំនុកចិត្តរវាងបណ្តាប្រទេសនានា។ល។ លោក តូ ឡឹម បានសង្កត់ធ្ងន់ថា៖«វិបត្តិទាំងនេះ មិនមែនជាតថភាពដែលមិនអាចជៀសវាងបាន ហើយបង្ខំឱ្យយើងត្រូវតែទទួលយកនោះទេ»។ លោកបានអំពាវនាវឱ្យពង្រឹងច្បាប់អន្តរជាតិ ការបង្កើតកម្លាំងចលករកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន និងនិរន្តរភាព ក៏ដូចជាការចាប់ផ្តើមឱ្យមានកិច្ចសន្ទនា និងតម្លាភាព។

កិច្ចពិភាក្សាសាំងហ្គ្រី-ឡា គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំនៅប្រទេសសិង្ហបុរី ហើយប្រព្រឹត្តទៅរហូតដល់ថ្ងៃអាទិត្យទី៣១ ខែឧសភា ដោយមានការចូលរួមពីសំណាក់រដ្ឋមន្ត្រីការពារជាតិ មេទ័ព ប្រធានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ អ្នកការទូត អ្នកវិភាគ និងក្រុមហ៊ុនផលិតអាវុធ។ រដ្ឋមន្ត្រីការពារជាតិអាម៉េរិក លោក ភីត ហេកសេត (Pete Hegseth) រួមទាំងសមភាគីមកពីប្រទេសអូស្ត្រាលី អង់គ្លេស បារាំង ជប៉ុន និងប្រទេសដទៃទៀត ក៏បានចូលរួមដែរ។ ដោយឡែក អវត្តមានដ៏គួរឱ្យកត់សម្គាល់ គឺលោក ដុង ជុន (Dong Jun) ជារដ្ឋមន្រ្តីការពារជាតិរបស់ប្រទេសចិន ដែលបានខកខានមិនបានចូលរួមព្រឹត្តិការណ៍នេះ២ឆ្នាំជាប់ៗគ្នា៕




