
រដ្ឋធានីហាណូយ៖ រដ្ឋាភិបាលវៀតណាម បានប្រកាសជាផ្លូវការកាលពីថ្ងៃទី៣០ឧសភា ម្សិលមិញថា ប្រទេសវៀតណាម នឹងធ្វើការដោះលែងអ្នកទោសចំនួន៩៩៥០នាក់ឱ្យមានសេរីភាពឡើងវិញ នៅដើមខែមិថុនាខាងមុខ ក្រោមក្រឹត្យលើកលែងទោសពិសេសដែលចុះហត្ថលេខាដោយអគ្គលេខាធិការបក្ស និងជាប្រធានាធិបតីវៀតណាម លោក តូ ឡឹម (Tô Lâm)។

អនុរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈវៀតណាម លោក ឡេ វ៉ាន់ទៀន (Lê Văn Tuyên) បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានថា ការលើកលែងទោសទ្រង់ទ្រាយធំនៅឆ្នាំនេះ គឺធ្វើឡើងដើម្បីអបអរសាទរដល់ភាពជោគជ័យនៃមហាសន្និបាតបក្សកុម្មុយនីស្ដ ដែលប្រារព្ធឡើងរៀងរាល់៥ឆ្នាំម្ដង និងជោគជ័យនៃការបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភាជាតិ កាលពីខែមីនាកន្លងទៅ។ នៅក្នុងចំណោមអ្នកទោសជិត ១ម៉ឺននាក់ដែលត្រូវដោះលែងនោះ ក៏មានជនបរទេសចំនួន៦៣នាក់ផងដែរ ក្នុងនោះមានបុរស៥៦នាក់ និងស្ត្រី៧នាក់ មកពីសញ្ជាតិផ្សេងៗគ្នា ប៉ុន្តែអាជ្ញាធរមិនទាន់បានទម្លាយព័ត៌មានលម្អិតពីអត្តសញ្ញាណរបស់ពួកគេនៅឡើយទេ។

ទោះជាយ៉ាងណា យោងតាមច្បាប់របស់ប្រទេសវៀតណាម អ្នកទោសទាំងឡាយណាដែលត្រូវបានផ្តន្ទាទោសពីបទព្យាយាមផ្តួលរំលំរដ្ឋាភិបាល ឬបទល្មើសភេរវកម្ម គឺដាច់ខាតមិនត្រូវបានអនុញ្ញាតឱ្យមានឈ្មោះក្នុងបញ្ជីលើកលែងទោសឡើយ។ គួរបញ្ជាក់ថា វៀតណាមមានទម្លាប់ប្រកាសលើកលែងទោសដល់អ្នកទោសមុនពេលមានព្រឹត្តិការណ៍ជាតិធំៗ ដោយកាលពីឆ្នាំមុន វៀតណាមបានបំបែកកំណត់ត្រាដោះលែងអ្នកទោសរហូតដល់ទៅជាង២២០០០នាក់ ដើម្បីអបអរខួប៥០ឆ្នាំនៃថ្ងៃរំដោះទីក្រុងព្រៃនគរ ឬសៃហ្គន និងខួប៨០ឆ្នាំនៃទិវាប្រកាសឯករាជ្យជាតិ ខណៈបច្ចុប្បន្នមានអ្នកទោសសរុបប្រហែលជាង១៩០ ០០០នាក់ កំពុងជាប់ឃុំឃាំងនៅទូទាំងប្រទេស៕



