យោធាភូមាវា.យ.ប្រ.ហារក្រុមការ៉ែន ដណ្តើមបានទីក្រុងយុទ្ធសាស្ត្រជាប់ព្រំដែនថៃ
ហៀប ស៊ីថេត
11 ម៉ោងមុន

រដ្ឋធានីណៃពិដោ៖ ស្ថានភាពសង្គ្រាមស៊ីវិលនៅមីយ៉ាន់ម៉ា បន្តជះអំបែង និងដាក់សម្ពាធដល់ប្រទេសថៃ បន្ទាប់ពីកងទ័ពរដ្ឋាភិបាលមីយ៉ាន់ម៉ា ឬភូមា ប្រកាសពីជ័យជម្នះភ្លូកទឹកភ្លូកដី លើការវាយកម្ទេចក្រុមប្រដាប់អាវុធជនជាតិភាគតិចការ៉ែន ដណ្តើមការគ្រប់គ្រងទាំងស្រុងលើទីក្រុងម៉ៅតួង (Mawtaung) ជាប់ព្រំដែនថៃ។ ការដណ្តើមបានទឹកដីយុទ្ធសាស្ត្រនេះ មិនត្រឹមតែជាការបំបាក់ក្រុមការ៉ែនប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាចុតហ្មាយគំរាមដល់យោធាថៃដែលកំពុងលាក់ខ្លួនធ្វើជាខ្នងបង្អែកគាំទ្រពីក្រោយក្រុមផ្តាច់ខ្លួនមួយនេះផងដែរ...។

ទីក្រុងព្រំដែនភាគខាងត្បូងម៉ៅតួង គឺជាច្រកសេដ្ឋកិច្ចឆ្លងកាត់ព្រំដែនដ៏សំខាន់ជាមួយប្រទេសថៃ ដែលត្រូវបានកងទ័ពការ៉ែន វាយដណ្តើមយកកាលពីខែវិច្ឆិកា ឆ្នាំមុន។ យ៉ាងណា ក្រោមប្រតិបត្តិការវាយប្រហារយ៉ាងស្វិតស្វាញ ទីបំផុតយោធាមីយ៉ាន់ម៉ាបានវាយសម្រុកចូលដូចព្យុះ បង្ខំឱ្យក្រុមប្រដាប់អាវុធការ៉ែន បាក់ទ័ពរត់រកតែប្រាស់អាយុ។ យោងតាមរបាយការណ៍ផ្លូវការពីកាសែតរដ្ឋមីយ៉ាន់ម៉ា The Global New Light of Myanmar បានទម្លាយថា ប្រតិបត្តិការរំដោះទឹកដីនេះ បានឆ្លងកាត់ការផ្ទុះអាវុធប៉ះទង្គិចគ្នាទាំងធំ និងតូចចំនួនជាង២០០លើក ដោយកងទ័ពរដ្ឋាភិបាលបានផ្តាច់ជីវិតកងទ័ពការ៉ែនយ៉ាងតិច ២៤នាក់ និងដកហូតបានអាវុធយុទ្ធភណ្ឌមួយចំនួនធំ។

ជ័យជម្នះលើសមរភូមិនេះ គឺជាការវាយបំបែកយុទ្ធសាស្ត្ររបស់ក្រុមផ្តាច់ខ្លួន ដែលតែងតែប្រើប្រាស់ភូមិសាស្ត្រជាប់ព្រំដែនថៃធ្វើជាកន្លែងឈរជើង និងជាជម្រកសុវត្ថិភាព សម្រាប់ការលាក់ខ្លួន និងទទួលការផ្គត់ផ្គង់ភស្តុភារផ្សេងៗ ខណៈរំហូរអាវុធរបស់ពួកគេឆ្លងកាត់ចេញពីទឹកដីថៃ។ គួរបញ្ជាក់ថា ការបរាជ័យនៃកងទ័ពការ៉ែន គឺជាអ្វីដែលថៃមិនចង់ឮ និងមិនចង់ឃើញ ព្រោះកន្លងមកមានរបាយការណ៍ជាច្រើនបង្ហាញថា ថៃជាអ្នកចិញ្ចឹមក្រុមប្រដាប់អាវុធជនជាតិការ៉ែន និងជាអ្នកគាំទ្រនៅក្រោយការប្រកាសឯករាជ្យរបស់ក្រុមនេះ ក្នុងបំណងរក្សាឥទ្ធិពលរបស់ខ្លួននៅតាមព្រំដែន៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត