
រដ្ឋធានីណៃពិដោ៖ រដ្ឋាភិបាលមីយ៉ាន់ម៉ា បានដាក់ចេញនូវសេចក្តីព្រាងច្បាប់ថ្មីមួយ កាលពីថ្ងៃទី១៤ ខែឧសភា ដោយស្នើឱ្យមានការអនុវត្តទោសប្រហារជីវិត ចំពោះជនណាដែលចាប់បង្ខាំងមនុស្ស ឬប្រើអំពើហិង្សា ដើម្បីបង្ខំឱ្យជនរងគ្រោះធ្វើការនៅក្នុងមជ្ឈមណ្ឌលឆបោកអនឡាញ...។

ការសម្រេចចិត្តនេះ ធ្វើឡើងក្នុងគោលបំណងបង្ក្រាបទីផ្សារងងឹតនៃក្រុមអ្នកបោកប្រាស់តាមអ៊ីនធឺណិត ដែលកំពុងរីកដុះដាលយ៉ាងខ្លាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា ចំពេលមានជម្លោះផ្ទៃក្នុង។ យោងតាមខ្លឹមសារនៃ «ច្បាប់ប្រឆាំងការឆបោកអនឡាញ» នេះ ទោសប្រហារជីវិតនឹងត្រូវអនុវត្តចំពោះករណីដែលមានការប្រើអំពើហិង្សា ការធ្វើទារុណកម្ម ការចាប់ខ្លួនដោយខុសច្បាប់ ឬការធ្វើបាបយ៉ាងឃោរឃៅ ដើម្បីបង្ខំឱ្យអ្នកដទៃប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធឌីជីថល។ ក្រៅពីនេះ ច្បាប់ថ្មី ក៏បានចែងពីទោសជាប់ពន្ធនាគារអស់មួយជីវិត សម្រាប់អ្នកដែលបើកដំណើរការមជ្ឈមណ្ឌលឆបោក និងអ្នកដែលប្រព្រឹត្តបទល្មើសឆបោកប្រាក់តាមរយៈរូបិយបណ្ណឌីជីថល (Crypto scams) ផងដែរ។

វិស័យឆបោកតាមអនឡាញ បានរីកដុះដាលដូចផ្សិតនៅក្នុងប្រទេសមីយ៉ាន់ម៉ា ចំពេលមានសង្គ្រាមស៊ីវិល ដែលបានបង្កឱ្យមានភាពអសន្តិសុខ និងបង្កើតឱកាសឱ្យក្រុមឧក្រិដ្ឋជនរៀបចំជាតំបន់បន្ទាយរឹងមាំសម្រាប់ធ្វើសកម្មភាព។ ជនរងគ្រោះជាច្រើនមកពីជុំវិញពិភពលោក រួមទាំងជនជាតិចិន និងសហរដ្ឋអាម៉េរិក បានចាញ់បោកអស់ប្រាក់រាប់ពាន់លានដុល្លារ ខណៈដែលពលរដ្ឋបរទេសមួយចំនួនទៀត ត្រូវបានគេជួញដូរមកបង្ខាំងទុក និងធ្វើទារុណកម្មឱ្យធ្វើការឆបោកបន្ត។ បញ្ហានេះ បានធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងជាមួយប្រទេសចិន ដែលជាអ្នកជិតខាងដ៏សំខាន់ និងកំពុងមានការខឹងសម្បារចំពោះសកម្មភាពឧក្រិដ្ឋកម្មទាំងនេះ។ សេចក្តីព្រាងច្បាប់ដ៏តឹងរ៉ឹងនេះ គ្រោងនឹងត្រូវយកមកពិភាក្សានៅក្នុងកិច្ចប្រជុំសភានៅសប្តាហ៍ដំបូងនៃខែមិថុនាខាងមុខ ដើម្បីដាក់ឱ្យប្រើប្រាស់ជាផ្លូវការ៕




