
សិង្ហបុរី៖ នៅថ្ងៃសៅរ៍ ទី៣០ ខែឧសភា រដ្ឋមន្ត្រីក្រសួងសង្គ្រាមអាម៉េរិក លោក ភីត ហេកសេត (Pete Hegseth) បានជំរុញឱ្យបណ្តាប្រទេសសម្ព័ន្ធមិត្តនៅអាស៊ី បង្កើនការចំណាយលើវិស័យយោធា ដើម្បីទប់ទល់នឹងអំណាចយោធារបស់ចិន ដែលរះឡើងយ៉ាងឆាប់រហ័ស ហើយក៏ដើម្បីបន្សាបឥទ្ធិពលគ្រប់គ្រងរបស់ប្រទេសមហាយក្សមួយនេះនៅក្នុងតំបន់ផងដែរ។

តាមរយៈកិច្ចពិភាក្សាសាំងហ្គ្រី-ឡា (Shangri-La Dialogue) នៅប្រទេសសិង្ហបុរី លោក ហេកសេត បានថ្លែងថា សម្ព័ន្ធមិត្តត្រូវមានភាពរឹងមាំ និងម្ចាស់ការលើខ្លួនឯងជាងមុន ក្នុងការរារាំងរាល់ការគំរាមកំហែង។ លោកបានសង្កត់ធ្ងន់ថា៖«...មានការព្រួយបារម្ភយ៉ាងខ្លាំងពោះការកសាងកម្លាំងយោធាជាប្រវត្តិសាស្ត្ររបស់ចិន និងការពង្រីកសកម្មភាពយោធារបស់ខ្លួននៅក្នុងតំបន់ និងតំបន់ដទៃទៀត»។ លោក ហេកសិត បានបន្តថា៖«តំបន់ប៉ាស៊ីហ្វិក ដែលគ្រប់គ្រងដោយមហាអំណាចអនុត្តរភាពណាមួយ នឹងធ្វើឱ្យខូចតុល្យភាពអំណាចក្នុងតំបន់។ គ្មានរដ្ឋណាមួយ រួមទាំងប្រទេសចិនផងដែរ អាចមកដាក់ទណ្ឌកម្មអនុត្តរភាព និងធ្វើឱ្យសន្តិសុខនៃប្រទេសរបស់យើង ក៏ដូចជាសម្ព័ន្ធមិត្តរបស់យើង ស្ថិតក្នុងភាពសង្ស័យនោះឡើយ»។

ប្រមុខមន្ទីរបញ្ចកោណរូបនេះ រំពឹងថា សម្ព័ន្ធមិត្ត និងដៃគូនៅអាស៊ី នឹងបង្កើនការចំណាយលើវិស័យការពារជាតិរហូតដល់ ៣,៥ភាគរយនៃផលិតផលក្នុងស្រុកសរុប ខណៈអាម៉េរិកខ្លួនឯងបានប្តេជ្ញាចិត្តវិនិយោគទឹកប្រាក់ចំនួន ១,៥ពាន់ពាន់លានដុល្លារនៅក្នុងវិស័យយោធារបស់ខ្លួន។ លោកបន្ថែមថា សម្ព័ន្ធមិត្តចង់បានស្ថិរភាព មិនមែនការបង្កើនជម្លោះនោះទេ។ «អ្វីដែលពួកគេចង់បាន ហើយអ្វីដែលសហរដ្ឋអាម៉េរិកកំពុងផ្ដល់ជូន គឺកម្លាំងយោធាដែលមានវិន័យខ្ពស់ ការប្តេជ្ញាចិត្តរឹងមាំ និងភាពជាអ្នកដឹកនាំដែលមានទំនុកចិត្តគ្រប់គ្រាន់ក្នុងការនិយាយ និងដើរហើរដោយសុរាបសា ប៉ុន្តែដៃកាន់ដំបងធំ (មានន័យថា ប្រើប្រាស់ការទូតដោយសន្តិវិធី ប៉ុន្តែមានកម្លាំងយោធាដ៏ខ្លាំងក្លានៅពីក្រោយ)»។ នេះជាសម្តីដ៏មុតស្រួចរបស់ប្រមុខក្រសួងសង្គ្រាមអាម៉េរិក៕



