
រដ្ឋធានីវ៉ាស៊ីនតោន៖ សារព័ត៌មានវ៉ាស៊ីនតោនប៉ុស្តិ៍ (Washington Post) បានទម្លាយព័ត៌មានមួយ កាលពីថ្ងៃទី២៨ឧសភាថា ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ កំពុងជំរុញឱ្យមានការអនុម័តច្បាប់ថ្មីមួយ ដើម្បីដាក់រូបថតមុខរបស់លោកនៅលើក្រដាសប្រាក់២៥០ដុល្លារ (ថ្មី) ដែលជាក្រដាសប្រាក់អនុស្សាវរីយ៍ខួប២៥០ឆ្នាំ នៃការប្រកាសឯករាជ្យរបស់សហរដ្ឋអាម៉េរិក (១៧៧៦-២០២៦)។ ប្រសិនបើផែនការនេះជោគជ័យ វានឹងក្លាយជាលើកដំបូងបង្អស់ក្នុងរយៈពេលមួយសតវត្សរ៍កន្លះ ដែលរូបថតមនុស្សរស់ (ជាពិសេស គឺប្រធានាធិបតីដែលកំពុងកាន់អំណាច) ត្រូវបានបោះពុម្ពនៅលើក្រដាសប្រាក់ដុល្លារអាម៉េរិក។

រដ្ឋលេខាធិការក្រសួងរតនាគារសហរដ្ឋអាម៉េរិក លោក ស្កុត បេសសិន (Scott Bessent) បញ្ជាក់ថា បច្ចុប្បន្ន សេចក្តីព្រាងច្បាប់នេះ កំពុងស្ថិតនៅលើតុរបស់សភាតំណាងរាស្ត្រ និងព្រឹទ្ធសភា ដើម្បីកែប្រែច្បាប់សហព័ន្ធចាស់ ដែលធ្លាប់ហាមឃាត់មិនឱ្យបោះពុម្ពរូបមនុស្សរស់នៅលើក្រដាសប្រាក់។ ទោះជាយ៉ាងណា គម្រោងនេះបានជួបការតវ៉ាផ្ទៃក្នុង ដោយប្រធានការិយាល័យបោះពុម្ពក្រដាសប្រាក់ លោកស្រី ភេទ្រីកសៀ សូលីមីនេ (Patricia Solimene) បានចេញមុខព្រមានមន្ត្រីជាន់ខ្ពស់ពីផលប៉ះពាល់ផ្លូវច្បាប់ ប៉ុន្តែលោកស្រីត្រូវបានរដ្ឋបាលលោក ត្រាំ ដកតំណែងភ្លាមៗខុសពីធម្មតា។ ខាងគណបក្សប្រឆាំង បានរិះគន់យ៉ាងចាស់ដៃ លើទង្វើដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រនេះ គ្រាន់តែជាការធ្វើឡើងដើម្បីបំពេញចិត្ត និងលើកតម្កើងអំនួតបុគ្គលរបស់មេដឹកនាំវ័យ៧៩ឆ្នាំរូបនេះប៉ុណ្ណោះ។

គួរបញ្ជាក់ថា នេះមិនមែនជាលើកទីមួយទេដែលរដ្ឋបាលលោក ដូណាល់ ត្រាំ ព្យាយាមដាក់ឈ្មោះ ឬរូបថតរបស់លោកនៅលើស្ថាប័នជាតិ។ កាលពីដើមឆ្នាំ២០២៦ សហរដ្ឋអាម៉េរិក បានអនុម័តបោះពុម្ពកាក់មាសរំលឹកខួបជាតិ ដែលមានរូបលោក ត្រាំ រួចមកហើយ។ លើសពីនេះ មជ្ឈមណ្ឌលសិល្បៈសម្ដែង John F. Kennedy និងវិទ្យាស្ថានសន្តិភាពសហរដ្ឋអាម៉េរិក ក៏ត្រូវបានប្តូរឈ្មោះដោយបញ្ចូលឈ្មោះរបស់លោក ត្រាំ ផងដែរ ខណៈក្រសួងការបរទេស បានបង្ហើបថា រូបថតរបស់លោក ត្រាំ នឹងត្រូវដាក់បញ្ចូលទៅក្នុងលិខិតឆ្លងដែនរបស់ពលរដ្ឋសហរដ្ឋអាម៉េរិកក្នុងពេលឆាប់ៗខាងមុខនេះថែមទៀតផង៕



