
ក្រុងសិរីសោភ័ណ៖ ក្នុងចំណោមឧក្រិដ្ឋជនជួញដូរ និងប្រើប្រាស់គ្រឿងញៀនទាំង១៦នាក់ ដែលអាជ្ញាធរខេត្តបន្ទាយមានជ័យបង្ក្រាបបាន មានជនបរទេស១១នាក់ត្រូវបានបញ្ជូនទៅតុលាការ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦។ នេះបើតាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ត្រី ធិន ស៊ីនដេត ស្នងការរងទទួលការងារប្រឆាំងគ្រឿងញៀន ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន...។

លោកឧត្តមសេនីយ៍ត្រី ធិន ស៊ីនដេត បានឱ្យដឹងថា ក្រោមការណែនាំពីលោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមការចង្អុលបង្ហាញពីសំណាក់លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនគរបាលខេត្ត កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន បានសហការជាមួយកម្លាំងនគរបាលស្រុក/ក្រុង ដោយមានវិធានការលុបបំបាត់បទល្មើសគ្រឿងញៀន ក្នុងមូលដ្ឋានខេត្តបន្ទាយមានជ័យ ដើម្បីការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ឱ្យការរស់នៅរបស់ពួកគាត់ប្រកបដោយភាពសុខដុមរមនា។ កម្លាំងជំនាញ បានចុះប្រតិបត្តិការរយៈពេល២ថ្ងៃ ដោយបង្ក្រាបបានបទល្មើស២ករណី ឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន១៦នាក់ និងរឹបអូសវត្ថុតាងគ្រឿងញៀនបានមួយចំនួនធំ។

ករណីទី១.កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បង្ក្រាបរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៨ដល់២៩ ខែឧសភា ឆ្នាំ២០២៦ ក្នុងភូមិសាស្គ្រក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យបានចំនួន១១នាក់ ក្នុងនោះមានជនជាតិចិន៨នាក់ ជនជាតិថៃ៣នាក់ រឹបអូសគ្រឿងញៀន ក៏ដូចជាសម្ភារផ្សេងៗបានចំនួន៩ប្រភេទ ស្មើនឹង២៧ថង់តូច និងឧបករណ៍ផលិតគ្រឿងញៀនមួយចំនួនទៀត។ ករណីទី២.កម្លាំងជំនាញប្រឆាំងគ្រឿងញៀនខេត្ត បានសហការជាមួយអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ បង្ក្រាបបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ នៅភូមិបន្ទាយទី២ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ឃាត់ខ្លួនជនសង្ស័យបានចំនួន៥នាក់ និងរឹបអូសគ្រឿងញៀនចំនួន៤ថង់តូច។ យ៉ាងណា ក្រោយឃាត់ខ្លួនជនសង្ស័យទាំង១៦នាក់ និងវត្ថុតាងគ្រឿងញៀនចំនួន៣១ថង់រួចមកនោះ កម្លាំងជំនាញក៏បានកសាងសំណុំរឿង បញ្ជូនជនសង្ស័យ និងវត្ថុតាងទៅកាន់សាលាដំបូងខេត្ត ដើម្បីអនុវត្តនីតិវិធីច្បាប់បន្ត៕ រាយការណ៍ដោយ៖ ឈុន មករា








